ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ សមាគម​ទ្រទ្រង់​ការ​បោះពុម្ព និង​អប់រំ​បាន​រៀបចំ​ផ្ទាំងទស្សនីយភាព​ជា​ច្រើន​ផ្ទាំង​ស្តី​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃ​បូជា ជូន​ដល់​ពុទ្ធបរិស័ទ​យល់​ដឹង​និង​ជ្រួតជ្រាប​ពី​អត្ថន័យ​ដ៏​មាន​ន័យ ។ ការ​តាំងពិព័រណ៍​នេះ​ក្រោម​ព្រះ​អធិបតីភាព​សម្តេច​ព្រះ​មហា​សុមេធាធិបតី​ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លោក​មិន ឃិ​ន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា និង​លោកស្រី​ជា​ភរិយា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញ ។

សម្តេចព្រះ​មហាសុមេធាធិបតី​ន​ន្ទ ង៉ែត មាន​ព្រះរាជ​បន្ទូល​ថា ការ​រៀបចំ​សម្តែង​និង​ពិព័រណ៍​បង្ហាញ​ស្តី​ពី​មាឃបូជា​នេះ គឺ​ពិត​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​មិន​គាំទ្រ​ភាព​ល្ងង់ខ្លៅ ភាព​ទន់ខ្សោយ សេចក្តី​ភ័យ​ខ្លាច និង​ចំណង់​ឥត​ឆ្អែត​នោះ​ទេ ប៉ុន្តែ​ពាក្យ​ប្រៀន​ប្រដៅ​​ទាំងនេះ​ សំដៅ​ធ្វើ​ឲ្យ​មនុស្ស​មាន​ពុទ្ធិ​យល់​ដឹង​ត្រឹមត្រូវ​ដោយ​បន្សាត់​បង់ និង​បំផ្លាញ​ចោល​នូវ​អកុសលធម៌ ។

លោក​មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា កោតសរសើរ​ដល់​ព្រះ​លិខិត​បញ្ញា ប៉ែន វិបុល នាយក​ប្រតិបត្តិ​សមាគម​ទ្រទ្រង់​ការ​បោះ​ពុ​ម្ភ និង​អប់រំ​ដែល​បាន​លើកយក​ផ្ទាំងទស្សនីយភាព​នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃជា​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ដែល​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ផង និង​ថ្ងៃ​ប្រជុំ​ចតុរង្គសន្និបាត​នៃ​ព្រះអរហន្ត​ទាំង​១២៥០​អង្គ​ផង ក៏​ដូច​ជា​ការ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស ស្ថិត​ស្ថិរ​ចីរកាល​តរៀង​ទៅ ។

លោក​មិន ឃិ​ន បាន​លើក​ឡើង​ថា បន្ទាប់​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដួលរ​លំនៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ទន្ទឹម​នឹង​នោះ វិស័យ​ព្រះពុទ្ធ​សាស នា​ក៏​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ ជា​រៀង​រាល់​ឆ្នាំ​ពុទ្ធសាសនិកជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើបុណ្យ​មាឃបូជា នៅ​គ្រប់​វត្ត​អារាម​ទូ​ទាំង​ប្រទេស ដោយ​ចាត់​ទុក​ថា​ជា​ការ​បំពេញ​មហាកុសល​ដ៏​ថ្លា​ថ្លា​បំផុត ។ ចំណែក​រាជរដ្ឋាភិបាល​បាន​ចាត់ចែង​រៀបចំ​ពិធីបុណ្យ​នេះ​នៅ​បរិវេណ​ព្រះ​មហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧត្តុង្គ​) ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា រដ្ឋសភា  រាជរដ្ឋាភិបាល មន្ត្រី​រាជ​ការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ​និង​ពុទ្ធបរិស័ទ​ច្រើន​កុះករ ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ។

ព្រះ​លិខិត​បញ្ញា​ប៉ែន វិបុល នាយក​ប្រតិបត្តិ​នៃ​សមាគម​ទ្រទ្រង់​ការ​បោះពុម្ព​និង​អប់រំ​មាន​ថេរ​ដីកា​ថា ផ្ទាំងទស្សនីយភាព​ជា​ច្រើន​ផ្ទាំង​ស្តី​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​មាឃបូជា ដែល​ជា​បុណ្យ​ដ៏​ពិសិដ្ឋ​របស់​ព្រះពុទ្ធ​សាសនា សម្រាប់​ពុទ្ធសាសនិក​ទូ​ទាំង​ពិភពលោក ជា​ពិសេស​គឺ​ពុទ្ធសាសនិក​ខែ្ម​រ​យើង​តែ​ម្តង ។

ការ​ដាក់​សម្តែង​នូវ​ផ្ទាំងទស្សនីយភាព​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចង​ចាំ និង​រំលឹក​ដល់​ថ្ងៃ​ដ៏​មហា​មង្គល​ទាំង​ពីរ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង​ដែល​ព្រះ​អង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​ផង និង​ជា​ថ្ងៃ​ប្រជុំ​ចត្តុរង្គសន្និបាត​នៃ​ព្រះអរហន្ត​ទាំង​១២៥០​អង្គ ។ ពុទ្ធបរិស័ទ​គប្បី​ចង​ចាំ​នូវ​ឱវាទ​បី​យ៉ាង ដែល​ព្រះពុទ្ធ​ទ្រង់​បាន​ទូន្មាន​ដល់​ពុទ្ធសាសនិក​គ្រប់​រូប គឺ​ការ​មិន​ធ្វើ​នូវ​អំពើ​បាប​ទាំងពួង ការ​បំពេញ​នូវ​អំពើ​ដែល​ជា​អកុសល​ទាំងពួង និង​ការ​ធ្វើ​ចិត្ត​របស់​ខ្លួន ឲ្យ​ល្អ​ស្អាត​ផូរផង់ ។ លោក​មិន ឃិ​ន និង​លោកស្រី​ជា​ភរិយា​បាន​ប្រគេន​ប្រាក់​១​លាន​រៀល​នា​ឱកាស​នោះ ។