សំណុំរឿង ជួលផ្ទះស៊ីដាច់ ព្រះរាជអាជ្ញា ដាក់ឲ្យ លឹម ហុង, សូត្រ ស្រីយ៉ា, និង សៅ សុខដែន ស្ថិតនៅក្រោមការត្រួតពិនិត្យ

ចៅក្រម ថ្លាង ផាណែត សម្រេចបង្កើតគណកម្មការ វាស់វែងសំណង់ ដែលមានវិវាទ នៅថ្ងៃទី២៥ ខែកុម្ភៈ

ភ្នំពេញ៖ នៅទីបំផុតព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ហ៊ឹង ប៊ុនថន បានសម្រេចបើកការស៊ើបអង្កេត លើករណីសមគំនិត ក្នុងការប្រើប្រាស់អំពើ ហិង្សាទៅលើអ្នកកាន់កាប់ អចលនទ្រព្យដោយទុច្ចរិត ប្រឆាំងនឹងលោក លឹម ហុង, អ្នកស្រី សូត្រ ស្រីយ៉ា និងលោក សៅ សុខដែន ដោយដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យ របស់ខ្លួន។

យោងតាមដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរ ចុះឆ្នាំ២០១៦ ដោយព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា អ្នកទាំង៣ និងបក្ខពួក បានប្រព្រឹត្តដូចតទៅ៖ កាលពីខែកញ្ញា ឆ្នាំ២០០៧ ឈ្មោះ សៅ សុខដែន បានជួលផ្ទះលេខ ១៦៥E0 ផ្លូវលេខ ២១៥ កែងផ្លូវ២០៦ ស្ថិតនៅក្រុម៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ក់ ពៅ ដើម្បីប្រកបអាជីវកម្ម ដោយមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីលោក សេង រតនៈ អតីតអភិបាលខណ្ឌទួលគោក និងលោក សាន វណ្ណាស៊ី អតីតចៅសង្កាត់ផ្សារដេប៉ូទី១។ ពេលចូលស្នាក់នៅភ្លាម ឈ្មោះ សៅ សុខដែន បានរួមគំនិតជាមួយ សូត្រ ស្រីយ៉ា វាយជញ្ជាំងព្រំផ្ទះរួមគ្នា រវាងផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ និងឈ្មោះ សូត្រ ស្រីយ៉ា ប្តីឈ្មោះ លឹម ហុង។ បន្ទាប់ពីឈ្មោះ ម៉ក់ ពៅ បានដឹងពីការវាយជញ្ជាំងរួច ឈ្មោះ ម៉ក់ ពៅ បានធ្វើការតវ៉ា ជាមួយឈ្មោះ សូត្រ ស្រីយ៉ា ជាប្រពន្ធរបស់ឈ្មោះ លឹម ហុង នឹងបានធ្វើកិច្ចសន្យា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ទទួលស្គាល់ និងសន្យាថានឹងជួសជុល ជញ្ជាំងផ្ទះនោះវិញ នៅពេលដែលផុតកំណត់ កិច្ចសន្យាជួលផ្ទះ ឈ្មោះ សៅ សុខដែន មិនបានរើ ឥវ៉ាន់ចេញ ឬប្រគល់ផ្ទះមកឲ្យឈ្មោះ ម៉ក់ ពៅ វិញទេ ហើយឈ្មោះ សូត្រ ស្រីយ៉ា ក៏មិនបានជួសជុលជញ្ជាំងផ្ទះ របស់ឈ្មោះ ម៉ក់ ពៅ ដែរ ហើយឈ្មោះ ម៉ក់ ពៅ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យឈ្មោះ សៅ សុខដែន ចាកចេញពីផ្ទះជួលរបស់ខ្លួន ហើយសាលាដំបូង រាជធានីភ្នំពេញ បានចេញសាលក្រមលេខ៤១«ដ» ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០។ ពេលសាលក្រម ចូលជាស្ថាពរហើយ ឈ្មោះ ម៉ក់ ពៅ បានដាក់ពាក្យសុំអនុវត្ត តាមនីតិវិធីច្បាប់ លុះមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ តំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះ ចុះទៅអនុវត្តសាលក្រម ដើម្បីឲ្យឈ្មោះ សៅ សុខដែន ចាកចេញពីផ្ទះ របស់ឈ្មោះ ម៉ក់ ពៅ ស្រាប់តែ លឹម ហុង បានរំលោភកាន់កាប់ លើអចលនវត្ថុរបស់ ឈ្មោះ ម៉ក់ ពៅ ដោយបានចេញមកអះអាងថា ផ្ទះដែលឈ្មោះ សៅ សុខដែន ជួលពីឈ្មោះ ម៉ក់ ពៅ ជាផ្ទះរបស់ខ្លួនទៅវិញ ដោយយកប្លង់ដីទីតាំង ផ្សេងៗមកបង្ហាញគណកម្មការចម្រុះ ដើម្បីឲ្យគណកម្មការភ័ន្តច្រឡំ ទីតាំងអនុវត្តន៍ ក្នុងគោលបំណងរំលោភ យកកម្មសិទ្ធិផ្ទះរបស់ឈ្មោះ ម៉ក់ ពៅ។ មិនតែប៉ុណ្ណោះ បក្ខពួកមួយចំនួន ដែលជាអាជ្ញាធរ សុរិយោដី ដែលគួរតែដឹងច្បាស់ ពីទីតាំងផ្ទះនិមួយៗ ពិតប្រាកដ ប៉ុន្តែបែរជាឆ្លើយ បដិសេធថា មិនដឹងអីទៅវិញ ដែលជាចេតនាសមគំនិត ជាមួយឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា ដើម្បីសម្រួលឲ្យឈ្មោះ លឹម ហុង និង សូត្រ ស្រីយ៉ា បានចូលកាន់កាប់ លើអចលនវត្ថុរបស់ឈ្មោះ ម៉ក់ ពៅ។

