ឆក់ទូរស័ព្ទ មិនបានសម្រេច ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗ

ភ្នំពេញ៖ ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទឆក់ទូរស័ព្ទដៃស្រ្តីម្នាក់ កំពុងដើរតាមដងផ្លូវ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៧ៈ៣០នាទីយប់ ស្ថិតនៅចំណុចផ្លូវលេខ២១៧ កែងផ្លូវលេខ៩៣ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ភក្តី ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ពីបទឆក់ទូរស័ព្ទដៃម៉ាក iphone6 ពីស្រ្តីម្នាក់ឈ្មោះ សម សុភា អាយុ ២៣ឆ្នាំ ស្នាក់នៅម្តុំសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមសាក្សី នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្រ្តីម្នាក់ កំពុងធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៩៣ ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកែង នឹងផ្លូវលេខ២១៧ ក្បែរប៉ុស្តិ៍នគរបាលអូរឫស្សីទី៤ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដោល 1C-2796 ធ្វើដំណើរពីជើងមកត្បូង ពេលមកក្បែរជនរងគ្រោះ ក៏ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ហើយព្យាយាមបើកម៉ូតូគេចខ្លួន តែត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌ៧មករា កំពុងល្បាតនៅក្បែរនោះ ដេញចាប់បានភ្លាមៗតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលនាំយកមកឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

ឆក់ទូរស័ព្ទ មិនបានសម្រេច ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌ ខណ្ឌ៧មករា ឃាត់ខ្លួនភ្លាមៗ