សិល្បៈ​និងវប្ប​​​ធម៌ &raquo ជ្រុង​មួយ​នៃ​សាសនា

ខេត្តសៀមរាប​៖  អ្នកស្រុក​អង្គរជុំ​ខេត្តសៀមរាប តែងតែ​នាំ​គ្នា ប្រារព្ធ​ពិធី​ឡើងអ្នកតា គ្រប់​ទីកន្លែង ឱ្យ​តែ​ដល់​ថ្ងៃ​៣​កើត ខែមាឃ​ធំ ទោះបី​ឆ្លងកាត់​សម័យកាល​រាប់​ពាន់​ឆ្នាំ សង្គ្រាម​ញ៉ាំ​ញី​ជា​ច្រើន វិទ្យាសាស្ត្រ​ទំនើប​យ៉ាងណា​ក្តី ក៏​ជំនឿ​មួយ​ចំនួន​នៅ​តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នត់គំនិត​និង​ជីវភាព​រស់នៅ របស់​ប្រជាជន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​ដល់​សព្វថ្ងៃ ពិសេស​អ្នកស្រុក​តំបន់​អង្គរ ដែល​ជាម​រត​ខ្មែរ​ពិត​ៗ​។​ជាក់ស្តែង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់ ថ្ងៃ​៣​កើត ខែមាឃ​ធំ អ្នក​ភូមិក​ក្រាញ់ សង្កាត់​សៀម​រាម ខេត្តសៀមរាប ទោះបី​ស្ថិត​នៅ​ជិត​ទីរួមខេត្ត​ក៏​ដោយ ការ​ប្រើប្រាស់​របស់ទំនើប​ដែល​រស់នៅ​ក្នុង​ជីវភាព​ស៊ី​វី​ល័យ​ក៏​ដោយ ក៏​ប្រជា​សហគមន៍​នៃ​វត្ត​អធ្វា​នៅ​តែ​រក្សា​បាន​នូវ​ទំនៀមទម្លាប់​ឡើង​មាឃ ឡើងអ្នកតា ចូល​រូប​ដែល​បន្សល់​ទុក​តាំងពី​បរម​បុរាណ​ឱ្យ​រស់​រវើក​ដដែល​។

ក្នុងថ្ងៃនេះ មិន​មាន​តែ​តំបន់​នេះ​ទេ ប្រជាជន​នៅ​តាម​ជនបទ​សង្កាត់​មាត់​ញក​នានា​នៃ​ខេត្តសៀមរាប ក៏​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ​ដូច​គ្នា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់ អ្នក​ភូមិ និង​ប្រជាជន​ទាំងអស់​។​ចំពោះ​ការ​រៀបចំ​គ្រឿង​រណ្តាប់​នៅ​ក្នុង​ពិធី​នេះ​មាន ស្លាធម៌ បាយសី ជុំ ៤​សម្រាប់​អ្នកតា និង​អ្នក​ចូល​រូប មាន​វង់ភ្លេង រួម​ទាំង​មាន​ម្ហូបអាហារ​ជា​ច្រើន​មុខ​ដែល​ប្រជាជន​យក​មក​រៀង​ៗ​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ពិធី​នោះ​។ មិនតែប៉ុណ្ណោះ​ក៏​មាន​ក្បាល​ជ្រូក មាន់​ស្ងោ ជា​ច្រើន​គូ​សម្រាប់​សំណែន និង​លាបំណន់ ថែម​ទាំង​មាន​បង្អែម ចម្អាប ផ្លែ​ឈើ នំនែក ទឹក ស្រា​ជាដើម ដើម្បី​ឱ្យ​អ្នកតា​សេពសោយ​ឱ្យ​បាន​បរិបូណ៌ មុន​នឹង​ទៅ​ស្រុកស្រែ​វិញ​។​ក្នុង​ការ​រៀបចំ​ពិធី​ឡើង​មាឃ​ធំ ឬ​ឡើងអ្នកតា​នៅ ប្រាសាទ​អធ្វា​នេះ មិនឃើញ​មាន​វត្តមាន​ព្រះសង្ឃ​និមន្ត​មក​សូត្រធម៌​នោះ​ទេ ទោះបី​កន្លែង​ប្រារព្ធ​ពិធី​នៅ​ក្នុង​វត្ត​ក៏​ដោយ ពោល​គឺ​មាន​តែ​លោកយាយ លោកតា ដែល​ជា​អ្នក​ចូល​រូប គឺជា​អ្នកស្រុក និង​ក្មេង​ៗ​ប៉ុណ្ណោះ ខុស​ពី​ពិធី​ដទៃ​ទៀត​ដែល​ជា​ជំនឿ​ពី​ដូនតា​ដូច​គ្នា​។

