ខ្ញុំ​គួរ​ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ ព្រោះ​​ប្តី​ចូលចិត្ត​ស្រី ស្រា ដើរ​ដាច់​យប់​មិន​កែខ្លួន​?

Doliprane TVC

លោក​ប្តី​របស់​នាង​ខ្ញុំ​មិនសូវ​នឹកនា​ផ្ទះសម្បែង​ប៉ុន្មាន​ទេ គាត់​តែង​ដាច់​យប់​នៅ​ខាងក្រៅ ពេលខ្លះ​ជាង​មួយ​សបា្តហ៍​ទើប​ឃើញ​អើត​មក​ផ្ទះ​ម្តង ។ ពេល​ចូល​ផ្ទះ​ម្តងៗ​គាត់​តែង​ស្រវឹង​ជានិច្ច ចំណែក​ប្រាក់​ដែល​គាត់​រកបាន​មិនដែល​ឃើញ​សល់​សោះឡើយ ។ ​ជិត ១២ ឆ្នាំ​មកហើយ​ដែល​យើង​រៀបការ តែ​ប្រហែល ៥ ឆ្នាំ​ចុងក្រោយនេះ​គាត់​តែង​ធ្វើបាប​នាង​ខ្ញុំ​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវចិត្ត ។ កាលពី​ទើប​រៀបការ គាត់​ជាម​នុស្ស​ត្រឹមត្រូវស្រឡាញ់​គ្រួសារតែងមាន​ពេល​សម្រាប់​ប្រពន្ធ​-​កូន ប៉ុន្តែក្រោយពី​មាន​ប្រាក់ គាត់​ចាប់ផ្តើម​បែកឆ្វេង ។ ប្រហែល ៦ ឆ្នាំ​ចុងក្រោយ​គាត់ចាប់​អាជីព​ជា​អ្នកទទួល​បិទ​ផ្ទាំង​បា្ល​ស្ទិ​ក​អក្សរ​លើ​កញ្ចក់ ។ ពេល​រកបាន​ប្រាក់ច្រើន​គាត់​ក៏​ចាប់ផ្តើម​ចេះ​ផឹក​ដាច់​យប់ ។ ដំបូង​នាង​ខ្ញុំ​ជឿ​សម្តី​គាត់​ដែលថាចាំបាច់​ទើប​គាត់​ធ្វើបែបនេះ​តែ​ការផឹកស៊ី​ស្រី​ញី​ដាច់​យប់​ច្រើន​ថ្ងៃ​របស់គាត់ចេះតែ​ញឹកញាប់​ឡើងៗ ។ ប្រាក់​ដែល​គាត់​ធ្លាប់​ឱ្យ​នាង​ខ្ញុំ​សម្រាប់​ដោះស្រាយជីវភាព​ក៏​កាន់តែ​តិច​ទៅៗ ហើយ​គាត់​តែង​គេច​ពី​ផ្ទះ គេច​ពី​ការទទួលខុសត្រូវក្នុង​គ្រួសារ ។

ម៉ូតូ​មួយគ្រឿង​របស់គាត់ និង ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​​ខ្ញុំខំ​សន្សំ​ប្រាក់​ទិញ​ឱ្យ​គាត់​ជិះក៏​គាត់​លក់​ចាយ​អស់រួច​កុហកថា​ចាញ់បោក​គេ ។​​ពេល​គាត់​ចូល​ផ្ទះ​ម្តងៗ គឺ​ស្អុយ​តែ​ស្រា​ជាងនេះទៀត​គាត់​តែង​ប្រើ ហិង្សា​ផ្លូវភេទ​មកលើ​នាង​ខ្ញុំ​សូម្បីតែ​ពេល​នាង​ខ្ញុំ​មិន​ស្រួលខ្លួន ។ ថ្មីៗ​នេះ​ការឈ្លោះប្រកែក​គ្នា​របស់​យើង​ចេះតែ​កើត​ឡើងជា​បន្តបន្ទាប់រហូតដល់​នាង​ខ្ញុំទ្រាំលែងបាននាង​ខ្ញុំ​បានដាក់​ពាក្យ​ប្តឹង​សុំ​លែងលះ​តាមផ្លូវ​ច្បាប់ ។ ពេលនោះ​គាត់​ហាក់​ភ្ញាក់ខ្លួន​ដូច​«​ខ្មោច ៧ ថ្ងៃ​»​ហើយ​សុំទោស​គ្រប់យ៉ាង ថែមទាំង​សន្យាថា​នឹង​ឈប់​ធ្វើបាប​ប្រពន្ធ​-​កូន​ទៀតហើយ ។

ខ្ញុំ​គួរ​ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ ព្រោះ​​ប្តី​ចូលចិត្ត​ស្រី ស្រា ដើរ​ដាច់​យប់​មិន​កែខ្លួន​?

