លោក អាត់ ធន់ បដិសេធថា មិនបានញុះញង់ កម្មករធ្វើ បាតុកម្ម ដើម្បីប្រយោជន៍ និងប្រជាប្រិយ

ភ្នំពេញ៖ ក្រោយពីរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង ថា មានសហជីពមួយចំនួន ហេតុតែចង់បាន ផលប្រយោជន៍ និងប្រជាប្រិយភាព បានញុះញង់ឲ្យកម្មករ ធ្វើបាតុកម្ម ប៉ុន្តែភាគីសហជីព មានប្រតិកម្មតបទៅវិញថា មិនមានរឿងដូចចោទប្រកាន់នោះទេ។

យោងតាមការលើកឡើង របស់លោក អាត ធន់ ប្រធានប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នារសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ថា “សម្រាប់ខ្ញុំគឺមិនអញ្ចឹងទេ”។
ដោយលោកអះអាងថា រាល់ការដឹកនាំធ្វើបាតុកម្ម របស់សហជីពលោក គ្មានគោលបំណងចង់បានផលចំណេញ និងទាញប្រជាប្រិយភាពនោះទេ។  លោកបន្តថា ថា “ខ្ញុំគ្រាន់តែចង់ឲ្យមាន ការដោះស្រាយសមស្របសម្រាប់ កម្មករ-កម្មការិនីតែប៉ុណ្ណោះ”។

លោកបន្ថែមថា “ខ្ញុំមិនហ៊ានធានា ចំពោះសហជីពដទៃ នោះទេ តែសហជីពរបស់ខ្ញុំ គឺឯករាជ្យ ពោលគ្មានគោលបំណងបែបនេះទេ”។

ដោយឡែករដ្ឋមន្រ្តីក្រសួងការងារ កាលពីព្រឹកមិញនេះ បានជំរុញដល់សហជីពទាំងអស់ ត្រូវតែមានចំណែក ថែរក្សាស្ថេរភាព នៅក្នុងអាជីវកម្មរបស់រោងចក្រ តាមមូលដ្ឋាន រោងចក្រសហគ្រាសទាំងអស់ ជាពិសេសកម្មករនិយោជិត ព្រោះជាឆ្នាំងបាយរបស់ខ្លួនដែរ។ លោកថា សហជីពត្រូវចាត់ទុកនិយោជិក និងរោចក្រ ជាឪពុកម្ដាយ បើគ្មានអ្នកទាំងពីរនេះទេ ក៏គ្មានសហជីពដែរ៕

លោក អាត់ ធន់ បដិសេធថា មិនបានញុះញង់ កម្មករធ្វើ បាតុកម្ម ដើម្បីប្រយោជន៍ និងប្រជាប្រិយ