ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ចាប់​បាន និង​ម្នាក់​ទៀត​រត់​រួច រួម​ទាំង​យក​គ្រឿងអលង្ការ​ខ្សែដៃ​មាស​ទម្ងន់​៥​ជី​ទៅ​ជាមួយ​ផង បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លូក​យក​ពី​ក្នុង​កាបូប​លោកយាយ​ម្នាក់​កំពុង​ជិះ​ក្នុង​រថយន្តឈ្នួល ទៅ​ស្រុក​កំណើត​នៅ​ខេត្តតាកែវ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ​គង់ ភា​រិ​ទ្ធ អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប និង​ម្នាក់​ទៀត​រត់​រួច មិន​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ដឹង​ថា បាន​យក​ខ្សែ​មាស​ទម្ងន់​៥​ជី​ទៅ​ជាមួយ​ផង ។ ចំណែកឯ​លោកយាយ​ជា​ម្ចាស់​ខ្សែ​ដៃ​មាស​ឈ្មោះ​នាង ពៅ អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃ្មុ​ល ឃុំ​គោក​ព្រិច ស្រុក​គិរីវង់ ខេត្តតាកែវ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ លោកយាយ​រង​គ្រោះ​បាន​ឡើង​ជិះ​រថយន្តឈ្នួល​ពី​ចំណត​ផ្សារ​ដើម​គរ ដើម្បី​ឆ្ពោះទៅ​ខេត្ត​តា
កែវ ។ ពេល​រថយន្ត​មក​ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​អង្គ​តា​មិ​ញ ក៏​មាន​ជនសង្ស័យ​២​នាក់​ខាងលើ​កាក់​រថយន្ត​ជិះ​ដោយ​ប្រាប់​ថា ទៅ​ខេត្ត​តាកែវ​ដែរ បន្ទាប់​មក​ពួក​គេ​ក៏​ធ្វើ​សកម្មភាព​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា លុះ​ពេល​រថយន្ត​ធ្វើ​ដំណើរ​មក​ដល់​ចំណត​ចោម​ចៅ ដើម្បី​ដាក់​ម៉ូយ​បន្ថែម​ទៀត ត្រូវ​បាន​លោកយាយ​ប្រទះ​ឃើញ​កាបូប​របស់​គាត់​ចំហ និង​បាត់​ខ្សែដៃ​មាស ក៏​មានការ​ភ្ញាក់ផ្អើល ។ ហើយ​ពេល​នោះ ជនសង្ស័យ​ទាំង​២​នាក់​ដឹងខ្លួន ក៏​ហក់​ចេញពី​រថយន្ត​បំណង​រត់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ក្របួច​ជាប់​បាន​ម្នាក់ ។