សាក​​​សព​និយោជិត​កាស៊ីណូ​ជនជាតិ​ថៃ ​​​ត្រូវ​​អ្នក​ភូមិ​​​​ប្រទះ​​​ឃើញ និង​​​កាយ​​​​ចេញពី​​​​​​ដី​​​​នៅ​ប៉ៃលិន

នគរ​បាល​​​និយាយ​កាលពី​ម្សិលមិញ​ថា សាកសព​​​​បុរស​​​​ម្នាក់​ដែល​​មាន​ស្នាម​របួស​​ត្រូវ​គ្រាប់​កាំភ្លើង​​ចំនួន​ពីរគ្រាប់​​ និង​​​ដែល​ត្រូវ​បាន​​​​​កាយ​​​ឃើញ​នៅ​​ប៉ៃលិន​កាលពី​ថ្ងៃអាទិត្យ ត្រូវ​​​​បាន​បញ្ជាក់​​​​អត្ត​​​សញ្ញាណ​​​​​​ថា​​​ជា​​និយោជិត​កាស៊ីណូ​​​ជនជាតិ​ថៃ ​​ម្នាក់​នៅ​​​ខេត្ត​​​ភាគ​​​បស្ចិម​​​នេះ។​

​​​អាជ្ញា​​​ធរ​​​បាន​​​​​​រាយ​​​ការណ៍​​​ថា លោក ស៊ុំនឹក ​ចារូនជីរា៉ាសាធាន (Somnuek Jaroonjirasathian) អាយុ​៥០​ឆ្នាំ​ដែល​​​​​​កាស៊ីណូ​​ប៉ៃលិន​ហ្វ្លាមីង​ហ្គោ ​​(Pailin Flamingo​ Casino) ​ជួល​​​​ឲ្យ​ជួយ​នាំ​​​​​ភ្ញៀវ​​​ថ្មីៗ​​​​​​​​​​មក​លេង​ បាន​បាត់​ខ្លួន​កាលពី​​ថ្ងៃទី​១៤ ​កុម្ភៈ។

យោង​តាម​លោក អុីវ គឹមសៀន ​ស្នង​ការ​រង​​​​ខេត្ត​បាន​ឲ្យ​ដឹង​ថា សាក​​​សព​បុរស​​​​​​រូប​​​នេះ​​ត្រូវ​​​​​​អ្នក​​​ភូមិ​​​ម្នាក់​​​ប្រទះ​ឃើញ​នៅ​​​​​​ក្នុង​​​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលាក្រៅ​ កាលពី​​ថ្ងៃ​អាទិត្យ​ ក្រោយ​​​​​ពី​​​​ជំពប់ជើង​នឹង​គំនរ​ដី​ដែល​ទើបជីក​ថ្មីៗ​ ខណៈ​កំពុង​ដើរ​បេះ​ត្រកួន​។ ស្ត្រី​​​​អ្នក​​​​​​ភូមិ​​​រូប​នេះ​បាន​​​​​​​​​​ប្រញាប់​​​ទៅ​ហៅ​ប្ដី​របស់​​​​ខ្លួន​​​ឲ្យ​មក​ជួយ​ជីក ហើយ​ទីបំផុត​​​ក៏​​​​​ជីក​ឃើញ​ជើង​មនុស្ស​ និង​ក្រោយ​មក​ឃើញ​សាកសព​​ទាំង​មូល​​​តែ​​​ម្តង​​​។ ​​​លោក​​បញ្ជាក់​ថា “​សាកសព​នេះ​​ជា​បុរស​ជន​ជាតិ​​​ថៃ។ សាច់ញាតិ​របស់​គាត់​ចំណាំ​គាត់​បាន​”។

