កម្មករ​សំណង់​ផ្ទុះ​កំហឹង​ដុត​ម៉ូតូ​សន្តិសុខ​២​គ្រឿង

កម្មករ​សំណង់​ផ្ទុះ​កំហឹង​ដុត​ម៉ូតូ​សន្តិសុខ​២​គ្រឿង

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​បុរី «​ឌឹ​មេគង្គ​រ៉ូ​យា​ល់​» ប្រមាណ​ជាង​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ប្រុង​សម្រុកចូល​ទៅ​បំផ្លាញ​របស់របរ​នៅ​ក្នុង​បុរី​ថែម​ទៀត នៅ​វេលា​យប់ បន្ទាប់​ពី​ពួក​គេ​បាន​ដុត​ម៉ូតូ​ក្រុម​សន្តិសុខ​អស់​២​គ្រឿង ដោយសារ​ខឹង​សន្តិសុខ​វាយ​កម្មករ​ម្នាក់​ឱ្យ​របួស ព្រោះ​កម្មករ​នោះ​ផឹកស្រា​ស្រវឹង​និយាយ​លែង​ស្តាប់ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃ​ទី​២១ កុម្ភៈ នៅ​ក្នុង​ទីតាំង​បុរី​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។ ភ្លាម​ៗ​ក៏​មាន អន្តរាគមន៍​ពី​សំណាក់ កងរាជអាវុធហត្ថ​ប្រមាណ​ជាង​១០០​នាក់ ក្រោម​ការ​ដឹកនាំ​របស់​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ដែល​បាន​ទទួលបញ្ជា​ចុះ​ទៅ​រំលត់​អធិករ​នេះ ។ ទោះបីជា​យ៉ាងណា ក្រុម​កម្មករ​បាន​គេចខ្លួន​អស់ មុន​ពេល​ដែល​សមត្ថកិច្ច​បាន​ទៅ​ដល់ ព្រោះ​ការ​បះបោរ​បែប​នេះ ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​២១ កុម្ភៈ មាន​កម្មករ​១​ក្រុម បាន​នាំ​គ្នា​ផឹកស៊ី​ឡូឡា​នៅ​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​បុរី ។ ខណៈនោះ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ទៅ​ឃាត់ មិន​ឱ្យ​ផឹកស៊ី ក៏​បាន​កើត​ទៅ​ជា​ទំនាស់​ពាក្យ​សំដី ហើយ​ត្រូវ​សន្តិសុខ​ប្រើ​ហឹ​ង្សា​វាយ​ទៅ​លើ​កម្មករ​ម្នាក់​បណ្តាល​អោយរ​បួស ។ បន្ទាប់​ពី​កើត​មាន​អំពើ​ហឹ​ង្សា​នោះ កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​ចុះ​ទៅ​សួរនាំ តែ​ក្រុម​សន្តិសុខ​ធានា​ដោះស្រាយ​សម្របសម្រួល​គ្នា ហើយ​កងរាជអាវុធហត្ថ ក៏​បាន​ដកថយ​វិញ​។ លុះ​ក្រោយមក ក្រុម​កម្មករ​ផ្ទុះ​កំហឹង​ម្តងទៀត​នាំ​គ្នា​តវ៉ា ឱ្យ​ក្រុម​សន្តិសុខ​ចេញ​មក​ដោះស្រាយ តែ​មិនឃើញ​ចេញ​មុខ ក៏​បាន​ទាញ​ម៉ូតូ​២​គ្រឿង ដែល​មួយ​គ្រឿង​ម៉ា​កវី​វ៉ា និង​មួយ​គ្រឿង​ទៀត​ម៉ាក​SL​របស់​សន្តិសុខ មក​គរ​ដុត​កម្ទេច​ចោល​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​យប់ ក្រុម​កម្មករ​សំណង់​របស់​បុរី ដែល​ម្នាក់​ៗ​មាន​កំហឹង​កាន់តែ​ខ្លាំង​ខ្លះ​ទៀត​ផឹក​កាន់តែ​ជ្រុល ក៏​បាន​ប្រមូលផ្តុំ​គ្នា​ម្តងទៀត ប្រុង​ចូល​ទៅ​វាយ​បំផ្លាញ​របស់របរ​ក្នុង​បុរី ហើយ​ត្រូវ​បាន​ក្រុម​សន្តិសុខ រាយការណ៍​មក​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះ​ទៅ​ជួយ ទើប​កម្លាំង​កងរាជអាវុធហត្ថ មក​ពី​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ទទួលបញ្ជា​ឱ្យទៅ​អន្តរាគមន៍ ។ ឃើញ​សមត្ថកិច្ច​ច្រើន ក្រុម​កម្មករ​ក៏​បាន​គេចខ្លួន​បាត់​អស់ ។

ទាក់ទិន​ជម្លោះ​ហឹ​ង្សា​នេះ ភ្ងា​ក់​ងារ​កោះសន្តិភាព​ក៏​បាន​ទៅ​សុំ​ជួប ដើម្បី​សួរនាំ​ក្រុម​សន្តិសុខ និង​បុ​គ្ក​លិ​ក​បុរី​ព្រមទាំង​មេ​កម្មករ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ក្នុង​បំណង​ស្វែងរក​មូលហេតុ​នៃ​បញ្ហា ប៉ុន្តែ​ពុំ​ទទួល​បានការ​បំភ្លឺ​ឡើយ ។

កុំ​ភ្លេច​ថា សំណង់​បុរី គឺជា​ឆ្នាំងបាយ​ទាំង​សន្តិសុខ និង​ទាំង​កម្មករ ។ ការ​ប្រព្រឹត្ត​អំពើអាក្រក់​ណាមួយ​នៅ​ក្នុង​សំណង់​អភិវឌ្ឍន៍​បែប​នេះ ពិតជា​គ្មាន​ទទួល​ការ​គាំទ្រ ពី​មហាជន​ណាមួយ​ឡើយ ។ គឺជា​អំពើ​ខុសច្បាប់​ដែល​ពុំគួរ​អត់អោន ។ ម្យ៉ាង​ទៀត​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​បើ​លុយ ។ បន្ទាប់​មក​ជា​ពេលវេលា​ផឹក​ក្លែម​...​ជា​ពេល​សម្រាក់​ទុក​ឪ​កាស​ស្រវឹង​...៕