​​​​បួន​​​នាក់​​​​​​​​​​ទៀត​​​ធ្វើ​​​តេស្ត​​​ឃើញ​​​​ផ្ទុក​មេរោគ​​​អេដស៍​នៅ​​​​ខេត្ត​កណ្តាល​​​

​​​​​រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​​ធ្វើ​តេស្ត​​​​ពិនិត្យ​​​ឈាម​​​អ្នក​ភូមិ​នៅ​​ឃុំ​សំបួរ​មាស ​ខេត្ត​កណ្ដាល រក​មេរោគ​អេដស៍​កាលពី​ម្សិលមិញ បន្ទាប់ពី​​អង្គការ​​​មិន​​​មែន​រដ្ឋាភិបាល​​មួយ​​ដែល​ធ្វើ​ការ​​​​​ងារ​​​​​​ពាក់​ព័ន្ធ​សុខភាព​សាធារណៈ រក​ឃើញ​ការ​​​​​ផ្ទុះ​ករណី​ឆ្លង​មេរោគ​អេដស៍​ ដោយ​បញ្ជាក់​​​​​​ការ​​​​​​ឆ្លង​​​​​​​ថ្មី​ចំនួន​១៤​​​ករណី​​​​នៅ​​ភូមិ​ចំនួន​បី​អំឡុង​ពេល​ធ្វើ​តេស្ត​កាលពី​ដើម​ខែ​នេះ​។

​អំឡុង​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​តេស្ត​នៅ​ភូមិ​ពាម ដែល១០​ករណី​​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​រក​ឃើញ​ដោយ​អង្គការ​ខេមរា មនុស្ស​បួន​នាក់​​ទៀត​​​បាន​​​ធ្វើ​តេស្ត​ឃើញ​ផ្ទុក​មេរោគ​​អេដស៍​ នេះ​បើ​យោង​តាម​​​​ការ​​​​​​​​​ឲ្យ​​​ដឹង​​​​​​ពី​​​លោក គួយ ប៊ុនធឿន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​ដែល​បាន​រិះគន់​​​​អង្គការ​នេះចំពោះ​ការ​ធ្វើ​តេស្ត​​​​​ដោយ​​​មិន​​​សុំ​​​ការ​​អនុញ្ញាត។

លោក​បាន​​​​​មាន​​​ប្រសាសន៍​​​ថា “​មន្ត្រី​សុខា​ភិបាល​របស់​យើង​​បាន​ចុះ​ទៅ​ភូមិ​​​​នោះ​​​នៅ​ថ្ងៃ​​​នេះ ហើយ​យើង​បាន​​ផ្ដល់​ការធ្វើ​តេស្ត​ឈាម​​​ដល់​ប្រជាពល​រដ្ឋ​ចំនួន​២៤១​នាក់​ ប៉ុន្តែ​យើង​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​​អេដស៍​តែ​​​បួន​នាក់​ប៉ុណ្ណោះ។ លទ្ធផល​​​នេះ​គឺ​ជាចំនួន​​​​តិច​​​​​តួច​​​​មិន​ដូច​តួលេខ​​ផ្ដល់​ដោយ​អង្គការ​មួយ​នោះ​ទេ។ អង្គការ​ខេមរា មិន​បាន​សហការ​ជាមួយ​មន្ទីរ​​សុខាភិបាល​ខេត្ត​របស់​យើង​ទេ ហើយ​ពួក​គាត់​​​បាន​លួច​​ចូល​​​​ទៅ​​​ធ្វើ​តេស្ត​ស្ងាត់ៗ​ដោយ​មិន​សុំ​​​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​”។ លោក​​​​​​​​បាន​​​បន្ត​​​​​​ថា ​អ្នក​ភូមិ​ចំនួន​​៧៥០​នាក់​បន្ថែម​ទៀត​​​​នឹង​ត្រូវ​ធ្វើ​តេស្ត​នៅ​សប្ដាហ៍​នេះ។

លោក​ ឈុន រឿន នាយកប្រតិបត្តិ​​អង្គការ​​ Save Incapacity Teenagers ហៅ​​​កាត់​​​​អង្គការ​​​​​​ស៊ីត ជា​អង្គការ​​គាំទ្រ​ និង​ទប់ស្កាត់​​មេរោគ​អេដស៍​ដែល​បាន​ជួយ​​​​​​រៀបចំ​​​​​​ចាត់​​​ចែង​​​ការ​ធ្វើ​តេស្ត​​ចាក់​ម្រាមដៃ​​​​ដែល​​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​​រដ្ឋាភិបាល​កាលពី​ម្សិលមិញ បាន​បញ្ជាក់​ថា មាន​មនុស្ស​បួន​នាក់​​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ចំណោម​ការ​ធ្វើ​តេស្ត​២៧៩​នាក់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ពេញ​មួយ​ថ្ងៃ​។

តំណាង​អង្គការ​ខេមរា​​ ជា​អង្គការ​មិន​មែន​​​​រដ្ឋាភិបាល​​​ដែល​រាប់​បញ្ចូល​ការ​ទប់​ស្កាត់​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​​ក្នុង​កម្មវិធី​គាំទ្រ​ស្ត្រី​ និង​កុមារ​​​របស់​​​ខ្លួន មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ។

ទោះ​ជាយ៉ាង​ណា លោក ជួប សុខចំរើន ​នាយក​ប្រតិបត្តិ​អង្គការ​ខាណា​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​​ផ្ដាច់​មុខ​លើ​ការ​បង្ការ និង​ការ​ថែទាំ​មេរោគ​អេដស៍​ បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​​​ករណី​​​ឆ្លង​​​​នេះ​​​​បាន​​​លេច​​​​​​ឮ​​​​បន្ទាប់ពី​បុគ្គលិក​អង្គការ​ខេមរា ធ្វើ​តេស្ត​​សម្រាប់​ទិវា​ស្រោម​អនាម័យ​អន្តរជាតិ​​​កាល​​ពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ។

