វិចារណកថាៈ ស្មានមិនដល់កិច្ច ប្រជុំចេញលទ្ធផល ជារថយន្តជំនួយការ ទីប្រឹក្សា និងថវិកា

 កិច្ចប្រជុំ រវាងប្រធាន ក្រុមតំណាងរាស្ត្រ សំឡេងភាគច្រើន និងសំឡេងភាគតិច កាលពីពេលថ្មីៗនេះ បានចេញ ជាលទ្ធផល គួរឲ្យភ្ញាក់ផ្អើល ធ្វើឲ្យមជ្ឈដ្ឋាននានា ព្រមទាំងក្រុមសង្គមស៊ីវិល និងអ្នកតាមដានស្ថាន ភាពនយោ បាយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយហេតុថា លទ្ធផលនៃកិច្ចប្រជុំនោះ មិនបានផ្ដោតសំខាន់ ទៅលើការ ដោះស្រាយបញ្ហានយោបាយ បញ្ហាសំខាន់ៗសម្រាប់ប្រទេសជាតិ និងសម្រាប់ផលប្រយោជន៍ ប្រជាពលរដ្ឋ ទូទៅនោះទេ ។ ផ្ទុយទៅវិញ លទ្ធផលចេញមក គឺមានការផ្តល់រថយន្ត ទីប្រឹក្សា និងជំនួយការ សម្រាប់ប្រធាន ក្រុមទាំងពីរ ព្រមទាំងកញ្ចប់ថវិកាយ៉ាងច្រើនថែមទៀត។

 អ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា បានលើកឡើងថា ការសម្រេចផ្ដល់រថយន្តមួយគ្រឿង ទីប្រឹក្សា និងជំនួយការសរុបចំនួន ៩នាក់ សម្រាប់ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងប្រធាន ក្រុមតំណាងរាស្រ្តសំឡេងភាគតិច ព្រមទាំងកញ្ចប់ថវិកា មានន័យថា កិច្ចប្រជុំនោះ មិនបានធ្វើឡើង ដើម្បី ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋម្ចាស់ឆ្នោតឡើយ ។ ប្រការនេះ កំពុងធ្វើឲ្យប៉ះ ពាល់យ៉ាង ខ្លាំង ដល់ទឹកចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រោះប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគតិច នៅក្នុងរដ្ឋសភា គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ មានន័យថា រាជរដ្ឋាភិបាល ត្រូវចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាបទៀត ទៅលើក្រុមការងារតំណាងរាស្ត្រ សំឡេងភាគច្រើន និងសំឡេងភាគតិច នៅក្នុងរដ្ឋសភា ហើយលុយទាំងនោះ បានមកពីញើសឈាមបង់ពន្ធ របស់ប្រជាពលរដ្ឋ។

 ក្រុមមន្ត្រីសង្គមស៊ីវិល បានវាយតម្លៃថា លទ្ធផលចេញជារថយន្តទំនើបៗ ទីប្រឹក្សា ជំនួយការ និងកញ្ចប់ថវិកា នោះ ដល់ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភានោះ បង្ហាញឲ្យឃើញ ថា កិច្ចប្រជុំជាបន្តបន្ទាប់កន្លងមក គេគិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការចែករថយន្ត ការផ្ដល់ទីប្រឹក្សា ជំនួយការ និងកញ្ចប់ថវិកា មើលទៅគ្រាន់តែជាវិធីចែកកន្លែងគ្នាធ្វើការ ចែកលាភសក្ការៈ និងបង្កឲ្យមាន បញ្ហាបក្ខពួកនិយម ក្នុងចំណោមទីប្រឹក្សា និងជំនួយការផងដែរ។ ម្យ៉ាងទៀត ប្រធានក្រុមតំណាងរាស្ត្រ សំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភា ប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗរួចទៅហើយ ដូច្នេះមិនគួរចំណាយថវិការដ្ឋ ដោយខ្ជះខ្ជាយតទៅទៀតទេ។

