សុខភាព &raquo សុខភាព

ខេត្តសៀមរាប ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​ចុះ​អប់រំ​នៅ​ផ្សារ​ចាស់ កាលពី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ អំពី​ការ​ដាក់​តាំង​លក់​ចំណីអាហារ​វេច​ខ្ចប់​រួច​មាន​មួយ​ចំនួន  ដែល​ជា​ទំនិញចំណី អាហារ ​បាន​វេច​ខ្ចប់​រួច​ទាំងនោះ  ត្រូវ​បាន​ផលិត និង​វេច​ខ្ចប់​ដោយ​មាន​បិទ​តែម​បង្ហាញ​នូវ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម ស្តង់ដារ​ដែល​កំណត់​ដោយ​ក្រសួងពាណិជ្ជកម្ម  ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ  មន្ត្រី​កាំកុងត្រូល​តែង​បាន​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ជា​ប្រចាំ​។

ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​អប់រំ​ដល់​អាជីវករ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​តាម​ទីផ្សារ​កន្លង​មក បាន​កត់សម្គាល់​ឃើញ​ថា ចំណីអាហារ​វេច​ខ្ចប់​រួច​ក្នុង​អត្រា​ភាគច្រើន  មានការ​ក្លែងបន្លំ  និង​មានការ​វេច​ខ្ចប់ ដោយ​បាន​បិទ​ស្លាក​សញ្ញា​លើ​ទំនិញ​ទាំងនោះ ពុំ​ស្រប​តាម​លក្ខខណ្ឌ​កំណត់​នោះ​ឡើយ  គឺ​មាន​ន័យ​ថា អ្នក​ផលិត ផលិតផល​ចំណីអាហារ​វេច​ខ្ចប់​រួច​ទាំងនោះ  ពុំ​មានការ​ទទួលខុសត្រូវ លើ​សុវត្ថិភាព​ផលិតផល​របស់​ខ្លួន​នោះ​ឡើយ  ហើយ​អាជីវករ​ទទួល​ដាក់​តាំង​លក់​នៅ​លើ​ទីផ្សារ ក៏​ពុំ​មានការ​យល់​ដឹង  និង​មិន​មានការ​ទទួលខុសត្រូវ​ចំពោះ​សុខភាព​របស់​អតិថិជន របស់​ខ្លួន​នោះ​ឡើយ​។

លោក ព្រហ្ម ដូ​លី​ន ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប  បាន​ប្រាប់​នៅ ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ  លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ប្រ​តិ ប​ត្តិ​ការ​ពិនិត្យ​មើល​ករណី​សុវត្ថិភាព​ចំណីអាហារ​វេច​ខ្ចប់​រួច​នៅ​ផ្សារ​ចាស់ កណ្តាល​ក្រុង​សៀមរាប ក្នុង​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​លក់​ឱ្យ​ភ្ញៀវ​នៅ​ទីនោះ ។​លោក​បន្ត​ថា ប្រតិបត្តិការ​នេះ គឺ​សំដៅលើ​មុខសញ្ញា​ទំនិញ​ចំណីអាហារ​វេច​ខ្ចប់​រួច ប្រភេទ​ច្រក​ក្នុង​ប្រអប់​ក្រដាស និង​ថង់​ប្លា​ស្ទិ​ច​។ លោក​បន្ថែម ឱ្យ​ដឹង​ទៀត​ថា លក្ខខណ្ឌ​តម្រូវ​សម្រាប់​ទំនិញ​វេច​ខ្ចប់​រួច  ទាំង​៩​ចំណុច​នោះ រួម​មាន ៖​នៅ​លើ​ស្លាក​សញ្ញា​ដែល​ត្រូវ​បាន​បិទ​លើ​សំបក​ផលិតផល​នោះ គឺ  ទី​១/ ឈ្មោះ​ផលិតផល  ទី​២/​អាសយដ្ឋាន​ផលិត ទី​៣/​ម៉ាក​ផលិតផល ទី​៤/ គ្រឿងផ្សំ ទី​៥/​វិធី​ប្រើ ទី​៦/​បរិមាណ​ទម្ងន់ ទី​៧/​ប្រភព ទី​៨/ លេខ​ឡូ​តិ៍  និង​ទី​៩/​កាលបរិច្ឆេទ​ប្រើប្រាស់ ។ លោក ព្រហ្ម ដូ​លី​ន បាន​បញ្ចា​ក់​បន្ថែម​ថា ៖​នៅ​ក្នុង​៩​ចំណុច​នៃ​លក្ខខណ្ឌ តម្រូវ​ឱ្យ​ប្រើ​ខាងលើ យ៉ាង​ហោច​ណាស់ ក៏​ត្រូវ​បាន​គោរព​ឱ្យ​បាន​៤​ចំណុច  ដូច​ជា​៖ ឈ្មោះ​ផលិតផល ( ដំណាប់ចេក ) អាសយដ្ឋាន​ផលិត ( ផ្ទះ​លេខ ភូមិ ឃុំ​សង្កាត់ ) ម៉ាក​ផលិតផល ( រូប​សញ្ញា ) និង​កាលបរិច្ឆេទ​នៃ​ការ​ប្រើប្រាស់ ។