បន្ទាប់​ពី​រៀបចំ​សំណែន​ហើយ សំឡេង​ច្រៀង​និង​សំឡេង​ភ្លេង​ប្រគំ​អញ្ជើញ​គ្រូ​បាន​បន្លឺ​ឡើង ខណៈ​អ្នក​ចូល​រូប​អង្គុយ​បួងសួង រម្លឹក​គុណគ្រូ​ជា​បារមី​ឱ្យ​ចូល​សណ្ឋិត ក្នុង​ខ្លួន​។​ចំណែក លោកគ្រូ​ភ្លេង ម្នាក់​បាន​ប្រាប់​ថា ការ​ប្រគំ​ភ្លេង​ជា​ញឹកញាប់​ក្នុង​ពិធី​មាន​ប្រាំ​បទ​គឺ​៖ ១/​បទ​ម្លប់​ដូង​: សម្រាប់​អញ្ជើញ​គ្រូ​និង​សំពះគ្រូ  ២/​បទ​ទាក់ដំរី​: សម្រាប់​អញ្ជើញ​គ្រូ​ដែល​រវល់​ទៅ​ទាក់ដំរី​នៅ​ទី​ឆ្ងាយ ឱ្យមក​កាន់​កន្លែង​ពិធី ៣/​បទ​ច្រូង​: សម្រាប់​អញ្ជើញ​គ្រូ​តូច​គ្រូធំ​ដែល​នៅ​សេសសល់  ៤/​បទ​អុំទូក​:​សម្រាប់ អ្នក​ចូល​រូប រាំ​លេង​កម្សាន្ត ៥/ បទ​បញ្ចុះ​សម្រាប់​រាំ​លេង​បណ្តេញ​ព្រាយ​ដែល​ចូល​មក​យាយី​។ ក្រៅពី​៥​បទ​នេះ​ក៏​មាន​បទ​ជា​ច្រើន​ទៀត​ដែរ ដែល​ត្រូវ​ប្រគំ​រួម​នឹង​ចម្រៀង​តាម​សេចក្តី​ត្រូវការ​របស់​មេមត់ បើ​ភ្លេង​លេង​មិន​ត្រូវ​បទ​ដែល​មេមត់​ចូល​ចិត្ត គ្រូ​បារមី​នោះ​ក៏​មិន​ចូល​មក​សណ្ឋិត​ក្នុង​រូប​អ្នក​ស្នង​ដែរ​។​ចំពោះ​អ្នក​ចូល​រូប​មាន​គ្នា​៤​នាក់ ប្រុស​១ ស្រី​៣ ដែល​តំណាង​ឱ្យ​ស្តេច​នាគ​ខៀវ នាគ​ក្រហម (​ញី ឈ្មោល​មហារាជ មហាជម្ពូ បិតា​យមរាជ​ជាដើម រេ​រាំ​តាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយ​រីក រាយ​តែ​អង្គ​ឯង និង​លេង​ជាមួយ​អ្នកភ្លេង​ក៏​មាន​។

