សម្ព័ន្ធ​អង្គការ​កម្ពុជា​តាំង​ពិព័រណ៍​រូបភាព​នៅ​ខេត្ត​សៀមរាប​ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី

ទិវា​សិទ្ធិ​នារី​អន្តរជាតិ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ខាង​មុខ។ នៅ​ថ្ងៃ​នោះ ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក នឹង​នាំ​គ្នា​ប្រារព្ធ​ពិធី​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​គ្រប់​រូប ព្រម​ទាំង​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ផង។ ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មួយ​ដែល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ បាន​តាក់តែង​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ព្រម​ទាំង​ដាក់​ច្បាប់​នោះ​ឲ្យ​ប្រើប្រាស់​ប្រហែល ១០​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​គេ​នៅ​តែ​មើល​ឃើញ​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​មិន​ទាន់​មាន​ការ​ថយ​ចុះ​ទេ។

សម្ព័ន្ធ​អង្គការ​កម្ពុជា ដែល​ធ្វើ​ការ​ផ្ដោត​លើ​សមភាព​យេនឌ័រ​ចំនួន​ជាង ៩០ (NGO-CEDAW) បាន​រួម​គ្នា​ធ្វើ​ការ​តាំង​ពិព័រណ៍​រូប​ថត​ស្ត្រី​ខ្មែរ​ដែល​ជា​ជន​ធ្លាប់​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាច្រើន​នាក់ នៅ​ក្នុង​ខេត្ត​សៀមរាប។ ការ​តាំង​ពិព័រណ៍​រូប​ថត​ស្ត្រី​ដែល​ធ្លាប់​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​ឲ្យ​ពួក​គេ​ស្លៀកពាក់​តាម​របៀប​ប្រពៃណី​ខ្មែរ​ដ៏​ស្រស់​ស្អាត នៅ​ក្រោម​ប្រធានបទ សេចក្តី​ថ្លៃថ្នូរ នោះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៨ ខែ​មីនា នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ ១៩៦១ ខូវើកឃីង អែន អាត ស្បេស (1961 Coworking and Art Space) នា​ទីក្រុង​សៀមរាប ក្នុង​គោល​បំណង​លើក​ស្ទួយ​ស្ត្រី​ខ្មែរ​ឲ្យ​រឹងមាំ ព្រម​ទាំង​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ។

នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ក្នុង​ចំណោម​អង្គការ​ជាច្រើន​ទៀត​ដែល​រៀបចំ​ការ​តាំង​ពិព័រណ៍​នោះ គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក។ អ្នកស្រី​មាន​ប្រសាសន៍​ថា ការ​តាំង​ពិព័រណ៍​រូប​ស្ត្រី​ជាច្រើន​នេះ គឺ​មាន​បំណង​ចង់​ឲ្យ​បុរស​ដែល​ជា​ប្ដី​ខ្លះ បញ្ឈប់​ការ​វាយ​ធ្វើ​បាប​ប្រពន្ធ ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។ អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា រូបភាព​របស់​ស្ត្រី​ទាំងអស់​ដែល​ស្លៀកពាក់​តែង​ខ្លួន​តាម​បែប​ប្រពៃណី​ខ្មែរ​នេះ គឺ​ជា​អ្នក​ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។ ពួក​គេ​មាន​សម្រស់​ស្រស់​ស្អាត​ដូចជា​ស្ត្រី​ដទៃ​ទៀត​ដែរ ប៉ុន្តែ​ពួក​គេ​អភ័ព្វ ដោយសារ​រៀបការ​ជាមួយ​បុរស​ដែល​មិន​ចេះ​ថ្នម​ថ្នាក់ ហើយ​ចូល​ចិត្ត​វាយ​ធ្វើ​បាប។ អ្នកស្រី ពុង ឈីវកេក ប្រឆាំង​នឹង​អំពើ​ហិង្សា​ទាំង​នោះ ពីព្រោះ​ថា ស្ត្រី​គ្រប់​រូប គឺ​មាន​សេចក្តី​ថ្លៃថ្នូរ​ដូច​គ្នា៖ «យើង​ចង់​បង្ហាញ​ថា ស្ត្រី​នៅ​តែ​មាន​សេចក្តី​ថ្លៃថ្នូរ ថ្វីត្បិតតែ​អភ័ព្វ​រៀប​អាពាហ៍ពិពាហ៍​ទៅ​ជួប​នឹង​បុរស​ដែល​ជា​ស្វាមី​ធ្វើ​បាប»

រូបភាព​របស់​ស្ត្រី​ជាច្រើន​ដែល​ស្លៀកពាក់​តាម​បែប​បុរាណ​ខ្មែរ​ផ្សេងៗ​ពី​គ្នា ភ្ជាប់​ជាមួយ​នឹង​សារ​ជាច្រើន ដូចជា​ស្ត្រី​ទាំងអស់​គួរ​តែ​ទទួល​បាន​នូវ​ការ​គោរព ស្ត្រី និង​បុរស​មាន​តម្លៃ​ស្មើ​គ្នា ស្ត្រី​ត្រូវ​យល់​ដឹង​ពី​សិទ្ធិ​ខ្លួន​ឯង និង​ការ​ទាមទារ​ឲ្យ​កម្លាំង​នគរបាល ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់​ទៅ​លើ​អ្នក​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី រួម​ទាំង​ការពារ​ជន​រងគ្រោះ​ជាដើម​នោះ ត្រូវ​បាន​គេ​បិទ​បង្ហាញ​នៅ​តាម​ជញ្ជាំង​ឲ្យ​សាធារណជន​ចូល​ទស្សនា។