​ដោយសារតែ​ឪពុកម្តាយ និង ប្អូន​អង្វរ តល់យោបល់​ច្រើន​នាង​ខ្ញុំ​ក៏​លើក​លែងឱ្យ​គាត់ ប៉ុន្តែ​ការសន្យា​របស់គាត់​គ្មាន​ន័យ គឺ​មិនបាន​មួយខែ​ផង​សកម្មភាព​ចាស់​ចាប់ផ្តើម​ឡើងវិញ ត់​នៅតែ​ប្រព្រឹត្ត​ដូច​មុន​ដដែល ។ រីឯ​ប្រាក់​ដែល​គាត់​រកបាន​អាច​ច្រើនជាង ៣ ទៅ ៤ ដង ប​នឹង​ប្រា​ក់ជាង ១៥០ ដុល្លារ ដែល​គាត់​ផ្តល់​មក​នាង​ខ្ញុំ​សម្រាប់​ដោះស្រាយ​ជីវភាព ។ នាង​ខ្ញុំ​មិន​ចង់ឱ្យ​កូនកំព្រា​ឪពុក​ដូចដែល​ធ្លាប់​ឃើញ​ក្នុងសង្គម​បច្ចុប្បន្ន ប៉ុន្តែ​ទង្វើ​របស់​ប្តី​ធ្វើឱ្យ​នាង​ខ្ញុំ ឆ្អែត​ចិត្ត​ខ្លាំងណាស់នាង​ខ្ញុំ​ទ្រាំលែងបាន​ទៀតហើយ ។ ​សូម​សួរថា​នាង​ខ្ញុំ​គួរ​ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ម្តងទៀត​ឬទេ ? ហើយ​ប្តីនាង​ខ្ញុំ​អាច​នឹងមាន​ថ្ងៃ​កែខ្លួន​ឬ​អត់ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​មនុស្ស​គ្រប់គ្នា​តែង​ប្តូរផ្លាស់​ទាំង​ចិត្ត​ទាំង​កាយ​ទាំង​របស់​ក្រៅ​ខ្លួន នៅពេល​ពួកគេ​ជា​មនុស្ស​ងាយ​នឹង​បត់បែន​តាម​កាលៈទេសៈ តាម​ការប្រែប្រួល​របស់​សង្គម ។​ល​។ ប្រសិន​មិនមាន​ការរារាំង​ពី​បញ្ហា​អ្វីមួយ​ធំ និង ជា​បន្តបន្ទាប់​នោះទេ ការប្រែប្រួល​នេះ​នឹងមិន​ងាយ​ដល់​ថ្ងៃ​បញ្ចប់ ។ ​អ្វីដែល​នាំឱ្យ​ស្វាមី​របស់​នាង​ប្រែចិត្ត​ទាំងស្រុង​បែបនេះ​ក៏​ព្រោះតែ​ជាតិ សុរា ដែល​បានធ្វើឱ្យ​គាត់​ដើរ​ផ្លូវ​មិនល្អ ហើយ​មូល​ហេតុដែល​គាត់​ត្រូវ​ចេះ ផឹកស៊ី​ស្រី​ញីនៅ​ខាងក្រៅ​អាចមកពី​ការ​បបួល​របស់​មិត្តភក្តិ និង​ការ​កាក់ កប​ក្នុង​អាជីព​របស់គាត់​ស្របពេល​គាត់​ជា​មនុស្ស​ឆាប់​ប្រែប្រួល​ឆាប់​ចេះបត់បែន​តាម​កាលៈទេសៈ ប៉ុន្តែ​ការបត់បែន​របស់គាត់​គឺ​បាន​បត់​ទៅរក​ផ្លូវ​អាក្រក់ ។ និយាយ​រួម​បទពិសោធ​ក្នុងសង្គម​ថ្មី​របស់​ស្វាមី​នាង​បាន​បណ្តាលឱ្យ គាត់​ក្លាយជា​មនុស្ស​ផ្សេង​ទាំងស្រុង ដោយ​គិតថា​ខ្លួន​បាន​ដើរ​លើផ្លូវ​ត្រឹមត្រូវ ហើយ​ស្មានថា​ទង្វើ​អាក្រក់​របស់ខ្លួន​ជា​រឿង​សាមញ្ញ​របស់​មនុស្ស​ប្រុស ហើយ គាត់​នឹង​នៅតែ​ធ្វើ​បន្ត​នៅពេល​គ្មាន​ឧបសគ្គ ។​

