បង្កើតពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង

ភ្នំពេញ៖ អតីតម្ចាស់មេដាយមាស កីឡាអាស៊ីកញ្ញា ស៊ន សៀវម៉ី បានរៀបចំ ការប្រកួត កីឡាតេក្វាន់ ដូដណ្ដើមពានរង្វាន់ផ្ទាល់ខ្លួន គឺពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង ដែលធ្វើឡើង នៅក្លឹបតេក្វាន់ដូ Family កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយបានទាក់ទាញ កីឡាករវ័យក្មេង ចំនួន ១០៥នាក់ មកពី ១៧ក្លឹបក្នុង រាជធានីភ្នំពេញ ចូលរួមប្រកួត ។

លោក ស៊ន អេលីត បងប្រុសបង្កើតរបស់កញ្ញា ស៊ន សៀវម៉ី ដែលជាអ្នក សម្របសម្រួល រៀបចំការប្រកួត ខាងលើបានឲ្យដឹងថា ប្រកួតនេះមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២០ និងថ្ងៃទី២១ ខែកុម្ភៈនេះ ដោយបែងចែកវិញ្ញាសា ប្រកួតជា ១១ប្រភេទ ប៉ុន្ដែផ្ដោតសំខាន់ លើកុមារ ដើម្បីផ្ដល់ឱកាស ឲ្យពួកគេបានបញ្ចេញ នូវសមត្ថភាព និងទេពកោលស្យ របស់ពួកគេ ដែលទទួលបានការ ហ្វឹកហាត់ ពីតាមបណ្ដាក្លឹបនានា ។

ជាលទ្ធផលបន្ទាប់ពីឆ្លងកាត់ប្រកួត ២ថ្ងៃជាប់គ្នា គឺកីឡាករ ក្លឹបតេក្វាន់ដូ Family ដណ្ដើមបានមេដាយ ច្រើនជាងគេ រហូតដល់ ១៦គ្រឿង ក្នុងនោះមានមេដាយមាស៦, ប្រាក់ ២ និងមេដាយសំរឹទ្ធ ៨គ្រឿង ។ រីឯក្លឹបមិត្តភាព និងក្លឹប Hosanna គឺជាប់ចំណាត់ថ្នាក់ លេខ២ និងលេខ៣ ក្រោយដណ្ដើមបានមេដាយ ៤គ្រឿង ដូចគ្នារួមមាន មេដាយមាស១, ប្រាក់១ និងមេដាយសំរឹទ្ធ ២គ្រឿង ។

អតីតកីឡាករជម្រើសជាតិដដែលរូបនេះ ជាកាពិតថ្វីត្បិតនេះ ជាលើកដំបូង ដែលកញ្ញា ស៊ន សៀវម៉ី ផ្ដួចផ្ដើមគំនិតរៀបចំ ព្រឹត្តិការណ៍នេះឡើង ប៉ុន្ដែការប្រកួតបាន ដំណើរការយ៉ាង រលូន រហូតដល់ទីបញ្ចប់ ។ ជាពិសេសគឺដោយសារ ទទួលបានការឧបត្ថម្ភធំ ពីក្រុមហ៊ុន Cellcard ទើបធ្វើឲ្យការរៀបចំ កាន់តែទទួលបានជោគជ័យ ដើម្បីជំរុញវិស័យកីឡា តេក្វាន់ដូកម្ពុជា ឆ្ពោះទៅរកភាព ចម្រើនខ្លាំង នាថ្ងៃអនាគត ។

ជាមួយគ្នានោះកីឡាការិនី ស៊ន សៀវម៉ី បានបញ្ជាក់ថា គោលបំណង នៃការបង្កើនពាន ផ្ទាល់ខ្លួននេះ គឺដោយសារកញ្ញាចង់ ផ្ដល់ឱកាសឲ្យក្មេងៗ បានចូលរួមប្រកួត បញ្ចេញសមត្ថភាព រៀងៗខ្លួន ដើម្បីអភិវឌ្ឍន៍ សមត្ថភាពខ្លួន ឲ្យកាន់តែល្អប្រសើរ សម្រាប់ ត្រៀមការ ប្រកួតផ្សេងៗ ទាំងការប្រកួតថ្នាក់ជាតិ និងការប្រកួតលក្ខណៈអន្ដរជាតិជាដើម ពិសេសគឺដើម្បី ចម្រាញរកកីឡាករ វ័យក្មេងឆ្នើម សម្រាប់ត្រៀម ប្រកួតប្រជែង ដណ្ដើមយក មេដាយជូនជាតិ នាពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង ។

គួរបញ្ជាក់ថា ពិធីបិទការប្រកួតម្សិលមិញ បានធ្វើឡើងក្រោម អធិបតីភាពលោក ជ្រិន សុធា អនុប្រធាន ខេមរៈសហព័ន្ធតេក្វាន់ដូ និងលោកអភិបាលរង ខណ្ឌឬស្សីកែវ រួមទាំងតំណាង សហព័ន្ធជា ច្រើននាក់ទៀត ដែលចូលរួម បំពាក់មេដាយ ដល់កីឡាករដណ្ដើម បានជ័យលាភី ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការ ចំរុះ និងជាមេបញ្ជាការរង កងទ័ពជើងគោក ក៏បានឧបត្ថម្ភថវិការ ២លានរៀល និងអង្ករ ២ប៉ាវ ដល់ក្លឹបតេក្វាន់ដូ Family របស់កញ្ញា ស៊ន សៀវម៉ី ដើម្បីទ្រទ្រង់លើការ ចំណាយប្រចាំ ថ្ងៃផងដែរ ៕

បង្កើតពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង

បង្កើតពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង

បង្កើតពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង

បង្កើតពានរង្វាន់ «តេក្វាន់ដូ ស៊ន សៀវម៉ី» លើកដំបូង