អ្នក​ជំនាញ​ផ្នែក​សិល្បៈ និង​ថត​រូប កញ្ញា ម៉ូណា ស៊ីម៉ន (Mona Simon) មាន​ប្រសាសន៍​ថា នាង​បាន​ជួយ​តុបតែង និង​ថត​រូប​ស្ត្រី​ទាំង​នោះ​មក​ដាក់​តាំង​ពិព័រណ៍ ពីព្រោះ​នាង​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ពិភពលោក​ដឹង​ថា ស្ត្រី និង​បុរស គឺ​មាន​សិទ្ធិ​ស្មើ​គ្នា ព្រម​ទាំង​ចង់​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​សេចក្តី​ស្រឡាញ់​ផង។ ម៉ូណា យល់​ថា បើ​ពិនិត្យ​ទៅ​លើ​ច្បាប់​ស្រី​សម័យ​បុរាណ បាន​ចាត់​ទុក​ស្ត្រី​ដូចជា​សម្លៀកបំពាក់ ឯ​បុរស​វិញ​មាន​តម្លៃ​ស្មើ​នឹង​មាស​នោះ វា​គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​សោកស្ដាយ​បំផុត៖ «ទ្រឹស្ដី​មួយ​នេះ គឺ​ជា​ទស្សនៈ​មួយ​ដែល​ចាស់​គំរឹល​ជា​យូរ​មក​ហើយ។ វា​នៅ​តែ​ដក់​ក្នុង​ផ្នត់​គំនិត​បុរស ហើយ​ឲ្យ​តម្លៃ​ទាប​មក​លើ​ស្ត្រី។ មូលហេតុ​ដែល​ខ្ញុំ​ថត​រូប​ស្ត្រី​ខ្មែរ​ជាច្រើន​មក​តាំង​ពិព័រណ៍​ពេល​នេះ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា ដឹង​ថា ខ្លួន​ឯង​ក៏​ស្រស់​ស្អាត​ដូច​អ្នក​ឯ​ទៀត​ដែរ។ សូម​ប្រឹងប្រែង​តស៊ូ​ក្នុង​ជីវិត​ត​ទៅ​ទៀត»

សម្ព័ន្ធ​អង្គការ​កម្ពុជា ដែល​ធ្វើ​ការ​ផ្ដោត​លើ​សមភាព​យេនឌ័រ ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តែ​កើត​មាន​លើ​ស្ត្រី​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា គេ​មិន​បាន​ដឹង​អំពី​តួលេខ​ជន​រងគ្រោះ​ច្បាស់លាស់​ទេ។

អ្នក​ពិគ្រោះ​យោបល់​សម្រាប់​សម្ព័ន្ធ​អង្គការ​កម្ពុជា សម្រាប់​សមភាព​យេនឌ័រ កញ្ញា ដាណា វេលលេក (Dana Wallack) មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ស្ត្រី​មេ​ផ្ទះ​ជាច្រើន​នាក់​នៅ​ប្រទេស​កម្ពុជា នៅ​តែ​ទទួល​រងគ្រោះ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ កញ្ញា ដាណា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​បន្ថែម​នូវ​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ថា អំពើ​ហិង្សា គឺ​ជា​ទង្វើ​ខុស​ច្បាប់ ហើយ​បញ្ជ្រាប​អំពី​សិទ្ធិ​មនុស្ស​ដល់​ពួក​គេ ព្រម​ទាំង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៖ «ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​កែប្រែ​ទម្លាប់​ចាស់​របស់​សង្គម​ចោល ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​រូប បាន​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​មែន​ជា​រឿង​ឯកជន​នោះ​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​កុមារ​ដែល​កំពុង​សិក្សា ហើយ​វា​ក៏​ជា​ជំងឺ​មហា​រីក​ដែល​អាច​រាល​ដាល​ដល់​សង្គម​ទាំង​មូល​ដែរ»

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ចំនួន​ជាង ២០០​ករណី។ ចំនួន​នេះ គឺ​ស្ថិត​នៅ​លើ​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ។ អង្គការ​លីកាដូ កត់​សម្គាល់​ឃើញ​ថា តាំង​ពី​ឆ្នាំ​២០០៥ ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​សភា​អនុម័ត​ឲ្យ​ប្រើប្រាស់ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ យុវជន​ជាច្រើន​នៅ​តាម​សាកលវិទ្យាល័យ និង​អនុវិទ្យាល័យ ហាក់​មិន​បាន​ដឹង​អំពី​ច្បាប់​ទាំង​នោះ​ទេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល ចង់​ឲ្យ​រដ្ឋាភិបាល ជំរុញ​ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​នៅ​តាម​សាលា​រៀន និង​តាម​ភូមិ-ឃុំ​ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​យ៉ាង​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។