សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​និង​ថៃ​កំពុង​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់​សង្ស័យ​ថា​ជា​ជនជាតិ​ថៃ

អាជ្ញាធរ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​ថៃ ចុះ​ស្រាវជ្រាវ​ករណី​អំពើ​ឃាតកម្ម​លើ​បុរស​ម្នាក់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ ដោយ​សង្ស័យ​ថា ជា​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ។ សាកសព​បុរស​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កប់​ក្នុង​ដី​កាល​ពី​ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ចំណុច​ភូមិ​អូរឈើក្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។ ករណី​ស្លាប់​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជា​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។

សមត្ថកិច្ច​ខេត្ត​ប៉ៃលិន លើក​ឡើង​ជា​ជំហាន​ដំបូង​ថា សមត្ថកិច្ច​ត្រូវ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​បុរស​នោះ ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ថា ជា​ជនជាតិ​ថៃ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ នោះ ឬ​យ៉ាង​ណា ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​កំណត់​ថ្ងៃ ថា​នឹង​បញ្ចប់​ការ​ស្រាវជ្រាវ​នោះ​ពេល​ណា​ទេ ពីព្រោះ​បញ្ហា​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​សមត្ថកិច្ច​ខ្មែរ រួម​នឹង​សមត្ថកិច្ច​ប្រទេស​ថៃ។

ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក ជា ចាន់ឌិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​សាកសព​បុរស​ស្លាប់​នោះ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា លោក​សន្និដ្ឋាន​ថា​ជា​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ករណី​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ខ្មែរ​ទេ គ្រាន់​តែ​រឿង​ហេតុ​កើត​ឡើង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ពាក់ព័ន្ធ​រវាង​អ្នក​រក​ស៊ី​ជនជាតិ​ថៃ ដូច​គ្នា៖ «គេ​ទើប​ឃើញ​សព​ហ្នឹង ទើប​ឃើញ​ម្សិលមិញ គេ​សម្លាប់​ហើយ វា​យក​ទៅ​កប់​ក្នុង​ព្រៃ»

សាកសព​បុរស​ដែល​ស្លាប់ គឺ​សមត្ថកិច្ច​សង្ស័យ​ថា ជា​ជនជាតិ​ថៃ ឈ្មោះ សំនឹក ចារូនជីរៈសាធាន (Somnuek Jaroonjirasathien) អាយុ​ជាង ៥០​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ។ ក្រោយ​ពេល​បាត់​ខ្លួន ក្រុម​គ្រួសារ​ក៏​បាន​ប្រកាស​រក​បុរស​រូប​នេះ ដោយ​បញ្ជាក់​ថា​ឈ្មោះ សំនឹក រស់នៅ​ខេត្ត​ឈុនបូរី ប្រទេស​ថៃ។ បុរស​រូប​នេះ​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ ដែល​បាន​ដាក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​បន​ល្បែង ឬ​កាស៊ីណូ​មួយ​ឈ្មោះ ប៉ៃលិន​ផ្លាមីងហ្គូ (Pailin Flamingo Casino) ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។

មន្ត្រី​សមត្ថកិច្ច​ម្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា សាកសព​បុរស​នោះ​ត្រូវ​បាន​គេ​ជីក​កកាយ​ចេញ​ពី​ក្នុង​ដី នៅ​កន្លែង​កើត​ហេតុ​រួច​ហើយ ប៉ុន្តែ​លោក​មិន​អាច​ជម្រាប​ជូន​លម្អិត​ផ្សេង​ពី​នេះ​បាន​ឡើយ ដោយ​គ្រាន់​តែ​និយាយ​ថា សាកសព​បុរស​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ពិនិត្យ ឬ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ទោះ​បី​សមត្ថកិច្ច​រក​ឃើញ​ថា ករណី​នេះ​ជា​ជម្លោះ​រវាង​បរទេស និង​បរទេស​ក៏ដោយ ប៉ុន្តែ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​កម្ពុជា ផង​ដែរ ពីព្រោះ​ករណី​បែប​នេះ កើត​ឡើង​នៅ​លើ​ទឹក​ដី​ខ្មែរ។ ម្យ៉ាង ប្រសិន​បើ​រឿង​បែប​នេះ​កើត​ឡើង​ច្រើន​នោះ បង្ហាញ​ថា​អាជ្ញាធរ​ខ្មែរ​មាន​ភាព​ខ្វះ​ចន្លោះ​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព។ លោក​យល់​ថា ករណី​ឃាតកម្ម​នេះ អាច​នឹង​មាន​មនុស្ស​ជាច្រើន​ជាប់​ពាក់ព័ន្ធ​ទៀត​ផង៖ «ទី​មួយ​វា​ជា​កត្តា​ដែល​កើត​ចេញ​ពី​ជម្លោះ​ផល​ប្រយោជន៍។ ហើយ​ទី​ពីរ យើង​មើល​ទៅ​ការ​ធ្វើ​ឃាត​នេះ វា​មិន​មែន​មនុស្ស​ម្នាក់​ទេ វា​អាច​ពាក់ព័ន្ធ​មនុស្ស​ច្រើន​នាក់»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បន្ត​ថា អាជ្ញាធរ​ខ្មែរ​ត្រូវ​ស៊ើប​អង្កេត​បញ្ហា​នេះ​ឲ្យ​បាន​ដិតដល់ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​វិនិយោគ ឬ​ធ្វើ​ជំនួញ​នៅ​ស្រុក​ខ្មែរ។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​ត្រូវ​រឹត​បន្តឹង ឬ​គ្រប់គ្រង​កន្លែង​ល្បែង​ស៊ី​សង​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ ព្រម​ទាំង​អ្នក​វិនិយោគទុន​ទាំងឡាយ​ដែល​ចូល​មក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។