ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រអិល​​ជើង​ដួល​ក្នុង​បន្ទប់ទឹក​បែកពពុះមាត់ ​អ្នក​ផ្ទះ​ស្មានថា​ឆក់​ខ្សែភ្លើង​​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​​​អ្នក​ជិត​ខាង​​ចេញ​មក​ចោម​រោម​​មើល​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី២២​ កុម្ភៈ ត្រង់​ចំណុច​​ផ្ទះ​​លក់​ភេសជ្ជៈ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៦១​ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

បុរស​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រមាណ​២៥​ឆ្នាំ បើ​តាម​ប្រភព​ព័ត៌​មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ចូល​ក្នុង​បន្ទប់​ទឹក ​ដោយសារ​តែ​ជើង​រអិល​ការ៉ូ​ដួល​ផ្ងារ​ក្រោយ ​​បណ្ដាល​ឱ្យ​សន្លប់​បែកពពុះមាត់​ ​ធ្វើ​ឱ្យ​​អ្នក​ផ្ទះ​ស្មានថា​ គាត់​ឆក់​ខ្សែភ្លើង​ក៏​​រាយការណ៍​ទៅ​​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ​​មួយសន្ទុះ​ក្រោយមក​ ជន​រង​គ្រោះ​បានដឹង​ខ្លួន​​ឡើង​វិញ​ ​​​និយាយ​​ថា ​គាត់​រអិល​ដួល​ផ្ងារ​ក្រោយ​បណ្ដាលឱ្យ​​​​ដួល​សន្លប់​​​ ហើយ​​អ្នក​ផ្ទះ​​ភ័យ​ស្លន់​ស្លោ​​ពេក​ក៍​រាយ​ការណ៍​ទៅ​​​សមត្ថកិច្ច​ឱ្យ​​ជួយ​ហៅ​រ​ថ​យន្ត​សង្គ្រោះ​បន្ទន់ ។

ក្រោយ​ពេល​សមត្ថកិច្ច​មក​ដល់​កន្លែង​កើតហេតុ​ ទើប​ដឹង​ថា​ ​ជន​រង​គ្រោះ​មិន​មែន​​ត្រូវ​ខ្សែ​ភ្លើង​ឆក់​នោះទេ ​​​សន្លប់​ដោយ​សារ​តែ​​​រអិល​ដួល​ក្នុង​បន្ទប់ទឹក​ បន្ទាប់​មក​ក្រុម​គ្រួសារ​​ ​​ហៅ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជន​រង​គ្រោះ​ទៅ​​​​​ព្យា​បាល​នៅ​គ្លីនិក​ឯកជន​ ៕