ស.រ.អា និង​រុស្សី​ស្វះស្វែង​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ស៊ីរី

ស.រ.អា និង​រុស្សី​ស្វះស្វែង​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​នៅ​ស៊ីរី

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ចន ឃែរី (John Kerry) បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​មួយ ត្រូវ​បាន​សម្រេច​បាន​ជាមួយ​ប្រទេស​រុស្សី ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​ចាប់​ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​នេះ។

កិច្ច​ប្រឹងប្រែង​ចុងក្រោយ​បំផុត ដើម្បី​នាំ​មក​នូវ​យ៉ាងហោចណាស់​ការ​ផ្អាក​ការ​បាញ់​គ្នា​ជា​បណ្ដោះអាសន្ន​មួយ​ក្នុង​ប្រទេស​ស៊ីរី បាន​បន្ត​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​ស.រ.អា និង​រុស្សី ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​ជម្លោះ ឲ្យ​ទទួល​យក​សំណើរ​ឈប់​បាញ់​គ្នា​មួយ។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ចន ឃែរី (John Kerry) បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា កិច្ច​ព្រមព្រៀង​បណ្តោះអាសន្ន​មួយ ត្រូវ​បាន​សម្រេច​បាន​ជាមួយ​ប្រទេស​រុស្សី ហើយ​កិច្ច​ព្រមព្រៀង​នេះ​អាច​ចាប់​ផ្តើម​អនុវត្ត​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​នេះ។

លោក ឃែរី បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​រុស្សី​របស់​លោក​គឺ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​ Sergei Lavrov។ ក្រសួង​ការបរទេស​រុស្សី​និយាយ​ថា ប្រទេស​មហាអំណាច​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​នៃ​បទ​ឈប់បាញ់​គ្នា​នេះ​ហើយ។ ប៉ុន្តែ​ប្រមុខការទូត​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​សេចក្តី​ពិស្តារ​នៃ​បទ​ឈប់​បាញ់​គ្នា​នេះ​ទេ។

​ទោះបី​ជា​ការ​ចរចា​ម្តង​ទៀត​នេះ បាន​ផ្តោត​ទៅលើ​ការ​ឈប់​បាញ់​គ្នា​ក៏​ដោយ ក៏​អំពើ​ហិង្សា​នៅ​តែ​បន្ត​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្រុង​ Damasនិង​Homs អះអាង​ទទួល​ខុសត្រូវ។ ការ​វាយប្រហារ​នៅ​ក្រុង​Damas បាន​សម្លាប់​មនុស្ស​អស់​យ៉ាងតិច​៨៣​នាក់ និង​ការវាយប្រហារ​មួយ​ទៀត​នៅ​ក្រុង​Homs បាន​សម្លាប់​មនុស្ស​អស់​៥៩​នាក់៕