ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ យុវជន​បែក​ថ្នាំ​ម្នាក់​ បាន​ដើរ​រើស​ដុំ​ថ្ម​ដេញ​គប់​រថយន្ត និង​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ប៉ូលិស​​ ចុះ​​ទៅ​ឃាត់ ក៏​ត្រូវ​យុវជន​នោះ​ចាប់​វា​យ​បណ្តាល​ឱ្យ​​ប៉ោង​ភ្នែក ហើយ​ក៏​ត្រូវ​ប៉ូលិស​ម្នាក់​ទៀត​​ ចុះមក​ចាប់​ផ្តួល​ឱ្យ​ដេក​លើ​ដី​វាយ​​ខ្នោះ​តែ​ម្តង ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៧​យប់​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​​ដេប៉ូ​៣ ខណ្ឌទួលគោក ។

យុវជន​ខាងលើ​ឈ្មោះ​សេង សូ​វៀត អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ ។ ចំណែក​​ប៉ូលិស​ដែល​​​រងរបួស​​ប៉ោង​ភ្នែក​ខាងស្តាំ​​ឈ្មោះ​ឡើ តាំង​សារ៉ូ​ម ជា​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ ។

ប្រភព​ពី​ប៉ូលិស​រងគ្រោះ​​ឱ្យ​ដឹង​​​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​​ជិះ​ម៉ូតូ​ម្នាក់ឯង​ល្បាត​តាម​ផ្លូវ​កម្ពុជា​ក្រោម (​ក្នុង​មូលដ្ឋាន​) ។ស្រាប់​តែ​​ប្រទះ​ឃើញ​យុវជន​បែក​ថ្នាំ​ម្នាក់​​រើស​ដុំ​ថ្ម​គប់​រថយន្ត និង​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ ពេល​នោះ​លោក​ក៏​ជិះ​ម៉ូតូ​ទៅ​ដេញ​យុវជន​ញៀន​ថ្នាំ​នោះ​កុំឱ្យ​យក​ដុំ​ថ្ម​គប់​គេ ស្រាប់តែ​​ស្ទុះ​មក​វាយ​គាត់​១​ដៃ​ចំ​កណ្តាល​មុខ ពេល​នោះ​គាត់​បាន​​ស្រែក​តាម​អាយ​ឌី​សុំ​​​ជំនួយ​នៅ​ក្បែរ​នោះ​មក​​ជួយ​​ចាប់ ។​ ពេល​នោះ ក៏​​មាន​ប៉ូលិស​ម្នាក់​ទៀត​មក​ដល់ ក៏​បាន​ចូល​ទៅ​ចាប់​យុវជន​ញៀន​ថ្នាំ​នោះ ដោយ​បាន​ប្រវាយប្រតប់​ជាមួយ​គ្នា​មួយសន្ទុះ ទំ​រាំ​ចាប់​វាយ​ខ្នោះ​បាន ។