ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ច្រាំង​ទន្លេ​ក្នុង​ឃុំ​ថ្មគ្រែ​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​បាក់​ច្រាំង​ទន្លេ

ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ​ក្នុង​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​បន្ត​ទៀត ខណៈ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ មិន​ទាន់​មាន​ពន្លឺ​នៅ​ឡើយ។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​មាន​មធ្យោបាយ​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ ខណៈ​ស្ថានភាព​ច្រាំង​ទន្លេ​កំពុង​រង​ហានិភ័យ​ខ្ពស់។

ពលរដ្ឋ​រស់នៅ​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​ទន្លេ​នៅ​រដូវ​វស្សា។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពលរដ្ឋ​នៅ​មិន​ទាន់​ទទួល​ដំណឹង​ស្ដីពី​យន្តការ​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ​ពី​អាជ្ញាធរ​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ឃុំ​ថ្មគ្រែ លោក ស៊ា វឌ្ឍនា បារម្ភ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ជាង ១០០​គ្រួសារ កំពុង​រស់នៅ​តាម​ច្រាំង​ទន្លេ ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង ៧០​គ្រួសារ​រង់ចាំ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ បន្ទាប់​ពី​ស្ថានភាព​ច្រាំង​ទន្លេ​កំពុង​រង​ហានិភ័យ​ធ្ងន់ធ្ងរ។ លោក​កត់​សម្គាល់​ថា ការ​ពន្យារ​ពេល​ដោះស្រាយ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ដែល​រស់​នៅ​តាម​ច្រាំង​ទន្លេ​ជិត ២០​ឆ្នាំ​កន្លង​មក គឺ​ជា​ចេតនា​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ខេត្ត។ លោក​ថា បច្ចុប្បន្ន ពលរដ្ឋ​រស់​នៅ​តាម​ច្រាំង​ទន្លេ​ដោយ​ភាព​ភ័យ​ខ្លាច ព្រោះ​ពុំ​មាន​ជម្រើស ទោះ​បី​ប្រឈម​គ្រោះ​ធម្មជាតិ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​ក្តី៖ «ច្រាំង​កាន់​តែ​កៀក​ទៅ។ កាន់​តែ​ពន្យារ​ទៅៗ​ហើយ ចឹង​ប្រជាពលរដ្ឋ​អស់​សង្ឃឹម​របស់​រដ្ឋាភិបាល ជាពិសេស​គឺ​ថ្នាក់​ដឹក​នាំ​ខេត្ត។ កាន់​តែ​ពន្យារ​តាំង​ពី​ឆ្នាំ​១៩៩៩ រហូត​ដល់​ឆ្នាំ​២០១៦ ហើយ​រង់ចាំ​ដល់​ពេល​ណា​ទៀត​ទេ»

អ្នក​ភូមិ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ថ្មគ្រែ លោក កែវ ហម កត់​សម្គាល់​ថា ស្ថានភាព​ច្រាំង​ទន្លេ​បច្ចុប្បន្ន​ជ្រៅ​ចាប់​ពី ១០​ម៉ែត្រ​ដល់​ជាង ៣០​ម៉ែត្រ ដែល​មិន​អាច​ធានា​ទឹក​នៅ​រដូវ​វស្សា​បាន។ លើស​ពី​នេះ ស្ថានភាព​បាក់​ច្រាំង​នៅ​ខាង​មុខ​ផ្ទះ​លោក​តាំង​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន បាក់​បន្តបន្ទាប់​ប្រមាណ​ជាង ១០​ម៉ែត្រ​ទៀត​ដល់​ផ្ទះ​របស់​លោក។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​នេះ៖ «បើ​អាជ្ញាធរ​មិន​ទប់ស្កាត់ អា​ច្រាំង​ទន្លេ​អាច​បាក់​ស៊ី​រូង​ដល់​ផ្ទះ​ពលរដ្ឋ​ដល់​ខាង​ក្នុង​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរុង ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ក្តី​បារម្ភ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ។

