សម្ដេចតេជោ៖ បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា ជាបញ្ហាគួរយល់ដឹង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរ សារបង្ហាញពី ការយល់ដឹង និងប្រយ័ត្នអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាបានចាប់ផ្ដើម បោសសំអាតគ្រាប់មីន ជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្កបង្កើនផល សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ របស់ប្រជាជនភៀសសឹក មកពីតាមព្រំដែនកម្ពុជា-ថៃ។

ទន្ទឹមនឹងនោះ គឺរំដោះដីជូនប្រជាពលរដ្ឋ ទូទៅធ្វើស្រែចំការ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់សាលារៀន វត្ដអារាមដើម្បីជីវិត រស់នៅដ៏សុខសាន្ដ របស់ប្រជាជន និងដើម្បីរដ្ឋាភិបាល មានឱកាសកសាង ហេដ្ឋារចនាសម្ព័ន្ធជា សារវន្ដនានារបស់ជាតិ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានសរសេរថា ចាប់តាំងពីឆ្នាំ១៩៩៥ មករាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវា យល់ដឹងអំពីមីន នៅថ្ងៃទី២៤ កុម្ភៈ ដើម្បីអប់រំប្រជាពលរដ្ឋ អោយយល់ដឹងពី គ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងវិធានការ សង្គ្រោះជនរងគ្រោះ ដោយសារមីន។ សូមប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីចៀសវាង គ្រោះថ្នាក់នេះ។

សម្ដេចបានសរសេរបញ្ជាក់ថា សូមគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែល កើតមានឡើងនៅក្នុង ទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់ មកលើប្រជាពលរដ្ឋ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

ជាពិសេសត្រូវធ្វើ សកម្មភាពអប់រំប្រជាពលរដ្ឋ អោយយល់ដឹង ចេះការពារខ្លួន និងដោះស្រាយជាបន្ទាន់ នូវសំណូមពរ របស់ប្រជាពលរដ្ឋ។ ចំពោះបងប្អូន ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សូមប្រយ័ត្ន និងកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលអាចបណ្តាល អោយមានគ្រោះថ្នាក់៕

សម្ដេចតេជោ៖ បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា ជាបញ្ហាគួរយល់ដឹង

សម្ដេចតេជោ៖ បញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា ជាបញ្ហាគួរយល់ដឹង