រដ្ឋមន្ត្រីការបរទេស ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ ពិនិត្យ​ស្ថានភាព​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ​

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើ​ការណែនាំ​ផ្ទាល់​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​សា​កែវ ប្រទេស​ថៃ យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្ថានភាព​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ និង​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​អាជីវករ​ខ្មែរ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ថៃ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​​អា​ជីករ និង​ឲ្យ​ចុះទៅពិនិត្យ​ផ្ទាល់​ដល់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន ដើម្បី​រាយការណ៍​ជូន​ក្រសួង​ពី​បញ្ហា​ជាក់ស្តែង​ដែល​បាន​កើតមានឡើង​។

​លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ចំពោះ​ករណី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ អនុវត្តតាម​ការ ណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឲ្យ​យកចិត្តទុកដាក់​ចុះ​ពិនិត្យ​ស្ថានភាព​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ុង​ក្លឿ និង​ខិតខំ​ជួយ​រក ដំណោះស្រាយ ចំពោះ​បញ្ហា​របស់​អាជីវករ​ខ្មែរ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ បាន​ចុះទៅពិនិត្យ និង​បាន​រាយការណ៍ ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី ២០ កុម្ភៈ ២០១៦ ថា ក្នុង​ផ្សារ​រ៉ុង​ក្លឿ​មាន​តូប​ចំនួន ជាង​៣០០០​តូប ក្នុងនោះ​ប្រមាណ​១​ភាគ​៣ ជា​តូប​លក់ទំនិញ​កម្មសិទ្ធិ​បញ្ញា (​ប្រហែល​៣០% បាន​បើក​លក់​ឡើងវិញ​) ហើយ​២​ភាគ​៣​ទៀត លក់ទំនិញ​ជជុះ និង​ទំនិញ​អត់​ស្លាក​យីហោ (​ជាង​៩០% បាន​បើក​លក់​ឡើងវិញ​)​។​

​លោក​បាន​បន្តថា អាជីវករ​ខ្មែរ​បាន​ត្អូញត្អែរថា អាជីវកម្ម​ពុំ​ចំណេញ​តាំងពី​ដើមឆ្នាំ​២០១៥​មក តូប​ភាគច្រើន​បិទ និង​សេង​ម្ចាស់ មូលហេតុ​មកពី អតិថិជន​ថយចុះ​ហើយ​ក្រុម​ស៊ើបអង្កេត​កម្មសិទ្ធិបញ្ញារ​បស់​ថៃ​ចុះមក​ត្រួតពិនិត្យ​ញឹកញាប់​។

​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ថៃ​នៅ​ផ្សារ​រ៉ុង​ក្លឿ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ អាជីវករ​ខ្មែរ​ដែល​លក់ទំនិញ​កម្ម​សិទ្ធិ​បញ្ញា ហើយ​បាន​ណែនាំ​អាជីវករ​បញ្ឈប់​ការលក់ទំនិញ ក្លែង​យីហោ​ដែល​អាជ្ញាធរ​ថៃ បាន​ហាមឃាត់​។ អាជីវករ​បានស្នើ​ស្ថាន​អគ្គ​កុងស៊ុល ជួយ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ថៃ​ទុកពេល​ឲ្យ​ពួកគាត់​ពី ១​ទៅ​២​ឆ្នាំ ដើម្បី​លក់ទំនិញ​ទាំងនោះ​ឲ្យ​អស់​។

​បន្ទាប់ពី​ទទួលបាន​របាយការណ៍​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើ​ការណែនាំ​ផ្ទាល់ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល ទំនាក់ទំនង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ថៃ ស្វែងរក​ដំណោះស្រាយ ចំពោះ​សំណើសុំ​ខាង លើ​របស់​អា​ជីករ​ខ្មែរ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​បន្តថា ចំពោះ​ករណី​អា​ជីករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន នៅពេល​ទទួលបាន​ព័ត៌មាន​ស្តីពី ករណី​អាជីវករ​ខ្មែរ នៅ​ផ្សារ​ឥណ្ឌូចិន លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ណែនាំ​ផ្ទាល់​ឲ្យ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ខេត្ត​សា​កែវ ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​កន្លែង ហើយ​រាយការណ៍​ជូន​ក្រសួង​ពី​បញ្ហា​ជាក់ស្តែង​ដែល​បាន​កើតមានឡើង​ចំពោះ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​ឥណ្ឌូចិន​។
​    ​
​នៅ​ថ្ងៃទី ២០ កុម្ភៈ ២០១៦ ស្ថាន​អគ្គ​កុងស៊ុល​បាន​រាយការណ៍​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថា ផ្សារ​ឥណ្ឌូចិន​ជា​គម្រោង វិនិយោគ របស់​ក្រុមហ៊ុន​ថៃ​មួយ មាន​ទីតាំង​នៅក្បែរ​ផ្សារ​រ៉ុង​ក្លឿ មាន​អាគារ​ចំនួន​១០ ក្នុងនោះ​មាន​តូប​ប្រមាណ ១០០០​តូប ហើយ​បើក​ដំណើរការ នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ពុំ​សូវ​មាន​អតិថិជន​ឡើយ​។ នៅ​ចុងឆ្នាំ​២០១៥ ក្រុមហ៊ុន​ម្ចាស់​ផ្សារ​បានសម្រេច​បិទ​អាគារ​ចំនួន​៧ ធ្វើ​ឲ្យ​អាជីវករ​ថៃ​និង​ខ្មែរ (​អាជីវករ​ខ្មែរ ២៨​នាក់​) មិន​សប្បាយចិត្ត ហើយ​ចាប់ផ្តើម​ធ្វើការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ម្ចាស់​ផ្សារ តែ​ពុំ​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​។

​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ អាជីវករ​បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការខេត្ត​សា​កែវ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ម្ចាស់​ផ្សារ សង​ប្រាក់​ខាតបង់​លើ​ទីតាំង​តូប​ពី ៤៥០.០០០​បាត ទៅ ៥៥០.០០០​បាត ក្នុង​មួយ​តូប ហើយ​និង​សំណង​ខូចខាត​ផ្សេងៗ​ទៀត​។​

​លោក​ជុំ សុន្ទរី បានបញ្ជាក់​ន​ថា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ណែនាំ​ស្ថាន​អគ្គ​កុងស៊ុល​ផ្តល់​មេធាវី ជួយ​ការពារ​ក្តី​របស់​អាជីវករ​ខ្មែរ ហើយ​និង​ជួយ​សម្រួល​ដោះ ស្រាយ​នូវ​សំណូមពរ​ផ្សេងៗ​របស់​អាជីវករ​ខ្មែរ​៕​