ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងទៅចូលរួម កិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រី ការបរទេស អាស៊ាន នៅឡាវ

ភ្នំពេញ៖ បន្ទាប់ពីមានការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ថុងលួន ស៊ីស៊ូលីត (Thongloun SISOULITH) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរូមកិច្ចប្រជុំចង្រ្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន (The ASEAN Foreign Ministers´ Retreat) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទៅ២៦ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជា-មានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ទទួលបានថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពីមជ្ឍមណ្ឌុលព័ត៌មានដើមអម្ពិល បានឲ្យដឹងថា កិច្ចប្រជុំចង្រ្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការពង្រឹងសហគមន៍អាស៊ាន ដែលក្នុងចំណោមនោះរួមមាន ការអនុវត្តន៍ផែនការលំអិតនៃសហគកមន៍សន្តិសុខ-នយោបាយអាស៊ាន ២០២៥ ចក្ខុវិស័យសហគកមន៍អាស៊ាន ២០២៥ និងផែនការលំអិតរបស់សហគមន៍ទាំងបី ទំនាក់ទំនងអន្តរជាតិ និងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ហើយនឹងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ។

ក្រៅពីនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក បណ្ឌិត វីវៀន បាឡាក់គ្រីសណាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី៕