ដីកាសន្និដ្ឋាន ដដែលបានបន្តទៀតថា «អំពើប្រព្រឹត្ត របស់ឈ្មោះ លឹម ហុង, ឈ្មោះ សូត្រ ស្រីយ៉ា, ឈ្មោះ សៅ សុខដែន ជាបទល្មើសប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយទុច្ចរិត ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញត្តិ ឲ្យផ្តន្ទាទោស តាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល។ អំពើប្រព្រឹត្តរបស់បក្ខពួក ជាបទល្មើសសមគំនិត ក្នុងការប្រើប្រាស់អំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយទុច្ចរិត ប្រព្រឹត្តនូវចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញត្តិ ឲ្យផ្តន្ទាទោស តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល»។

លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ក៏បានសម្រេចបើកការស៊ើបសួរ លើអង្គហេតុខាងលើ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ៖ ១. ឈ្មោះ លឹម ហុង ភេទប្រុស អាយុ៤៦ឆ្នាំ (ក្រៅឃុំ) ២. សូត្រ ស្រីយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ (ក្រៅឃុំ) ៣. ឈ្មោះ សៅ សុខដែន ភេទប្រុស អាយុ៤៥ឆ្នាំ (ក្រៅឃុំ) ពីបទប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយទុច្ចរិត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញតិ្ត ឲ្យផ្តន្ទាទោស តាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល ៤.បក្ខពួក ពីបទសមគំនិត ក្នុងការប្រើប្រាស់អំពើហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយទុច្ចរិត ប្រព្រឹត្តនូវចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៧ បទល្មើសដែលមានបញ្ញត្តិ ឲ្យផ្តន្ទាទោស តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល»។

ចៅក្រម ថ្លាង ផាណែត សម្រេចបង្កើតគណកម្មការ វាស់វែងសំណង់ ដែលមានវិវាទ នៅថ្ងៃទី២៥ ខែកុម្ភៈ

លោកស្រី ថ្លាង ផាណែត ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបង្កើត គណកម្មការមួយ ដើម្បីវាស់វែងសំណង់ ដែលមានវិវាទស្ថិតនៅ ផ្ទះលេខ១៦៥E0 ផ្លូវលេខ២១៥ កែង២០៦ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានបណ្ណសំគាល់កម្មសិទ្ធិ  កាន់កាប់អចលនវត្ថុលេខ ០២៦៧៩ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០១ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដោយយោងតាម សំណុំរឿងរដ្ឋប្បវេណី លេខ២២១២ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ និងពាក្យស្នើសុំរបស់ មេធាវី គីម សុជាតិ តំណាងអាណត្តិឲ្យឈ្មោះ ម៉ក់ ពៅ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

យោងតាមដីកាកោះ របស់ចៅក្រម ថ្លាង ផាណែត ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ អញ្ជើញលោក ចៅសង្កាត់ផ្សារដេប៉ូទី១ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា ស្នើសុំ (លោកចៅសង្កាត់ផ្សារដេប៉ូទី១) ចាត់បញ្ជូនមន្ត្រីជំនាញ ដើម្បីចូលរួមគណកម្មការ ត្រួតពិនិត្យ វាស់វែងសំណង់ ដែលមានវិវាទ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ៨ព្រឹក៕

សំណុំរឿង ជួលផ្ទះស៊ីដាច់ ព្រះរាជអាជ្ញា ដាក់ឲ្យ លឹម ហុង, សូត្រ ស្រីយ៉ា, និង សៅ សុខដែន ស្ថិតនៅក្រោមការត្រួតពិនិត្យ

សំណុំរឿង ជួលផ្ទះស៊ីដាច់ ព្រះរាជអាជ្ញា ដាក់ឲ្យ លឹម ហុង, សូត្រ ស្រីយ៉ា, និង សៅ សុខដែន ស្ថិតនៅក្រោមការត្រួតពិនិត្យ