​លោក​​​ថ្លែង​​​​​​​ថា “​ប្រជាពលរដ្ឋ​ក្នុង​សហ​គមន៍​​​ចំនួន​៩៨​នាក់​បាន​ចូល​រួម​​​ និង​ទទួល​​​​យក​​​ការ​ធ្វើ​តេស្ត​។ ប្រាំនាក់​ក្នុង​ចំណោម​៩៨​នាក់​​​បាន​​​​​ធ្វើ​តេស្ត​ឃើញ​​ផ្ទុក​មេរោគ​អេដស៍ ហើយ​បន្ទាប់​មក​ត្រូវ​បុគ្គលិក​​​អង្គការ​ខេមរា ​​​និង​​​មិត្ត​​​ភក្តិ​​​​​​បញ្ជូន​ទៅ​ធ្វើ​តេស្ត​បញ្ជាក់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​សម្ដេចឪ​ ហើយ​​​​​លទ្ធ​​​ផល​​​​​​សុទ្ធតែ​បញ្ជាក់​​​ថា​​​ ផ្ទុក​មេរោគ​អេដស៍​។ ក្រោយ​មក​​​ទៀត ប្រជា​​​ពលរដ្ឋ​ផ្សេង​ទៀត​នៅក្នុង​សហ​គមន៍​ បាន​ព្យាយាម​ធ្វើ​តេស្ត​ដោយ​ខ្លួន​ឯង​នៅ​​​មន្ទីរ​ពេទ្យ​បង្អែក​នេះ​ ហើយ​​ក៏​​​រក​​​​​​ឃើញ​​ផ្ទុក​មេរោគ​អេដស៍​”។ លោក​​​​បន្ថែម​​​​ថា ១២​ករណី​​​​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ ហើយ​ពីរ​ករណី​ទៀត​​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

លោក​ គួយ ប៊ុនធឿន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​​​កាល​​​​ពី​​មុន​​​​​​អ្នក​ភូមិ​​ពាម​ចំនួន​៣២​នាក់​​ធ្លាប់​​​​បាន​​​​​​ផ្ទុក​មេរោគ​អេដស៍​​​ ធ្វើ​ឲ្យ​អត្រា​ឆ្លង​នៅ​ភូមិ​​ដែល​មាន​​ប្រជាពល​រដ្ឋ​រស់​នៅ​ប្រមាណ​១.០០០​នាក់​នេះ​លើស​​មធ្យម​​ភាគ​​០,៦ភាគរយ​​​​នៅ​​​ទូទាំង​​​ប្រទេស​​​។

ខណៈ​ប្រភព​នៃ​​​​ការ​​​ចម្លង​​​មេរោគ​នេះ​មិន​​​​ទាន់​ច្បាស់​លាស់​ អ្នក​ភូមិ​​​ឆ្លង​មេរោគ​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​សម្ភាស​កាលពី​ថ្ងៃ​អាទិត្យ​និយាយ​ថា ពួកគាត់​សង្ស័យ​ថា ខ្លួន​​​​​​​ឆ្លង​មេរោគ​​​​​អេដស៍​​នៅ​ពេល​ទទួល​ការ​ព្យាបាល​​​​របស់​​​លោក សុខ ថន ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​​​ពញាឮ នៅ​គ្លីនិក​​​ឯកជន​​របស់​គាត់​ក្នុង​ស្រុក​មុខកំពូល​ក្បែរ​ខាង។

លោក សុខ ថន បាន​ច្រាន​ចោល​​ការ​អះ​អាង​​​​ទាំង​នេះ​​ដាច់អហង្ការ ហើយ​បាន​គំរាម​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាប់​​​​ទៅ​​​លើ​អ្នក​ភូមិ​ដែល​បន្ទោស​លោក​​ថា​​​ជា​អ្នក​ចម្លង​មេរោគ​នេះ។

សូម​​​រំឭក​​​ថា ការ​​​​​​​ផ្ទុះ​​​​នេះ​កើត​មាន​ឡើង​បន្ទាប់​​ពី​អ្នកភូមិជាង​​២៧០​នាក់​នៅ​ក្នុង​ឃុំ​រការ ខេត្ត​បាត់ដំបង ធ្វើ​តេស្ត​ឃើញ​​ផ្ទុក​មេរោគ​អេដស៍​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៤។ ​លោក យ៉ែម ជ្រិន គ្រូពេទ្យ​ភូមិ​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​​​​បន្ទោស​​​​​​ចំពោះ​ការ​ផ្ទុះ​ករណី​​​​ឆ្លង ហើយ​​​​​​សារ​​​ភាព​ថា​​​បាន​ប្រើ​សឺរ៉ាំង និង​ម្ជុល​ប្រើ​រួច​ទៅ​លើ​​​​ខ្លួន​​​​​​អ្នក​​​​​​​ជំងឺ​​​​ ត្រូវ​តុលាការ​ផ្ដន្ទាទោស​​​ឲ្យ​ជាប់ពន្ធនា​គារ​​​​២៥​ឆ្នាំ​កាលពីខែ​ធ្នូ៕ សុខុម​​​

The post ​​​​បួន​​​នាក់​​​​​​​​​​ទៀត​​​ធ្វើ​​​តេស្ត​​​ឃើញ​​​​ផ្ទុក​មេរោគ​​​អេដស៍​នៅ​​​​ខេត្ត​កណ្តាល​​​ appeared first on ខេមបូឌា ដេលី.