ពេល​ខ្លះ​ទៀត រូប​នោះ​ក៏​យំសោក​បោក​ខ្លួន ខឹង​ក្រោធ​នឹង​កូនចៅ ឬ​បុគ្គល​ណាមួយ​ដែល​ជិះជាន់​គាត់​។ ខ្លះ​ទៀត​ក៏​សេពសោយ​អាហារ សុរា​តាម​ចំណូលចិត្ត ព្រមទាំង​និយាយ​ប្រាប់​កូនចៅ​ពី​បំណង​របស់​ខ្លួន​តាម​ការ​សួរនាំ​។​តាម​ប្រភព​ពី​អ្នកស្រុក​បាន​ប្រាប់​ថា ចំពោះ​បារមី​នៅ​វត្ត​អធ្វា មាន​លោកតា មហារាជ មហាជម្ពូ កេស​មាលា ស្រី​ខ្មៅ មហា​សម្បថ ស្តេច​ភុជង្គនាគ យមរាជ យាយ​ប៉ុក តា​មឿង​។​ល​។ ដែល​អ្នកស្រុក​ទាំងអស់​មានការ​ជឿជាក់​គោរព​បូជា​យ៉ាង​ខ្លាំង​មក​ដល់​សព្វ​ថ្ងៃនេះ​។ ពេល​មានទុក្ខ​ភ័យ អ្នកស្រុក​ទាំង​អស់នោះ​តែងតែ​មក​បន់ស្រន់ បញ្ចូល​រូប​ហើយ​ពេល​បានជា​សះស្បើយ​ឬ​សម​ដូច​បំណង គេ​តែង​យក​សំណែន​មក​សែន​លាបំណន់​។ ម្យ៉ាងទៀត​ពេល​ចូល​រូប អ្នកស្រុក​ក៏​តែង​ឱ្យ​បារមី​ជួយ​ទស្សន៍​ទាយ​មើលជំងឺ និង​សុំ​ទឹកមន្ត​ដើម្បី​លុបលាង​មុខ ផឹក ប្រោះព្រំ​ឱ្យ​មាន​សិរី​សួស្តី ឈ្នះ​ជំងឺ​រោគា និង​ឧបទ្រពចង្រៃ​ផ្សេង​ៗ​ផង តាម​ជំនឿ​របស់​ពួក​គាត់​។​លុះដល់​កិច្ច​ចុងបញ្ចប់ គេ​ក៏​រៀប​គ្រឿង​សំណែន​ដែល​បាន​សែន​ហើយ​យក​ទៅ​ចោល​នៅ​ទី​សមគួរ​ឬ​ក៏​ដាក់​សំពៅ សែង​ទៅ​ចោល​នៅ​កន្លែង​ណាមួយ​តាម​ទម្លាប់  បន្ទាប់​ពី​ដូនតា​បាចអង្ករ​ប​ញ្ជេះ​ហើយ​។

ជា​ធម្មតា​ទំនៀម​របស់​អ្នកស្រុក​ចំណុះ​ជើងវត្ត​អធ្វា គេ​ធ្វើ​ពិធី​ឡើងអ្នកតា​ឬ​ឡើង​មាឃ​នេះ​ដល់​ទៅ​៣​កន្លែង​ក្នុង​ពេល​តែ​មួយ គឺ​នៅ​ប្រាសាទ​អធ្វា ទួល​យាយ​ប៉ុក (​អ្នក​ចូល​រូប​មាន​តែ​ម្នាក់​) និង​ទួល​តា​មឿង (​អ្នក​ចូល​រូប​មក​ជុំ​គ្នា​ទាំងអស់​) ហើយ​មាន​បែប​សណ្ឋាន​នៃ​ការ​ប្រារព្ធ​ពិធី​ដូច​ៗ​គ្នា ខុស​តែ​ចំនួន​អ្នក​ចូល​រូប​ប៉ុណ្ណោះ គឺ​ស្លៀក​ស​ពាក់​ស ។​លោកយាយ រួម អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិក​ក្រាញ់​និង​ជា​ពុទ្ធបរិស័ទ​នៃ​វត្ត​ប្រាសាទ​អធ្វា​បាន​ប្រាប់​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ថ្ងៃ​៣​កើត មាឃ​ធំ គឺ​គាត់​និង​អ្នក​ភូមិ​តែង​មក​ជុំ​គ្នា​នៅ​ប្រាសាទ​អធ្វា​ដើម្បី​រៀបចំ​ពិធី ឡើង​លោកតា​។ មួយ​ឆ្នាំ​គេ​ធ្វើ​២​ដង គឺ​៣​កើត មាឃ​ធំ ខែ​ទឹកទន្លេ​ចុះ គេ​បញ្ជូន​លោកតា​ទៅ​ក្រោម (​ស្រុក​) វិញ និង​៣​កើត ខែ​ពិសាខ ខែ​ទឹកទន្លេ​ឡើង គេ​អញ្ជើញ​លោកតា​ឡើងគោក ដើម្បី​សុំ​ឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើស្រែ​ចំការ​បាន​ល្អ ទទួល​បាន​ភោគផល​ច្រើន​។ ពិធី​នេះ​មិន​ដែល​អាក់ខាន​ធ្វើ​ឆ្នាំ​ណា​ទេ បើ​មិន​ធ្វើ​មាន​ជំនឿ​ថា កូនចៅ​នឹង​គ្មាន​ក្តី​សុខ មាន​គ្រោះ​ពេញ​ភូមិ​ស្រុក​មិន​ខាន​។

លោកយាយ​បន្ត​ទៀត​ថា ពិធី​នេះ​គាត់​ឃើញ​តាំងពី​តូច​ៗ​ម្ល៉េះ ហើយ​បន្ត​ធ្វើ​រហូត​ដល់​បច្ចុប្បន្ន​។ ចំពោះ​គាត់​អ្នកតា​គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ អ្នក​ថែរក្សា​ស្រុក អ្នក​ឃុំគ្រង​កូនចៅ​ឱ្យ​បាន​សុខ​សប្បាយ​គួរ​ឱ្យ​គោរព​បូជា មិន​អាច​មើលងាយ​ឬ​លេងសើច​បាន​ទេ​។​លោកយាយ ទឹម អាយុ​៧៥​ឆ្នាំ ជា​អ្នក​ស្នង​រូប មហារាជ ៥​ឆ្នាំ មក​ហើយ​មានស្រុក​កំណើត​នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​បាន​ប្រាប់​ថា រាល់ពេល​ឡើង​មាឃ គាត់​ជា​តួ​បារមី​ម្នាក់​ក្នុង​ចំណោម​បារមី​ទាំង​៤​។ ពី​មុន​គាត់​ជា​មនុស្ស​ធម្មតា ក្រោយមក​លោកតា​ប្រាប់​ថា ចង់​នៅ​ជាមួយ​ក៏​មាន​បារមី​មក​សណ្ឋិត ហើយ​គាត់​គោរព​ដល់​សព្វថ្ងៃ​។​ការ​ធ្វើ​ពិធី​ឡើង​មាឃ​នេះ​មាន សារៈសំខាន់​ណាស់​សម្រាប់​កូនចៅ ជា​ការ​គោរព​ដឹងគុណ​ដល់​លោកតា​ម្ចាស់​ស្រុក ដែល​បាន​ថែរក្សា​ភូមិករ​ឱ្យ​បាន​សុខសាន្ត ហើយ​ពិធី​នេះ​មិន​ដែល​ចោលការ​បញ្ចូល​រូប​ទេ​រាល់​ៗ​ឆ្នាំ​។ លោកយាយ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទំនៀមទម្លាប់​នេះ​ដែរ ព្រោះ​ក្មេង​ៗ​ជំនាន់​ក្រោយ​មិនសូវ​មាន​អ្នក​ណា​គេ​ចង់​ធ្វើ​ជា​អ្នក​ចូល​រូប​ទេ ខ្លាច​ខ្មាស​គេ ហើយ​ពួក​គេ​ក៏​រវល់​ច្រើន​ក្នុង​រឿង​រកស៊ី​ចិញ្ចឹមជីវិត​ផង​ដែរ​។​

លោកតា កែវ អាយុ​៦៥​ឆ្នាំ អ្នក​ស្នង​រូប​ស្តេច​នាគ​ឈ្មោល រស់នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប​បាន​ប្រាប់​ថា អ្នកតា​មាន​២​ប្រភេទ​៖ ១/​ពួក​ទេវតា​រក្សា​ព្រះ​នគរ ប្រជាជន​ខ្មែរ​ហៅ​ថា អ្នកតា​ព្រះ​ស្រុក  ២/​អ្នកតា​រក្សា​ខេត្ត​ស្រុក​ទាំងឡាយ ហៅ​ថា អ្នកតា​ម្ចាស់​ស្រុក​។ លក្ខណៈ​រូប​នៃ​អ្នកតា​មាន​ជា​ដុំ​ថ្ម គល់​ឬ​មែកឈើ ដំបូក ឬ​ទួល​ក្តី នៅ​តាម​ប្រាសាទ និង​ខ្ទម​ដែល​ប្រជាជន​សង់​ឱ្យ ហើយ​ត្រូវ​បាន​គេ​គោរព​តាំងពី​សម័យ​បុរេប្រវត្តិ​មក​ម្ល៉េះ​។ ការ​បូជា​ជំនឿ​នេះ​មិនមែន​ជា​រឿង​អកុសល​ទេ ពីព្រោះ​ខ្មែរ​មិនមែន​បូជា​ថ្ម ដំបូក​នោះ​ទេ ប៉ុន្តែ​វិញ្ញាណ​ឬ​បារមី​ស័ក្ដិសិទ្ធិ​របស់​ដូនតា​ដែល​មក​ប្រថាប់​ក្នុង វត្ថុ​នោះ​ប្រកបដោយ​ម​ហិ​ទ្ធ​ឫទ្ធិ​គួរ​ឱ្យ​ស្ញប់ស្ញែង​ក្រៃ​លែង​។​ដោយឡែក​ទាក់ទង​នឹង​ពាក្យ​អ្នកតា និង​អត្ថន័យ​នៃ​ការ​ឡើងអ្នកតា​តាម​ការ​ពន្យល់​នៅ​ក្នុង​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ថា អ្នកតា​ឬ​អ្នក​ជីតា ជា​ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ប្រុស​ឬទេ​ព្រ័​ក្ស​ប្រុស​ដែល​មាន​ខ្ទម​ឬ​រោង អាស្រម​ជា​លំនៅ​ឬ​ឥត​លំនៅ​។

ក្នុង​នោះ​ក៏​មាន​ពាក្យ​អ្នកដូន​ឬ​អ្នក​ជីដូន​ឬ​អ្នក​យាយ​ផង​ដែរ ជា​ពាក្យ​សម្រាប់ ហៅ​ភូត​បិសាច​ស្រី​ឬទេ​ព្រ័​ក្ស​ស្រី​ដែល​មាន​ខ្ទម​ឬ​រោង អាស្រម​ជា​លំនៅ ហើយ​ខ្មែរ​យើង​ច្រើន​និយាយ​ថា អ្នកតា អ្នកដូន ពាក្យ​នេះ​ជា​គូ​នឹង​គ្នា​។ សរុប​មក​ឡើងអ្នកតា​មាន​ន័យ​ថា ការ​ប្រជុំ​គ្នា​ធ្វើ​សក្ការៈ​ចំពោះ​អ្នកតា​ដើម្បី​គំនាប់​អ្នកតា​ឬ​សុំ​ទឹកភ្លៀង​អ្នកតា​ជាដើម​។
    រីឯ អ្នកប្រាជ្ញ និង​អ្នក​ស្រាវជ្រាវ​ជា​ច្រើន បាន​បញ្ចេញ​មតិយោបល់​ខុស​គ្នា​ពី​បញ្ហា​នេះ ដោយ​អ្នកខ្លះ​មាន​មតិ​ថា​៖ អ្នកតា​គឺជា​ព្រលឹង​របស់​បុព្វបុរស​ឬ​ជា​ជំពូក​វីរបុរស​ប្រចាំ​ស្រុក​តំបន់ ណាមួយ ពេល​ស្លាប់​ទៅ​ក្លាយជា​អ្នកតា (​អ្នកតា​ឃ្លាំងមឿង​ជាដើម​)​។ ខ្លះ​យល់​ថា​៖ អ្នកតា​ជា​ពួក​បុព្វបុរស​មាន​ជីតា​ជាដើម ពុំ​ចាំបាច់​មាន​មហិទ្ធិឫទ្ធិ​ទេ ពេល​ស្លាប់​ហើយនឹង​ក្លាយជា​ខ្មោច​មួយ​ពួក​ចាំ​ថែរក្សា​កូនចៅ​។​អ្នក​ផ្សេង​ទៀត​ថា​៖ អ្នកតា ក្លា​យមក​ពី​ពាក្យ ទេវតា ដែល​ជំនាន់​ដើម​ប្រហែល ហៅ​អ្នក​ទេវតា តែ​យូរ​ទៅ​ក៏​ហៅ​ត្រឹម អ្នកតា​។

បើ​និយាយ​ចំពោះ​ស្រុក ខេត្ត​ដែល​ប្រារព្ធ​ពិធី​នេះ តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​ជាតិពន្ធុវិទ្យា​និង​នរវិទ្យា លោក​សាស្ត្រាចារ្យ អាំង ជូ​លាន បាន​សរសេរ​ថា តាម​ពិត​ទៅ​ពុំ​មែនមាន​តែ​ខេត្តសៀមរាប​ទេ តំបន់​ច្រើន​ទៀត ប៉ែក​ខាងជើង​ប្រទេស ធ្លាយ​ចូល​ដល់​ខេត្ត បូ​រី​រម្យ​និង​សូ​រិ​ន្ទ្រ​ដែល​សព្វថ្ងៃ​ស្ថិត​ក្នុង ប្រទេស​ថៃ​ឡង់​ដ៍​ក៏​គេ​នៅ​តែ​ជ្រើសរើស​ថ្ងៃនេះ ឬ​ពុំ​ដូច្នោះ​ទេ​ក៏​នៅ​ចង កថា​ថ្ងៃ​ឡើង​មាឃ​គេ​ធ្វើ​នៅ​ថ្ងៃនេះ​ដែរ​។ ប៉ុន្តែ​ក៏​មាន​អ្នកស្រុក​ភូមិភាគ​ច្រើន ដែល​រើស​វេលា​ខុស​ពី​ថ្ងៃនេះ តែ​ភាគច្រើន​ក៏​ស្ថិត​នៅ​ខាង​ខ្នើត​ខែមាឃ​ធំ​ដដែល​៕