អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត សម្ពោធ​សាលា​ធម្មសភា ក្នុង​វត្ត​អង្គ​ចក ខេត្តកំពត​

ខេត្តកំពត: លោក​នឹម ច័ន្ទ​តារា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាលា​ធម្មសភា "​សាលាឆាន់ " ក្នុង​វត្ត​អង្គ​ចក​ស្ថិតនៅ​ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២២​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ កន្លងមកនេះ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន​ទេសរដ្ឋមន្ត្រី​និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ពិធី​នេះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​មកពី​៧​ឃុំ តាជី​ដូនជី លោកគ្រូ អ្នកគ្រូ យុវជន​កាកបាទក្រហម និង​សិស្ស​កាយ​រិ​ទ្ធ សិស្សានុសិស្ស ជិត​ពីរពាន់​នាក់​។​

​លោក ខៀវ ឬ​ទ្ធី​ភណ្ឌ អភិបាលស្រុក​ជុំ​គិរី បាន​មានប្រសាសន៍ថា  នៅ​ទូទាំង​ស្រុក​ជុំ​គិរី​ទាំងមូល​មាន​វត្ត​ចំនួន​១៧ និង​មាន​ព្រះសង្ឃ​ចំនួន​១១៨ អង្គ​។ ក្នុងចំណោម​វត្ត​ទាំង​១៧ វត្ត​អង្គ​ចក​ជាវ​ត្ត​មួយ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ដែល​បាន​កសាងឡើង​ក្នុងអំឡុង​ឆ្នាំ​១៩៣២​ហើយ​មាន​ឪ​ន​ភាពខ្លាំង​ដោយសារតែ​របប​សង្គម រហូតមកដល់​ឆ្នាំ​១៩៨៦​វត្ត​អង្គ​ចក​បានចាប់ផ្តើម​កសាង​ឡើងវិញ​ដោយមាន​ការអភិវឌ្ឍន៍​នូវ​សមិទ្ធិផល​បាន​យ៉ាងច្រើន មាន​កុ​ដ្ត៏​ចំនួន​៣​ខ្នង​,​សាលា​ពុទ្ធិក​បឋម​ចំនួន​មួយ​ខ្នង​,​ព្រះវិហារ​មួយ ,​ស្រះ​ទឹក​មួយ សាលា​ធម្មសភា​មួយ​ខ្នង និង​បង្គន់​អនាម័យ​មួយ​ខ្នង​មាន​បី​បន្ទប់​។​

​លោក​អភិបាលស្រុក​បាន​បន្តថា សាលា​ធម្មសភា​ដែល​សម្ពោធ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃនេះ​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ថ្លៃថ្លា​របស់លោក​បណ្ឌិត ប៉ែន ស៊ីម៉ន រួមទាំង​សប្បុរសជន​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ សាលា​ធម្មសភា​នេះ​បានចាប់ផ្តើម​កសាង​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០០៩ កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​៨៥.៩៩០ ដុល្លារ​អាមេរិក​។​

​នា​ឪ​កាស​នោះ​លោក នឹម ច័ន្ទ​តារា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​ដែល​ស្រុក​សម្រេចបាន​នាពេល​កន្លងមក​និង​សមិទ្ធផល​ថ្មី​មួយ​នេះ​ដែលជា​ការខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ក្នុងការ​គៀងគរ​ថវិកា​ដើម្បី​ឲ្យ​សាលា​ធម្មសភា​នេះ​ចេញ​ជា​រូបរាង​ឡើង​។

​ជាពិសេស​ការរក្សាបាន​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​បានល្អ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​បានផ្តល់​ឪ​កាស​ឲ្យ​ពួកគាត់​បាន​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរឡើង​មួយកម្រិត​។​

​ក្រៅពី​ការរៀបរាប់​នូវ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គិ​តិ​បណ្ឌិត​សម្តេច​តេ​ជោ ហ៊ុន សែន លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​មានប្រសាសន៍ថា ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​សម្រាប់​ការឯកភាព​ជាតិ  ការពារ​បូរណភាព​ទឹកដី  ការ​ទូន្មាន​អប់រំ​សិក្សា​ស្រាវជ្រាវ និង​រក្សាបាន​នូវ​អត្តសញ្ញាណ​របស់​ជាតិ​យើង​។​ជាពិសេស​នោះ​ការផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​យើង​នាពេល​កន្លងមក​។​

​លោក​បណ្ឌិត​បាន​បន្តថា សម្រាប់​កម្ពុជា​យើង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ចាំបាច់​ណាស់​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជា​ដរាប​ពីព្រោះ​ព្រះពុទ្ធសាសនា​បាន​ចាក់​ឬ​ស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​និង​ទំនៀមទម្លាប់​ប្រពៃណី​ប្រជាជន​ខ្មែរ​យើង​ជាច្រើន​សតវត្សរ៍​មកហើយ​។​

​គួររំលឹកថា នា​ឪ​កាស​នោះ​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន បាន​ឧបត្ថម្ភ​ដែល​អ្នកចូលរួម សិស្សានុសិស្ស យុវជន​កាកបាទក្រហម​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​មួយ​ម៉ឺន​រៀល​។ ដោយ ឡែក​តាជី ដូនជី ៣៦០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រណាត់សរ​មួយ​ដុំ​និង​ថវិកា​មួយ​ម៉ឺន​រៀល និង​បានចេញ​ថវិកា​រាល់​ការចំណាយ​ផ្សេងៗ​ដូចជា​ក្រុម​ល្ខោន ក្រុម​តន្ត្រី និង​ការរៀបចំ​កម្មវិធី​ទាំងមូល​។ បន្ថែម​ពីលើ​នេះ​លោក​បណ្ឌិត​បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល​និង​លោក​នឹម ច័ន្ទ​តារា ១​លាន​រៀល​ដើម្បី​ជួសជុល​សាលារៀន​ផងដែរ​៕

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត សម្ពោធ​សាលា​ធម្មសភា ក្នុង​វត្ត​អង្គ​ចក ខេត្តកំពត​

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត សម្ពោធ​សាលា​ធម្មសភា ក្នុង​វត្ត​អង្គ​ចក ខេត្តកំពត​

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត សម្ពោធ​សាលា​ធម្មសភា ក្នុង​វត្ត​អង្គ​ចក ខេត្តកំពត​

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត សម្ពោធ​សាលា​ធម្មសភា ក្នុង​វត្ត​អង្គ​ចក ខេត្តកំពត​