ចំណែក​មេ​ឃុំ​ថ្មគ្រែ លោក តែម ណាស៊ី មាន​ប្រសាសន៍​ថា ការ​ទប់ស្កាត់​បាក់​ច្រាំង​ទន្លេ​ត្រូវ​ចំណាយ​ថវិកា​ច្រើន។ ដូច្នេះ យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ។ លោក​កត់​សម្គាល់​ថា កន្លង​មក មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ ក៏​ធ្លាប់​ចុះ​សិក្សា​ពី​ស្ថានភាព​ច្រាំង​ទន្លេ ហើយ​បាន​សម្រេច​ធ្វើ​ផ្លូវ​ថ្មី​ជំនួស​ផ្លូវ​តាម​បណ្ដោយ​មាត់​ទន្លេ ដើម្បី​ទប់ស្កាត់​ការ​ស្ទះ​ចរាចរណ៍​តាម​សំណើ​របស់​អាជ្ញាធរ៖ «បញ្ហា​នេះ​ចំណាយ​ថវិកា​ធំ​ណាស់ ប្រហែល​ជា​អាច​ដល់​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ។ យើង​គ្រាន់​តែ​ផ្តល់​ព័ត៌មាន​ទេ ព្រោះ​ពាក់ព័ន្ធ​សាធារណការ​នោះ គ្រោង​ធ្វើ​ផ្លូវ​វាង​ទៅ​ក្រោយ​ហើយ»

កាល​ពី​ឆ្នាំ​២០១៤ ច្រាំង​ទន្លេ​នៅ​ឃុំ​ថ្មគ្រែ បាន​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន ៦​គ្រួសារ​នៅ​រដូវ​វស្សា។ ចំណែក​អាជ្ញាធរ បាន​ចុះ​បញ្ជី​ពលរដ្ឋ ៦​គ្រួសារ​នោះ​ឲ្យ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ជាមួយ​ពលរដ្ឋ ៦៨​គ្រួសារ​នៅ​ស្រុក​ចិត្របុរី។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មាន​ប្រសាសន៍​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយ​ដល់​សហគមន៍​ឲ្យ​ចូលរួម​សាមគ្គី​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​ដោយ​ការ​បាក់​ច្រាំង​ទន្លេ ដូចជា​ការ​ដាំ​ដើម​ឈើ និង​ការ​ធ្វើ​របង​ជាដើម ដែល​ជា​ផ្នែក​មួយ​ដើម្បី​ការពារ​ការ​បាក់​ច្រាំង​ទន្លេ។ លោក​ថា មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ គួរ​ចុះ​ស្រាវជ្រាវ​ពី​ស្ថានភាព​ច្រាំង​ទន្លេ​នៅ​តំបន់​នោះ ហើយ​រក​វិធីសាស្ត្រ​ទប់ទល់ ជាពិសេស​ផ្តល់​ព័ត៌មាន​ស្ដីពី​ស្ថានភាព​ច្រាំង​ទន្លេ​របស់​អាជ្ញាធរ​ជំនាញ ដើម្បី​ចៀសវាង​ការ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច៖ «ខ្ញុំ​គិត​ថា បើ​មាន​ការ​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល និង​សហគមន៍ ខ្ញុំ​គិត​ថា អាច​មាន​ដំណោះស្រាយ ព្រោះ​វា​មិន​មែន​ជា​រញ្ជួយ​ដី​ទេ វា​គ្រាន់​តែ​គ្រោះ​ធម្មជាតិ​អាច​ទប់ទល់​បាន»

អ្នក​ភូមិ​កត់​សម្គាល់​ថា ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ជាង ១០០​គ្រួសារ ភាគ​ច្រើន​រស់នៅ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម។ ចំណែក​អាជ្ញាធរ​ស្រុក​ចិត្របុរី ធ្លាប់​ដោះស្រាយ​ការ​បាក់​ច្រាំង​ទន្លេ​នៅ​តំបន់​នោះ ដូចជា​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​តាំង​ពី​ឆ្នាំ​១៩៩៩ នៅ​មិន​ទាន់​ដោះស្រាយ​បញ្ចប់ និង​ការ​អភិវឌ្ឍ​ផ្លូវ​បន្ថែម​ទៀត ជំនួស​ការ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ។ យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​យន្តការ​នោះ ថា​មិន​អាច​ធានា​និរន្តរភាព​របស់​ពលរដ្ឋ ដែល​កំពុង​រស់នៅ​បណ្តោយ​មាត់​ទន្លេ​នៅ​អម​សង​ខាង​ផ្លូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។