Booysen Shane ​មាន​ក្ដី​ស្រមៃ​ចង់​បាន​ស្បែក​ជើង​មាស​រដូវ​កាល​នេះ


Booysen Shane ​មាន​ក្ដី​ស្រមៃ​ចង់​បាន​ស្បែក​ជើង​មាស​រដូវ​កាល​នេះ

ខ្សែ​ប្រយុទ្ធ Booysen Shane ​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​បាន​និយាយ​ថា​ រូប​គេ​មាន​គោលបំណង​ចង់​បាន​ស្បែក​ជើង​មាស (Top Scorer) ​ក្នុង​រដូវ​កាល​២០១៦​នេះ បន្ទាប់​ពី​រដូវ​កាល​មុន​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២។

 

Booysen Shane ​មាន​ក្ដី​ស្រមៃ​ចង់​បាន​ស្បែក​ជើង​មាស​រដូវ​កាល​នេះ

 

ម្ចាស់​អាវ​លេខ​១១​របស់ភ្នំពេញ​​ក្រោន ​បាន​បង្ហាញ​ទម្រង់​លេង​គាប់​ចិត្ត​អ្នក​គាំទ្រ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League ​2016 ​ដោយ​អាច​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ ភ្នំពេញ​ក្រោន ៣-១ Cambodian Tiger ។ ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​រូប​នេះ ​បាន​និយាយ​ដែរ​ថា ​រូបគេ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​រហូត​ដល់​រក​គ្រាប់​បាល់​បាន​នេះ​គឺ​ដោយសារ​តែ​អ្នក​គាំទ្រ​ជួយ​ផ្ដល់​កម្លាំង​ចិត្ត ហើយ​វា​ក៏​ស្រប​ពេល​ដែល​ខ្លួន​មាន​គោលបំណង​ចង់​ក្លាយ​ជា​អ្នក​រក​គ្រាប់បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ។

 

កីឡាករ​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ខាង​លើ​បាន​និយាយ​ ៖ “ច្បាស់​ណាស់ រដូវ​កាល​នេះ​ខ្ញុំ​មាន​បំណង​ចង់​បាន​ស្បែក​ជើង​មាស។ វា​ជា​ក្ដី​ស្រមៃ​មួយ​ដែល​ខ្សែ​ប្រយុទ្ធ​ត្រូវ​ការ​បំផុត។ ទន្ទឹម​នឹង​ការ​ចង់​បាន​នេះ​ដែរ ខ្ញុំ​ត្រូវ​ព្យាយាម​ខ្លួន​ឯង ក៏​ដូចជា​សហការ​គ្នា​ឱ្យ​ល្អ​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត”។

 

គិត​ត្រឹម​សប្ដាហ៍​ទី​មួយ​នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា Booysen ​ជា​កីឡាករ​ដំបូង​ដែល​រក​បាន​ Hat-Trick ​ហើយ​ក៏​ជា​កីឡាករ​ឈរ​លើ​គេ​បណ្ដោះអាសន្ន​ក្នុង​តារាង​ Top Scorer រដូវ​កាល​នេះ​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