របាយការណ៍​៖ អាមេរិក និង​រុស្ស៊ី​បន្តកាន់កាប់​ជំនួញ​សព្វាវុធ​ពិភពលោក

​របាយការណ៍​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​ស៊ុយអែត​បានបង្ហាញ​ថា អាមេរិក​បន្តកាន់កាប់​តំណែង​លេខ​រៀង​ទីមួយ​ជា​ប្រទេស​ដែល​នាំ​សព្វាវុធ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​។ ចំណែក​រុស្ស៊ី​ឯណោះ​វិញ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ២ ខណៈដែល ឥណ្ឌា ចិន អា​រ៉ា​ប៊ី​សា​អូឌីត និង អារ៉ាប់​រួម​នោះ​ជា​រដ្ឋ​ដែល​នាំចូល​អាវុធ​ច្រើនជាងគេ​។​

​សហរដ្ឋអាមេរិក និង​រុស្ស៊ី​នៅតែ​បន្ត​ជា​ប្រទេស​ដែល​នាំ​សព្វាវុធ​ទៅកាន់​ទីផ្សារ​ពិភពលោក​ច្រើនជាងគេ ខណៈដែល​នាំចូល​អាវុធ​នៅ​តំបន់​អាស៊ី​ក៏​បន្ត​កើនឡើង​កាន់តែខ្លាំង​ទៀត​។ បើតាម​របាយការណ៍​វិទ្យា​ស្ថាន​ស្រាវជ្រាវ​សន្តិភាព ស៊ុយអែត ដែល​ទើប​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុង​វ៉ាស៊ីនតោន​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ហើយ​រុស្ស៊ី​នៅ​លេខ​រៀង​ទី​២ ហើយ​សព្វាវុធ​ទាំងនោះ​រាប់ទាំង​លក់​និង​ជំនួយ​ទៅកាន់​អាស៊ី អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ផង​។​

​ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៥ សព្វាវុធ​នាំ​ចេញពី​សហរដ្ឋអាមេរិក​ទាំង​លក់​និង​ផ្តល់ជំនួយ​កើនឡើង​១៤​ភាគរយ បើ​ប្រៀបធៀប​រយៈពេល ៥ ឆ្នាំមុន​នោះ ដោយ​ធ្វើ​ឲ្យ​អាមេរិក​កាន់កាប់​ទីផ្សារ​ទាំងមូល​ដល់ ៤១ ភាគរយ​ឯណោះ​។ ចំណែក​រុស្ស៊ី​ឯ​វិញ​នៅ​លំដាប់​ទី​២ ព្រោះ​ទំហំ​សព្វាវុធ​ដែល​នាំចេញ​ស្មើ ២៥​ភាគរយ​នៃ​សព្វាវុធ​ដែល​នាំទៅ​ទីផ្សា​ទាំងមូល តែ​ក្នុង​ឆ្នាំ ២០១៤ ដល់​២០១៥ ទំហំ​សព្វាវុធ​រុស្ស៊ី​នាំចេញ​ធ្លាក់ចុះ​ព្រោះ​ទណ្ឌកម្ម​លោកខាងលិច​។​

​បើតាម​របាយការណ៍​ខាងលើ​ដដែល អាមេរិក​លក់​អាវុធ​និង​ផ្តល់​អាវុធ​ទៅកាន់​រដ្ឋ​ទូទាំង​ពិភពលោក​យ៉ាង​ណាស់​ក៏ ៩៦ រដ្ឋ​ដែរ ហើយ​ក្នុងចំណោម​អាវុធ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​មាន​ទាំង​យន្ត​ប្រដេញ រថក្រោះ រថពាសដែក អាវុធ​ប្រឆាំង​យន្តហោះ កាំភ្លើង​គ្រប់​ធុន​ថែមទៀត​។​

​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​បន្ត​កើនឡើង​នៅ​អាស៊ី និង​អាហ្វ្រិក ជាពិសេស​នៅ​មជ្ឈិមបូព៌ា​ជាដើម​នោះ ដែល​វា​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​អាវុធ​អាមេរិក​និង​រុស្ស៊ី​ពេញនិយម​ក្នុង​ទីផ្សារ​អន្តរជាតិ​ផង​។ ហើយ​បើ​ប្រៀបធៀប​រយៈពេល​២ ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ចរាចរណ៍​សព្វាវុធ​ជារួម​មានការ​កើនឡើង​ខ្លាំង​ទូទាំង​ពិភពលោក​។​

​ចំណែក​ចិន ដែលជា​មហាអំណាច​ជាន់​ថ្មី​នោះ បាន​ប្រជែង​យក​តំណែង​លេខ​រៀង​ទី​៣ ជា​រដ្ឋ​ដែល​នាំ​អាវុធ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​។ អាវុធ​ចិន​ភាគច្រើន​ហូរ​ចូលទៅ​កាន់​បណ្តា​រដ្ឋ​អាស៊ី​ជាពិសេស​ប៉ា​គី​ស្ថាន​ជាដើម​៕