ក្រុមកម្មករ នៅតំបន់ សេដ្ឋកិច្ច ពិសេស កោះកុង ថៅកែមិន អនុញ្ញាតឲ្យឈប់ សម្រាកថ្ងៃមាឃបូជា

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជាថ្ងៃមាឃបូជា ដែលរាជរដ្ឋាភិបាល បានកំណត់ឲ្យមន្រ្តីរាជការ និងបុគ្គលិក កម្មករឈប់សម្រាក ប៉ុន្តែបែរជាក្រុម កម្មករ-កម្មការិនី ដែលបម្រើការងារ ២រោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសកោះកុងរាប់ពាន់ មិនត្រូវបានថៅកែឲ្យឈប់ឡើយ។

បើតាមសេចក្តីរាយ ការណ៍ពីខេត្តកោះកុង បានឲ្យដឹងថា កម្មករនៅរោងចក្រទាំង២នោះ រួមមាន រោងចក្រផលិតខ្សែភ្លើង YAZAKI និងរោងចក្រកាត់ដេរឈ្មោះ  KKN EMPHEARIL ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ពុំបានអនុញ្ញាតឲ្យកម្មករ ឈប់សម្រាកឡើយ គឺថៅកែតម្រូវឲ្យកម្មករ ធ្វើការជាធម្មតា ។
សេចក្តីរាយការណ៍ខាងលើបន្តថា តាមការសង្កេត នាពេលកន្លងមក ឲ្យតែថ្ងៃឈប់សម្រាកដូចជាថ្ងៃ២៣តុលា ថ្ងៃ ៩វិច្ឆិកា ថ្ងៃ១០ ធ្នូ ជាដើម រោងចក្រ២នេះ គឺមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកទេ ។

លោក សាន្ត មហិរិទ្ធិ រដ្ឋបាលធនធានមនុស្សនៅរោងចក្រ YAZAKI បានប្រាប់ថា មូលហេតុដែលថៅកែមិនអនុញ្ញាត ឲ្យឈប់នៅថ្ងៃឈប់សម្រាក ដែលមានការកំណត់ពីរាជរដ្ឋាភិបាល គឺខាងរោងចក្រនឹងលើកថ្ងៃឈប់ សម្រាកទៅថ្ងៃក្រោយវិញ ដូចជានៅពេលចូល ឆ្នាំខ្មែរ ឬបុណ្យភ្ជុំជាដើម។
ចំណែករដ្ឋបាលរោងចក្រ KKN EMPHEARIL មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងបាន៕

ក្រុមកម្មករ នៅតំបន់ សេដ្ឋកិច្ច ពិសេស កោះកុង ថៅកែមិន  អនុញ្ញាតឲ្យឈប់ សម្រាកថ្ងៃមាឃបូជា