ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ បុរស​៣នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​របស់​លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​គួរ​ឲ្យ​សង្ស័យ​ត្រូវ​​​សមត្ថកិច្ច​ដេញ​តាម​ឃាត់ខ្លួន​យក​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ​កុម្ភៈ តាម​បណ្តោយ​ផ្លូវលំ ​ស្ថិតនៅ​ភូមិ​គោ​គ​ចំបក់​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ស្ករ ជិះ​គ្នា​២​នាក់​កូនស្រី​អាយុ​២​​ឆ្នាំ ។ ចំណែក​ជន​​​​បង្ក​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អេស ពណ៌​ស ​​។
​​លោក​អធិការរង​ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បើករថយន្ត​ដឹក​កូនស្រី​ម្នាក់​ចេញពីផ្ទះ​គោលបំណង​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយ​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្តាលផ្លូវ​ ​​ស្រាប់​តែ​ឃើញ​យុវជន​៣​នាក់​ជិះ​ម៉ូតូ មួយ​គ្រឿង​ ឈប់​នៅ​តាម​ផ្លូវ​ក្នុង​នោះ​ មាន​ម្នាក់​​ឈរ​និយាយ​ទូរស័ព្ទ ​និង​២​នាក់​ទៀត​ឈរ​ជិត​ម៉ូតូ ​ពេល​​នោះ​ គាត់​បើក​រថយន្ត​ហួស​ពី​កន្លែង​ជន​ទាំង​៣​នាក់​ឈប់​ ហើយ​ជា​ផ្លូវលំ​គាត់​បន្ថយល្បឿន​រថយន្ត​បើក​យឺត​ៗ​បាន​ប្រមាណ​២០០​ម៉ែត្រ​ ស្រាប់តែ​មើល​តាម​កញ្ចក់រថយន្ត​ឃើញ​ជន​២​នាក់​ ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​​​គាត់​ជាប់​ពីក្រោយ​រហូត ​គាត់​បើក​លឿន​ម៉ូតូ​ជិះ​តាម​លឿន​ដែរ ឃើញ​បែប​នេះ ​លោក​បាន​រាយការណ៍​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ចុះ​​​អន្តរាគមន៍​ដេញ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​ ក្នុង​ចំណោម​បក្ស​២​នាក់​ ដែល​ជិះ​ម៉ូតូ​ដេញ​តាម និងឃាត់ខ្លួន​បក្សពួក​ដែល​​ឈរ​​និយាយ​ទូរស័ព្ទ​បាន​ម្នាក់​ទៀត​ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​ចោម​ចៅ ។

ក្រោយ​ពេល​កើតហេតុ​ ដោយសារ​តែ​ជន​ទាំង​២​នាក់​នោះ​លើកដៃ​សំពះ​អង្វរ​​សមត្ថកិច្ច​សុំ​ដោះ​លែង​វិញ ​ព្រោះ​ពួក​គេ​ស្រវឹង​ហើយ​សមត្ថកិច្ច​ឆែកឆេរ​នៅ​ក្នុង​កែបម៉ូតូ​មិនឃើញ​មានឧបករណ៍​ល្មើស​ជាប់​ពាក់ព័ន្ធ​​ ​ក៏​បាន​ដោះ​លែងឱ្យ​​ទៅ​​វិញ ។ កន្លង​មក​ កន្លែង​កើតហេតុ​ខាងលើ ជា​កន្លែង​ស្ងាត់​តែងតែ​កើត​មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ និង​យក​លុយ​កើត​មាន​ជា​ញឹកញាប់ផង​ដែរ ៕