លោក​បញ្ជាក់​ទៀត​ថា លក្ខខណ្ឌ​តម្រូវ​ខាងលើ  វា​គឺជា​សញ្ញាណ​នៃ​ការ​ទទួលខុសត្រូវ របស់​អ្នក​ផលិត​។ ការ​គោរព​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ទាំងនេះ គឺ​វា​មាន​អត្ថ​ប្រ​យោ ជន៍ ចំនួន​២  គឺ​ទី​១/​អ្នក​ផលិត និង​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន បើសិនជា​ផលិតផល​នោះ មានគុណ​ភាពល្អ  ព្រោះ​វា​មានការ​បង្ហាញ​អាសយដ្ឋាន​ជូន​អតិថិជន  ប្រយោជន៍​ទី​២/ គឺ​សម្រាប់​អ្នក​ទទួល​លក់​លើ​ទីផ្សារ ពីព្រោះ បើសិនជា​ផលិតផល​នោះ វា​មាន​បញ្ហា​ប៉ះពាល់​សុខភាព​អតិថិជន សមត្ថកិច្ច​ជំនាញ​នឹង​បាន​ស្គាល់​ប្រភព​ផលិត  បើ​មិន​ដូច្នោះ​ទេ អ្នក​ទទួល​លក់ គឺជា​អ្នក​ទទួលខុសត្រូវ    ដូច្នេះ​អាជីវករ​ដែល​ជា​អ្នក​ទទួល​លក់​ផលិតផល​ទាំងនោះ  ត្រូវ​យល់​ដឹង​អំពី​បញ្ហា​ទាំងនេះ​ផង​ដែរ  ។

​ជាមួយនឹង​ការ​អប់រំ​នោះ កម្លាំង​មន្ត្រី​ជំនាញ​ដែល​ចុះ​ត្រួតពិនិត្យ​អំពី​បញ្ហា​នេះ  បាន​បញ្ជាក់​ប្រាប់​អាជីវករ​ទាំងនោះ​ថា ៖  សម្រាប់​ការ​ចុះ​ត្រួតពិនិត្យ​លើក​ក្រោយ គឺ​មិន​អនុញ្ញាតិ​ឱ្យ​ដាក់​តាំង​លក់ ទំនិញ​ចំណីអាហារ​វេច​ខ្ចប់​រួច​ណាមួយ  ដែល​មិន​អនុវត្ត​តាម លក្ខខណ្ឌ​តម្រូវ​ខាងលើ នោះ​ឡើយ បើ​មិន​ដូច្នេះ​ទេ ខាង​ជំនាញ​និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕ មី