លី​ពូថៅ​ទៅ​កាប់​គូទំនាស់​មិនបាន​សម្រេច​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​

​ខេត្តកំពង់ឆ្នាំង​៖ បុសរ​ជា​ជនល្មើស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឡៀម​ព័ទ្ធចាប់​ខ្លួន ដោយបាន​ប្រើពេល​ជាង​២០​នាទី​ទើប​ចាប់ខ្លួនបាន ក្រោយពេល​គេ​កំពុង​ក្រពុលមុខ​កាន់​ពូថៅ​ដេញ​កាប់​គូទំនាស់​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅមុខ​ហាង​លក់​កាហ្វេ​មួយកន្លែង​នៅ​ផ្សារ​ក្រោម​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនល្មើស​រូបនោះ​មាន ឈ្មោះ ហង្ស ខន អាយុ​២៨​ឆ្នាំ រស់នៅក្នុង ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ តាម​ចម្លើយ ជនល្មើស​ខាងលើ​បាន​សារភាព​អោយ​សមត្ថកិច្ច​ដឹងថា​៖ ជា​រៀងរាល់ថ្ងៃ​រូបគេ​តែងតែ​ទៅ​ផឹក​កាហ្វេ​នៅ ហាង​ខាងលើនេះ ហើយ​តែងតែ​ត្រូវ​ឈ្មោះ គាំ បាន​វ៉ៃ​ក្បាល ២-៣​ដៃ លេង និង​ពេលខ្លះ​យក​កែវ​មក​វ៉ៃ ក្បាល​លេង​ទៀតផង ធ្វើអោយ​រូបគេ​ឈឺក្បាល ឈឺចាប់​ក្នុង​ចិត្ត និង​ខ្មាស់​គេ​ទៀតផង​។ ទើប​នៅ​ព្រឹក​កើតហេតុ​រូបគេ​ដឹងថា​ឈ្មោះ គាំ ពិតជា​មក​ផឹក​កាហ្វេ​នៅ​ហាង​នេះ​ជាពុំខាន ទើប​សម្រេចចិត្ត លី​ពូថៅ​ចេញពីផ្ទះ សំដៅទៅ​ហាង​កាហ្វេ​នេះ បំណង​ទៅ​កាប់ ឈ្មោះ គាំ អោយស្លាប់​តែម្តង តែ​ចៃដន្យ​ឈ្មោះ​គាំ បានដឹងខ្លួន ក៏​រត់​ចេញពី​ហាង​កាហ្វេ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​
​ ​
លោក ម៉ា យន្ត បានបញ្ជាក់​ទៀតថា​៖ បន្ទាប់ពី​ឈ្មោះ គាំ បាន​រត់​ចេញទៅ ជនល្មើស​ខាង លើ​បាន ស្រែក​ឡូឡា យក​ពូថៅ​គម្រាម​គេឯង​ថា​៖ អាណា​ហ៊ាន​ចូល​អញ​កាប់ តែ​អញ​រកតែ​មុខ​អា​គាំ ទេ​មក ជម្រះបញ្ជី​គ្នា​ម្តង​។ ពេលនោះ​ដែល​លោក និង​សមត្ថកិច្ច​បាន​ទៅដល់ ហើយ​បម្រុង​ចូលទៅ​លួ​ម​លោម យក ពូថៅ តែ​ត្រូវ​ឈ្មោះ​នេះ​យា​ពូថៅ​កាប់​មកលើ​រូបលោក ហើយ​លោក​ក៏​ហក់​រត់ចេញ​ទាន់ បន្ទាប់មក សមត្ថកិច្ច​បាន​ប្រើ​មធ្យោបាយ​ត្រជាក់​លួង​លួ​ម​យ៉ាងណា​ក៏​ឈ្មោះ​នេះ​មិន​ស្តាប់​និង​មិន​ព្រម​ប្រគល់​ពូថៅ​អោយ ទើប​សមត្ថកិច្ច​ប្រួត​គ្នា​សម្រុក​ចូលចាប់​ដកហូត​ពូថៅ ទាំង​ប្រថុយ​ប្រ​ថា​យ ទើប​ចាប់ខ្លួនបាន​តែម្តង ។​

​ជនល្មើស​រូបនេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ទៅកាន​ស្នង ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បន្ថែម​តាម​និតិ​វិធី​ច្បាប់ បញ្ជូនទៅ​តុលាការខេត្ត​៕​រិ​ទ្ធិ ជ័យ​

KA-22-02-2016-17 KA-22-02-2016-18