 មន្ត្រីសង្គមស៊ីវិល ដែលតាមដានកិច្ចប្រជុំរវាងប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគ តិចនៅក្នុងរដ្ឋសភា បានកត់សម្គាល់ថា នៅពេលមានកិច្ចប្រជុំម្តងៗ លទ្ធផលបង្ហាញថា គេមិនបានយក ចិត្តទុកដាក់ ដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋជាធំទេ ។ ផ្ទុយទៅវិញ ប្រធានតំណាង រាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភា ផ្តោតសំខាន់ទៅលើអំណាច និងបែងចែកផល ប្រយោជន៍រៀងៗខ្លួន ដោយមិនខ្វល់ពីទុក្ខលំបាក របស់ប្រជាពលរដ្ឋឡើយ។ ជាការពិត លុយសម្រាប់យក ទៅទិញរថយន្តថ្មី សម្រាប់ចំណាយលើទីប្រឹក្សា និងជំនួយការ គឺបានមកពីប្រជាពលរដ្ឋបង់ពន្ធ លើអាជីវកម្ម ម៉ូតូ រថយន្ត និងអចលនទ្រព្យជាដើម ដូច្នេះអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទឹកចិត្តប្រជាពលរដ្ឋ។ ចំណុចនេះ គួរមានការពិចារណាឡើងវិញ ព្រោះមើលទៅប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគតិច មិនគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋឡើយ។

 សូមបញ្ជាក់ថា ក្រៅពេលបញ្ចប់ជំនួបរវាងប្រធាន ក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគ តិចនៅ ក្នុងរដ្ឋសភា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឈាង វុន អ្នកនាំពាក្យខាងតំណាងរាស្ត្រ សំឡេងភាគ ច្រើន ក្នុងរដ្ឋសភា បានឲ្យដឹងថា ជំនួបពិភាក្សាបានឯកភាពជួនមធ្យោបាយជារថយន្ត ដល់ប្រធាន ឬថ្នាក់ដឹកនាំ សំឡេងភាគច្រើន និងសំឡេងភាគតិច ព្រមទាំងផ្តល់នូវទីប្រឹក្សា ជំនួយការ ៩រូប ព្រមទាំងខុទ្ទកាល័យ ផងដែរ។ ទីប្រឹក្សា និងជំនួយការទាំងនោះ មានឋានៈស្មើរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន អគ្គលេខាធិការ ព្រមទាំង កញ្ចប់ថវិកា ប៉ុន្តែត្រូវចែករំលែកតាមចំនួនអាសនៈនៅក្នុងរដ្ឋសភា ។ លទ្ធផលនៃកិច្ចប្រជុចេញមកបែបនេះហើយ ទើបធ្វើឲ្យមហាជន ប្រជាពលរដ្ឋ ព្រមទាំងក្រុមសង្គមស៊ីវិល រិះគន់យ៉ាងខ្លាំងក្លា ដោយវាយតម្លៃថា អ្នកដឹកនាំ កិច្ចប្រជុំនោះ គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនគិតដល់ផលប្រយោជន៍ជាតិ និងទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលជាអ្នកបង់ពន្ធជូនរដ្ឋបន្តិចណាឡើយ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកិច្ចប្រជុំជាបន្តបន្ទាប់ រវាងប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេង ភាគតិចនៅក្នុងរដ្ឋសភា មិនទាន់អាចដោះស្រាយជម្លោះនយោបាយឡើងកម្តៅខ្លាំង កាលពីចុង ឆ្នាំ២០១៥ កន្លងមកនោះទេ ។ ជាក់ស្តែងករណីមន្ត្រីជាន់ខ្ពស់ និងសកម្មជនគណបក្សជំទាស់ ដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារព្រៃស មិនទាន់មានដំណោះស្រាយសមស្របនៅឡើយ ហើយលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កំពុងបន្តនិរទេសខ្លួន មិនអាចចូលស្រុកវិញបាន ។ ជាងនេះទៅទៀត លទ្ធផលនៃកិច្ចប្រជុំ រវាង ប្រធាន ក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងរដ្ឋសភា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ គឺរថយន្ត ទីប្រឹក្សា ជំនួយការ និងកញ្ចប់ថវិកា ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ពីប្រជា ពលរដ្ឋ និងមជ្ឈដ្ឋាននានា ។ ក្នុងនោះ លោក កឹម សុខា ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិច ត្រូវមជ្ឈដ្ឋាន នានា រិះគន់ថា មិនសូវគិតគូរ ពីរឿងដោះស្រាយបញ្ហានយោបាយ រវាងគណបក្សទាំងពីរទេ ហើយបែរជាគិតគូរ រឿង អំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ៕