ចិនបង្ហាញគម្រោង សាងសង់ទីក្រុងតាម តំបន់អភិវឌ្ឍន៍ឲ្យ កាន់តែប្រណីតជាងគេ

ប៉េកាំង៖ អាជ្ញាធរកណ្តាលចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញគោលការណ៍ ណែនាំស្តីពីការអភិវឌ្ឍ ទីក្រុង ក្នុងរយៈពេល២ខែ បន្ទាប់ពីបណ្ដា មេដឹកនាំបានជួបប្រជុំគ្នា ក្នុងសន្និសីទការងារទីក្រុង កណ្តាលនិងបាន សន្យាថា នឹងធ្វើឲ្យទីក្រុងធំៗរបស់ខ្លួន ឲ្យគេរស់នៅប្រកបដោយ ផាសុខភាពប្រសិទ្ធភាព និងបៃតងជានិរន្ធ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា នៅក្នុងឯកសាររបស់ គណបក្សកុម្មុយនីស្តចិន នៃគណៈកម្មាធិការ កណ្តាលលើផ្ទៃប្រទេស និងក្រុមប្រឹក្សារដ្ឋ បានកំណត់គោលការណ៍ ជាមូលដ្ឋាននានា ភារកិច្ចសំខាន់ និងគោលដៅ សម្រាប់ការអភិវឌ្ឍទីក្រុង នាពេលអនាគត និងការគ្រប់គ្រង ក្នុងគោលបំណង ដើម្បីធានាឲ្យបានថា ទីក្រុងទាំងនេះមាន “សណ្តាប់ធ្នាប់ក្នុងការកសាង ការអភិវឌ្ឍបានត្រឹមត្រូវ និងដំណើរការទៅ ដោយប្រសិទ្ធិភាព”។

កាលពីមុនប្រទេសចិន បានបើកកិច្ចប្រជុំ ស្ដីពីសន្និសីទការងារទីក្រុងកណ្តាល ក្នុងឆ្នាំ១៩៨៧ ដែលពេលនោះ អត្រាប្រជាជនរស់នៅ ក្នុងទីក្រុងមានតែ ១៨ភាគរយប៉ុណ្ណោះ ប៉ុន្ដែបានកើនឡើង រហូតដល់ទៅ ៥៦,១ភាគរយ ចុងឆ្នាំ២០១៥។

គួរបញ្ជាក់ថា វិស័យនគរូបនីយកម្ម ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍កន្លងមកនេះ បាននាំមកនូវការផ្លាស់ប្តូរសង្គម និងសេដ្ឋកិច្ចយ៉ាងសំខាន់ នៅក្នុងប្រទេសចិន ហើយក៏មានបញ្ហា កកស្ទះចរាចរណ៍ដែរ ថែមទាំងការបំពុលបរិស្ថាន និងសុវត្ថិភាពសាធារណៈទៀតផង៕

ចិនបង្ហាញគម្រោង សាងសង់ទីក្រុងតាម តំបន់អភិវឌ្ឍន៍ឲ្យ កាន់តែប្រណីតជាងគេ