សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​វី​យ៉ា​ហ្គ្រា​អាច​បណ្តាល​ឱ្យ​បណ្តា​បុរស​ដែល​មាន​បញ្ហា​ភ្នែក​ស្រាប់​ឬ​ភ្នែក​ល្អ​ក្តី ងងឹត​មើល​អ្វី​មិនឃើញ ។

ក្រុម​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​បាន​អះអាង​ថា សារធាតុ​ផ្សំ​មួយ​ប្រភេទ​នៅ​ក្នុង​ឱសថ​ពង្រឹងសមត្ថភាព​ផ្លូវ​ភេទបុរស​មួយ​នេះ​ឈ្មោះ Sildenafil អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អចិន្ត្រៃយ៍​ទៅ​លើ​គំហើញ​របស់​ភ្នែក ជា​ពិសេស​ភ្នែក​ដែល​មាន​បញ្ហា Retinitis Pigmentosa (​ជា​លក្ខខណ្ឌ​តំណពូជ​ដ៏​កម្រ​មួយ​ដែល​បណ្តាល​ឱ្យ​កោសិកា​ក្នុង​ប្រ​ស្រី​ភ្នែក​ចុះ​ខ្សោយ​ហើយ​ងាប់​) ។ ជាង​នេះ​ទៅ​ទៀត បើ​ទោះជា​ភ្នែក​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​នៅ​អាច​មើលឃើញ​ធម្មតា​ក្តី ក៏​វា​នៅ​រង​ផល​ប៉ះពាល់​ជា​ដដែល​ល្គឹក​ណា​ការ​ប្រើប្រាស់​នៅ​តែ​បន្ត ។
មានការ​ពន្យល់​មួយ​ថា ពពួក​ថ្នាំ​ពង្រឹងសមត្ថភាព​ផ្លូវភេទ​បុរស​អាច​រារាំង​បង្អាក់ដំណើរ​របស់​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ដែល​មាន​នាទី​បញ្ជូន​សញ្ញា​ពន្លឺ​ពី​ប្រ​ស្រី​ភ្នែក​ទៅ​កាន់​ខួរក្បាល ។

វេជ្ជបណ្ឌិត Lisa Nivison-Smith សមាជិក​ក្រុម​អ្នក​ស្រាវ​មក​ពី​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា ប្រ​សិន​បណ្តា​កោសិកា​ពិតជា​ងាប់​នៅ​ក្នុង​ប្រ​ស្រី​ភ្នែក​មែន នោះ​វា​នឹង​នាំ​ឱ្យ​ងងឹត​មើល​អ្វី​លែង​ឃើញ ។

យ៉ាងណា​ក៏​ដោយ លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ​គឺ​ទើបតែ​បាន​ឆ្លងកាត់​ដំណាក់កាល​ពិសោធ​លើក​ដំបូង​លើ​សត្វ​កណ្តុរ​ប៉ុណ្ណោះ ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺថា កណ្តុរ​មាន​សុខភាព​ល្អ​ដែល​គេ​ចាក់​បញ្ចូល​សារធាតុ Sildenafil បាន​កើត​មាន​បញ្ហា​ភ្នែក​នៅ​រយៈពេល​២​ថ្ងៃ​ក្រោយមក ៕