ចេ​ប ប៊ូ​ស ដកខ្លួន​ពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ធ្វើ​ឲ្យ​ដូ​ណា​ល់​ត្រាំ​រំពឹង​កាន់​ខ្ពស់

​ក្រោយ​មិនបាន​ទទួល​ការគាំទ្រ​ដល់​ត្រឹម ១០ ភាគរយ​ក្នុងការ​បោះឆ្នោត​នៅ​រដ្ឋ South Carolina អតីត​អភិបាលរដ្ឋ Florida លោក ចេ​ប ប៊ុ​ស ប្រកាស​ដកខ្លួន​ចេញពី​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​។ ការដកខ្លួន​ចេញ​របស់​បេក្ខជន​បក្ស​សាធារណរដ្ឋ​នេះ​កំពុង​ធ្វើ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​នាំមុខគេ ដូ​ណា​ល់ ត្រាំ មានប្រៀប​និង​អាច​ឈានទៅ​ប្រកួត​ក្នុង​សម​រម​ភូមិ​ចុង​ផងដែរ​។

​ការសម្រេច​បោះបង់​មហិច្ឆតា​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អាមេរិក​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​និង​ជា​អតីត​អភិបាលរដ្ឋ Florida លោក ចេ​ប ប៊ូ​ស កំពុង​ក្លាយជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ក្នុងសង្គម​អាមេរិក​។

​ការដកខ្លួន​ចេញពី​សង្វៀន​នយោបាយរ​បស់​ប្អូន និង​កូនប្រុស​អតីត​ប្រធានាធិបតី​អាមេរិក លោក ចេ​ប ប៊ូ​ស កើតឡើង​ក្រោយពេល​លោក​បានទទួល​សំឡេងគាំទ្រ​ត្រឹម ៧.៩ ភាគរយ​នៅក្នុង​ការបោះឆ្នោត​ក្នុងចំណោម​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ South Carolina កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​លោក ចេ​ប ប៊ូ​ស ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នៅ​យប់​ថ្ងៃ​សៅរ៍​ទាំង​ខកចិត្ត​ចំពោះ​លទ្ធផល​នៅ South Carolina ថា​៖« ប្រជាជន​នៅ​រដ្ឋ Iowa , New Hampshire និង​នៅ South Carolina បានបង្ហាញ​អារម្មណ៍​ពួកគេ ហើយ​ខ្ញុំ​ក៏​គោរព​ការសម្រេចចិត្ត​របស់គេ​ដែរ​។ ដូច្នេះ​យប់​នេះ​ខ្ញុំ​សម្រេច​ថា​នឹង​ព្យួរ​ការឃោសនាបោះឆ្នោតរ​បស់​ខ្ញុំ​តែម្តង​»​។  

​ក្នុងការ​បោះឆ្នោត​នេះ សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ បាន​នាំមុខគេ ដោយ​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់ ៣២.៥​ភាគរយ ហើយ​លោក Marco Rubio ទទួល​បានទទួល​សំឡេងគាំទ្រ​លេខ​រៀង​ទី​២ ខណៈ​លោក Ted Cruz បាន​លេខ​រៀង​ទី​៣ ។

​គេ​ឃើញថា ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​៨​ខែ​មកនេះ ដូ​ណា​ល់​ត្រាំ តែងតែ​ចម្អក​ឲ្យ ចេ​ប ប៊ូ​ស ផង​ថា លោក ចេ​ប ប៊ុ​ស គ្មាន​កម្លាំងកំហែង​ប្រកួតប្រជែង​ក្នុង​បក្ស​សោះ​។ សូម្បីតែ អ្នកគាំទ្រ​និង​អ្នកផ្តល់ជំនួយ​ដល់​ដល់​ការឃោសនាបោះឆ្នោត​របស់ លោក ចេ​ប ប៊ូ​ស ក៏បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ផងដែរ​ចំពោះ​លោក ដែល​មិនអាច​ទាញ​ការគាំទ្រ​បាន​ច្រើន​ពី​ប្រជាជន​អាមេរិក​សោះ ពោលគឺ​មិនបាន​សូម្បី ១០​ភាគរយ​។

​ពួកគេ​អះអាងថា លោក ចេ​ប ប៊ូ​ស គួរតែ​អាច​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​យ៉ាងតិចណាស់​ក៏បាន ១០ ភាគរយ​ដែរ ព្រោះ​កន្លងមក​បងប្រុស​រប​ស់លោក​ដែលជា​អតីត​ប្រធានាធិបតី​លោក ចប ដា​ប៊ិ​ល យូ​ប៊ូ​ស នោះ​ក៏​ចេញមុខ​ជួយ​ឃោសនា​ឲ្យ​លោក​ដែរ​។ លោក ចេ​ប ប៊ូ​ស មាន​ជីតា​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក មាន​ឪពុក​និង​បងប្រុស​ជា​អតីត​ប្រធានាធិបតី​អាមេរិក​ផង​។ ដូច្នេះហើយ​ទើប​គេ​រំពឹង​ខ្ពស់​ថា លោក​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក​។​

​យ៉ាងណាក៏ដោយ ការដកខ្លួន​ចេញ​របស់លោក ចេ​ប ប៊ូ​ស​នេះ​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​មហាសេដ្ឋី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​នាំមុខ​គ្នា​ក្នុង​បក្ស​នោះ​។ បេក្ខជន​នាំមុខគេ​លោក ដូ​ណា​ល់ ត្រាំ នេះ​អាច​នឹង​ក្លាយជា​បេក្ខជន​ចុងក្រោយ​ក្នុង​បក្ស​ដែល​ត្រូវ​ចេញទៅ​ប្រជែង​យក​តំណែង​ជាមួយ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ផង​នៅពេល​ខាងមុខ​៕