​និយាយ​ពី​នាង​វិញ​«​ប្រជាប្រិយ​»​សុំ​សរសើរ​ចំពោះ​ភាព​អំណត់​អត់ធន់ និង មនោសញ្ចេតនា​ស្រឡាញ់​គ្រួសារ​របស់​នាង ព្រោះ​នៅក្នុង​យុគសម័យ នេះ​មើលឃើញថា​ស្ត្រី​ភាគច្រើន​មានការ​យល់ដឹង​ខ្ពស់ ពួកគេ​ចេះ​ប្រើប្រាស់ សិទ្ធិ​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា និង ដើម្បី​ចាក​ផុតពី​ទុក្ខវេទនា​ដែល ដៃគូ​ស្នេហា​របស់ខ្លួន​បានធ្វើ​ចំពោះ​ពួកគេ ប៉ុន្តែ​ចំពោះ​នាង​វិញ ជឿថា​នាង ក៏​ចង់​ប្រើ​សិទ្ធិ​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ តែ​ទឹក​ចិត្តជា​ម្តាយ​ល្អ ជា​ប្រពន្ធ​ល្អ​របស់​នាង​បាន​ជួយ​ឱ្យ​នាង​អាច​ស៊ូទ្រាំ​នឹង​ទង្វើ​មិនល្អ​របស់​ប្តី​បានជា​ច្រើន​ឆ្នាំ ក៏​ព្រោះតែ​ចង់​រក្សា​គ្រួសារ​មួយ​នេះ​កុំឱ្យ​បែកបាក់​ដែលនាំឱ្យ​កូនកំព្រា ។

ប៉ុន្តែ​ការ​ស៊ូទ្រាំ​ដើម្បី​រក្សា​គ្រួសារ​តែមួយ​ភាគី​បែបនេះ ពិតជា​ពិបាក​នឹង​សម្រេចបាន​ផល​ល្អ ។ ក្នុងករណីនេះ​នាង​ត្រូវ​បញ្ចេញ​សកម្ម​ភាពលេច ធ្លោ​ជា​បន្តបន្ទាប់​ដើម្បី​កែប្រែ​ស្ថានការណ៍ ។​
​ជា​យោបល់​របស់​«​ប្រជាប្រិយ​»​នាង​គួរ​បន្តសកម្មភាព​ដែលមាន​លក្ខណៈ​បំភ័យ​គឺ​ការ​លែងលះ ។ ចូរ​ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ម្តងទៀត​ទៅកាន់​ស្ថាប័ន​ដែល​នាង​ធ្លាប់បាន​ដាក់ពាក្យ​លើក​ទី ១ ។ ការដាក់​ពាក្យ​ប្តឹង លែងលះ​លើក​ទី ២ នេះ នឹង​ក្លាយជា​សំណួរ​ធំ​មួយ​ដែល​ចោទសួរ​ស្វាមី​របស់​នាង​«​រវាង​គ្រួសារ និង ស្រី ស្រា បង​ជ្រើសរើស​មួយណា ?» ។

ក្នុងកំលុងពេល​ដោះស្រាយ​បញ្ហា​លែងលះ​នេះ នាង​ត្រូវ​សម្រេចចិត្ត​ឱ្យ​ប្រាកដថា ក្នុងករណី​គាត់​យល់ព្រម​លែងលះ នាង​ក៏ត្រូវ​ទទួលយក​ការបែកបាក់​នេះ​ដោយ​សប្បាយ និង គិតថា ខ្លួន​បាន​ចាក​ផុតពី​ទុក្ខវេទនា​ផ្លូវចិត្ត​ផ្លូវកាយ​ខំ​មើលថែ​កូន​ហើយ​អាច​ទទួលយក​បុរស​ល្អ​ដទៃ ប្រសិន​យល់ថា​ត្រឹមត្រូវ ។ ប៉ុន្តែ​ក្នុងករណី​ដែល​គាត់​មិន​យល់ព្រម និង ងាក​មក​ប្រើ​វិធី​ចាស់ គឺ​សុំទោស និង សន្យាថា​ឈប់​ប្រព្រឹត្ត​កំហុស​នាង​គួរផ្តល់​ឱកាស​ជា​លើកចុងក្រោយ​ដល់ គាត់ ប៉ុន្តែ​ត្រូវ​បង្ខំ​ឱ្យ​គាត់​ធ្វើ​រឿង​អ្វីមួយ ដូចជា​ស្បថ​នៅមុខ​ព្រះ​ក្នុង​វិហារ ស្បថ​ចំពោះមុខ​ឪពុកម្តាយ​ទាំងសងខាង​ធ្វើ​កិច្ចសន្យា​ដោយ​លាយលក្ខណ៍ អក្សរ​ជាដើម ដើម្បីឱ្យ​គាត់​នឹកឃើញ​ខ្មាស​ខ្លួនឯង​ខ្មាស​ញាតិ ឬ​ភ័យខ្លាច​បាត់បង់​ប្រពន្ធ​-​កូន ៕