លោក ឆម វ៉ាន់ធី ​នាយ​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​កោសល្យ​វិច័យ​​​​​ដោយ​សហការ​​ជាមួយ​​អាជ្ញាធរ​ថៃ​ បាន​​​​​បង្ហាញ​​​ថា​​​មាន​​​ស្នាម​របួស​ត្រូវ​គ្រាប់​ចំក្បាល​ និង​មួយ​គ្រាប់​ទៀត​ចំដង​ខ្លួន​ នាំ​ឲ្យ​ក្រុម​អ្នក​ស៊ើប​​អង្កេត​សង្ស័យ​ថា គាត់​ត្រូវ​គេ​សម្លាប់​។ ​លោក​ថ្លែង​​​​ថា “​គាត់​ត្រូវ​​​​គេ​​​បាញ​​់​​​មួយ​គ្រាប់​​​ចំក​ធ្លាយ​តាម​សៀតផ្កា​ខាង​ស្ដាំ​ និង​មួយ​គ្រាប់​ទៀត​ចំ​កន្លែង​បោះ​ដៃផុត​ខាង​ឆ្វេង​ធ្លាយ​​​​​​​​​តាម​​​​​​​​ទ្រូង​ខាង​ស្ដាំ​”។ លោក​​​​មាន​​​ប្រសាសន៍​​​​​​ទៀត​ថា សាកសព​ត្រូវ​បាន​ប្រគល់​ជូន​សាច់​ញាតិ​​​​​​របស់​​​គាត់​​​ហើយ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​ថា ​លោក ស៊ុំនឹក ចារូន​ជីរ៉ាសាធាន ​​មាន​ឈ្មោះ​ហៅ​ក្រៅ​​ថា “ទុំ” (Tum) បាន​ត្អូញ​​​ប្រាប់​លោក​ វ៉ារុត វ៉ាន់ណៃ​អាំភិគុណ (Warut Wannaiamphikun) ​ម្ចាស់​កាស៊ីណូ​​ប៉ៃលិន​ហ្វ្លា​មីង​​ហ្គោ​​​ថា មិត្ត​​​​​ភក្តិ​​​ម្នាក់​​​របស់​​​គាត់​​​បាន​​​​​​ជំពាក់​​​ប្រាក់​​​​គាត់​​​​ប្រហែល​៣២លាន​បាត​ (ប្រហែល​​​៨៩៥.០០០​ដុល្លារ​)​។ លោក វា៉រុត បាន​ប្រាប់​​កាសែត​នេះ​ថា មិត្តភក្ដិ​​ម្នាក់​នោះ​គឺ​ជា​​​​សហ​​​វិនិយោគិន​​​​​​​នៅ​​​ក្នុង​​ការ​វិនិយោគ​លើ​​​ ”កម្រៃ​ជើងសារ​” ដែល​​​​​​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​​​​​ភ្ញៀវ​​​​មក​​​​លេង​​​​​​នៅ​​​​កាស៊ីណូ​នេះ​។

ដោយ​ដក​ស្រង់​សម្ដី​មន្ត្រី​ថៃ​ ម្នាក់​​​​ឈ្មោះ នីវ៉ាត់ ហានប្រាសុប (Niwat Hanprasop) កាសែត​​​​បាងកក​ប៉ុស្តិ៍​បាន​សរសេរ​ថា ​លោក​​ ស៊ុំនឹក ចារូន​​​ជីរ៉ាសាធាន ​​​បាន​ចាក​ចេញ​ពី​កាស៊ីណូ​នេះ​នៅ​​​​យប់​ថ្ងៃទី​១៣ ខែ​កុម្ភៈ ដើម្បី​ជួប​​មិត្តភក្ដិ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​។ លោក​ នីវ៉ាត់ និយាយ​​​​ថា ប្រពន្ធ​របស់​បុរស​ដែល​ស្លាប់​នេះ​បាន​ទូរ​ស័ព្ទ​​​​ចូល​ទូរស័ព្ទ​ប្ដី​របស់​​​ខ្លួន​​​ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ  ហើយ​​ត្រូវ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​​​​​ម្នាក់​​​​ប្រាប់​​​ថា ជន​​​រង​​​គ្រោះ​​​​​​មិន​អាច​និយាយ​​​​បានទេ មុន​​ពេល​​​ឮ​​​​បុរស​ម្នាក់​ទៀត​​​​​ស្រែក​ប្រាប់​​​​​​នាង​​​​​​ឲ្យ​បិទ​ទូរស័ព្ទ។

លោក ឆម វ៉ាន់ធី មាន​ប្រសាសន៍​ថា ការ​ចុះ​​​ផ្សាយ​ទាំង​នេះ​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​​​ទេ​។ លោក​គូស​​​បញ្ជាក់​​​ថា “​វា​គ្រាន់​តែ​ជា​ពាក្យ​​​​ចចាមអារ៉ាម​ប៉ុណ្ណោះ។ នគរ​បាល​​កំពុង​បន្ត​ស៊ើប​​​​អង្កេត​ករណី​នេះ​”។

លោក ជា ចាន់ឌិន ស្នងការ​​​ខេត្ត​បាន​​មាន​ប្រសាសន៍ថា បុរស​ដែល​ស្លាប់នេះ​តែង​​​​តែ​ធ្វើ​ដំណើរ​​​​ចេញ​​​​​​ចូល​​​​ខេត្ត​កោះកុង​ ប៉ោយ​ប៉ែត ​និង​ប៉ៃលិន​​​ជា​​​​​​ប្រចាំ​​​​​​ពាក់​​​ព័ន្ធ​​​ការងារ ប៉ុន្តែ​​​​លោក​​​​​​​មិន​ដឹង​ថា បុរស​រូប​នេះរក​​​ស៊ី​​​អ្វី​​​​​​នោះ​​​ទេ៕សុខុម​

 

The post សាក​​​សព​និយោជិត​កាស៊ីណូ​ជនជាតិ​ថៃ ​​​ត្រូវ​​អ្នក​ភូមិ​​​​ប្រទះ​​​ឃើញ និង​​​កាយ​​​​ចេញពី​​​​​​ដី​​​​នៅ​ប៉ៃលិន appeared first on ខេមបូឌា ដេលី.