សុខភាព &raquo សុខភាព

ការ​ប្រើ​ដោយ​ស្មាន​ៗ​ឬ​ដោយ​ឯកចិត្ត​នូវ​ពពួក​ថ្នាំ​ផ្សះ​ឬ​អង់​ទី​ប៊ី​យ៉ូ​ទិច អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាប់​ចាប់តាំងពី​កម្រិត​តូចតាច​ដល់​ធ្ងន់ធ្ងរ ។ ផល​រំខាន​បែប​នេះ យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​បានឱ្យ​ដឹង​ថា ពីព្រោះ​លោក​អ្នក​កំពុង​ចាក់​បញ្ចូល​សារធាតុ​គីមី​ដែល​រាង​កាយ​មិន​ត្រូវការ​ទាល់តែ​សោះ ។ មួយវិញទៀត ការ​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​នឹង​នាំ​ឱ្យ​រាង​កាយ​ស៊ាំ​នឹង​ពពួក​ថ្នាំ​ប្រភេទ​នេះ ។

ដូច្នេះ​ប្រ​សិន​ជួប​នូវ​អាការ​មួយ​ចំនួន​ដូច​ខាងក្រោម លោក​អ្នក​មិន​គួរ​ប្រញាប់ប្រញាល់​លេបថ្នាំ Penicillin ឬ Amoxicillin...​ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ឡើយ ៖

១-​ឈឺ​.​ក ៖ នៅ​ពេល​លេបទឹកមាត់​ឈឺ   លោក​អ្នក​អាច​នឹង​រលាក​បំពង់ក​ធ្ងន់ធ្ងរ​ហើយ ។ យ៉ាងណា​ក៏​ដោយ ការ​រលាក​អាច​បណ្តាល​មក​ពី​បាក់តេរី​ឬ​វីរុស ហើយ​ដែល​បញ្ហា​នេះ​គឺ​មាន​តែ​វេជ្ជបណ្ឌិត​ទេ​ទើប​អាច​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ។ ដូច្នេះ ការ​ប្រើ​ថ្នាំ​ដោយ​ប្រថុយប្រថាន​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ៦០​ភាគរយ​នៃ​អ្នក​ឈឺ​.​ក​ដែល​ទៅ​ជួប​វេជ្ជបណ្ឌិត មិន​ទទួល​បាន​វេជ្ជបញ្ជា​ឱ្យ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ឡើយ ។

២-​ក្អក​រន្ថាន់​ជាប់​គ្នា ៖ ការ​ក្អក​បែប​នេះ​អាច​មិនមែន​ជា​ហេតុផល​សមរម្យ​ដើម្បី​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នោះ​ទេ បើ​ទោះ​ណា​ស្លេស្ម​ដែល​ខាកស្តោះ​ចេញ​មាន​ពណ៌​ចម្រុះ​ក្តី ។ ជា​រឿយ​ៗ ក្អកមាន​ស្លេស្ម​គឺ​បណ្តាល​មក​ពី​ការ​រលាក​ទងសួត​ធ្ងន់ធ្ងរ ។

វេជ្ជបណ្ឌិត Jeffrey Linder មក​ពីសា​កល​វិទ្យា​ហា​វើ​ដ​បាន​និយាយ​ថា នៅ​ពេល​មនុស្ស​ក្អកមាន​ស្លេស្ម​ពណ៌​បៃតង​ឬ​លឿង ពួក​គេ​អាច​រំជួលចិត្ត ។ ប៉ុន្តែ តាម​ការ​ពិត នោះ​គ្រាន់តែ​ជា​ដំណើរ​សម្អាត​វីរុស​ឆ្លង​របស់​រាង​កាយ​ប៉ុណ្ណោះ ។ ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​មិន​អាច​ជួយ​បាន​ឡើយ​ចំពោះ​ការ​រលាក​ឬ​ចម្លង​ដោយ​វីរុស​នេះ ។

៣-​បូស​លើ​ស្បែក ៖ វា​មាន​សណ្ឋាន​ប្រហាក់ប្រហែល​នឹង​មុន​ដែរ ប៉ុន្តែ​វា​បង្កើត​ការ​ឈឺចាប់​ខ្លាំង​ជាង ។ ជា​ធម្មតា​បូស​បង្ក​ដោយ​បាក់តេរី ដូច្នេះ​វា​មិន​ត្រូវការ​ជា​ចាំបាច់​នូវ​ពពួក​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នោះ​ទេ ។

ការ​សិក្សា​មួយ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Timothy Jenkins មក​ពី​សាកលវិទ្យាល័យ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​រក​ឃើញ​ថា ស្ទើរ​ពាក់កណ្តាល​នៃ​អ្នក​កើត​បូស​អាច​ត្រូវ​ព្យា​បាល​ដោយ​ការ​ចោះ​បង្ហូរ​ខ្ទុះ​ចេញ ។

៤-​ឈឺចាប់​លើ​ផ្ទៃមុខ​និង​តឹង​ច្រមុះ ៖ យ៉ាង​ហោច​ណាស់ ក្នុង​មួយ​ឆ្នាំ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ធំ​ពេញវ័យ​៧​នាក់​ជួប​បញ្ហា​តឹង​ច្រមុះ និង​ឈឺចាប់​លើ​ផ្ទៃមុខ​ម្តុំ​ច្រមុះ ។ នេះ​អាច​ជា​រោគ​សញ្ញា​នៃ​ការ​រលាក​ឆ្អឹងច្រមុះ ។

ភាគច្រើន​បំផុត​នៃ​បញ្ហា​នេះ​អាច​បណ្តាល​មក​ពី​វីរុស មិនមែន​បាក់តេរី​ទេ ។ ទោះជា​យ៉ាងណា ៨៣​ភាគរយ​នៃ​អ្នក​កើត​មាន​អាការ​បែប​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។

៥-​ឈឺធ្មេញ ៖ ឈឺធ្មេញ​អាច​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ពិសេស​នៅ​ពេល​ដែល​សរសៃប្រសាទ​នៅ​កណ្តាល​ធ្មេញ​រង​នូវ​ការ​រលាក​។ ជា​ធម្មតា ការ​រលាក​នេះ​មិន​បណ្តាល​មក​ពី​បាក់តេរី​នោះ​ទេ ដូច្នេះ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​មិន​អាច​ជួយ​បាន​ឡើយ ៕