ក្មេង​ស្រី​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ទប់ស្កាត់​ទេសចរណ៍​ផ្លូវ​ភេទ

អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ម៉ាដាកាស្ការ (Madagascar) នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កំពុង​ស្វែងរក​កិច្ច​សហការ​ជាមួយ​បណ្ដា​អង្គការ​អន្តរជាតិ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ទេសចរណ៍​ផ្លូវ​ភេទ និង​ការ​ជួញ​ដូរ​កុមារ។

ការ​ស្វែងរក​កិច្ច​សហការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ដើរ​ប្រគំ​តន្ត្រី​ទេសចរណ៍​មួយ​ក្រុម​ឈ្មោះ ប្លូកូ ម៉ាឡាកាស៊ី (Bloco Malagasy) ដោយ​មាន​ក្មេង​ស្រី​ជាង ១០​នាក់​មក​ពី​ប្រទេស​អាហ្វ្រិក ចូលរួម​សម្ដែង។

ក្រុម​តន្ត្រី ប្លូកូ ម៉ាឡាកាស៊ី ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​មក​ពី​ដែន​កោះ​ម៉ាដាកាស្ការ (Madagascar) នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង នឹង​ចំណាយ​ពេល​ជិត​កន្លះ​ខែ ដើម្បី​ដើរ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា។

ការ​ដើរ​ប្រគំ​តន្ត្រី​ដែល​មាន​ចំណង​ជើង​ថា "លើក​កម្ពស់​ទេសចរណ៍​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ" នោះ បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​កម្ពុជា គឺ​អង្គការ​មូលនិធិ​ទឹក​ដូង​ក្នុង​គោល​បំណង​អប់រំ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស ជៀស​ចេញ​ពី​ការ​ជួញ​ដូរ និង​ធ្វើ​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ ព្រម​ទាំង​ស្វែងរក​មូលនិធិ ជួយ​ដល់​មជ្ឈមណ្ឌល​កុមារ​នៅ​ប្រទេស​អាហ្វ្រិក និង​នៅ​កម្ពុជា ផង។

កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ក្រុម​តន្ត្រី ប្លូកូ ម៉ាឡាកាស៊ី បាន​នាំ​ក្មេង​ស្រី​ពី​ដែន​កោះ​ម៉ាដាកាស្ការ នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ចំនួន ១០​នាក់ មក​សម្ដែង​សិល្បៈ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​កម្សាន្ត​នៅ​ក្នុង​ភោជនីយដ្ឋាន​ឈ្មោះ កាយ៉ូ កូកូ (Cayo CoCo) ក្នុង​ទី​រួម​ខេត្ត​សៀមរាប។

អ្នក​គ្រប់គ្រង​តន្ត្រី​ទេសចរណ៍ ប្លូកូ ម៉ាឡាកាស៊ី គឺ​លោក ចូសេ ល្វីស៍ហ្គីរ៉ៅ (José Luis Guirao)។ លោក​មាន​ប្រសាសន៍​ថា ក្រុម​តន្ត្រី​នេះ គឺ​រៀបចំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ដែន​កោះ​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ គោលដៅ​នៃ​ការ​ដើរ​ប្រគំ​តន្ត្រី​នៅ​តាម​បណ្ដា​ប្រទេស​ខ្លះ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ពេល​នេះ គឺ​ភ្ជាប់​បណ្ដាញ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ការ​ជួយ​កុមារ និង​ទប់ស្កាត់​បញ្ហា​ទេសចរណ៍​ផ្លូវ​ភេទ ជាដើម៖ «នៅ​ក្រោម​ប្រធានបទ អ្នក​ទេសចរ និង​ការ​ទទួល​ខុស​ត្រូវ​នេះ យើង​ចង់​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដូច​គ្នា ជួយ​ទប់ស្កាត់​បញ្ហា​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ។ អស់​លោក​ប្រាកដ​ជា​បាន​ដឹង​ខ្លះៗ​ថា បច្ចុប្បន្ន​នៅ​ម៉ាដាកាស្ការ គឺ​មាន​បញ្ហា​ជួញ​ដូរ​មនុស្ស ការ​រួម​ភេទ​ជាមួយ​កុមារ ជាដើម ហើយ​នៅ​កម្ពុជា ក៏​អាច​មាន​បញ្ហា​ដូច​គ្នា​នេះ​ដែរ»

អង្គការ​មូលនិធិ​ទឹក​ដូង ដែល​ជា​មជ្ឈមណ្ឌល​តូច​មួយ កំពុង​ប្រឹងប្រែង​បង្កើត​ជា​សាលា​សិល្បៈ​តន្ត្រី​នៅ​ខេត្ត​សៀមរាប ដើម្បី​ជួយ​បណ្ដុះបណ្ដាល​កុមារ​ខ្មែរ​ដែរ​នោះ ឲ្យ​ដឹង​ថា គេ​កំពុង​ត្រូវ​ការ​មូលនិធិ និង​អ្នក​ជួយ​ជ្រោមជ្រែង​ខាង​មនុស្សធម៌ ដើម្បី​ជួយ​កុមារ​ខ្មែរ និង​កុមារ​អាហ្វ្រិក ឲ្យ​មាន​លទ្ធភាព​ទៅ​សាលា​រៀន និង​ជៀស​ផុត​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។

អ្នក​គ្រប់គ្រង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី និង​ជា​គ្រូបង្រៀន​ភ្លេង​នៅ​ខេត្ត​សៀមរាប លោក ហ្វេដឺរេក ប្រ៊ីរ៉េតេ (Federic Breerette) មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​បាន​ជ្រើស​យក​ខេត្ត​សៀមរាប ជា​កន្លែង​ប្រគំ​តន្ត្រី ពីព្រោះ​ខេត្ត​នេះ​សម្បូរ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​អាច​អប់រំ​ពួក​គេ ឲ្យ​ជៀស​ចេញ​ពី​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​ផង និង​អាច​រក​កម្រៃ​សម្រាប់​ជួយ​កុមារ​នៅ​អាហ្វ្រិក និង​នៅ​កម្ពុជា ផង៖ «ពេល​ណា​យើង​រក​មូលនិធិ​បាន គឺ​យើង​នឹង​ជួយ​ទៅ​មជ្ឈមណ្ឌល​ដែល​បង្រៀន​កុមារ​ឲ្យ​ចេះ​លេង​ភ្លេង​នៅ​ខេត្ត​បាត់ដំបង និង​នៅ​ខេត្ត​សៀមរាប។ ចំណែក​មូលនិធិ​ខ្លះ​ទៀត នឹង​យក​ទៅ​ជួយ​កុមារ​នៅ​ដែន​កោះ​ម៉ាដាកាស្ការ នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង»

ក្រុម​តន្ត្រី ប្លូកូ ម៉ាឡាកាស៊ី មាន​គម្រោង​នឹង​ដើរ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​សៀមរាប ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ ក្រុម​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​បាត់ដំបង ចាប់​ពី​ថ្ងៃ​ទី​២៥ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ពួក​គេ​មាន​គម្រោង​នឹង​ទៅ​ប្រគំ​តន្ត្រី​ទេសចរណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។