ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​​ថ្ងៃ​ទី​២៣​​កុម្ភៈ ២០១៦ ​នេះ​ បាន​អំពាវនាវ​ដល់​ជល់​រួម​ជាតិ​កម្ពុជា​ទាំងឡាយ​ «​យល់​ដឹង​ និង​ប្រយ័ត្ន​អំពី​មីន ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​» ​។ ​ការ​អំពាវ​នាវ​របស់​​សម្តេច​តេ​ជោ ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​សម្តេច​ផ្ទាល់​ ។​

សម្តេច​​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ទៀត​ថា​ កម្ពុជា​បាន​ចាប់ផ្ដើម​បោសសំអាត​គ្រាប់​មីន ​ជា​លក្ខណៈ​មនុស្សធម៌​ និង​ជា​បន្ទាន់​នៅ​ឆ្នាំ​១៩៩២ ​ដើម្បី​ធានា​សុវត្ថិភាព ​និង​ផ្ដល់​ដី​បង្កបង្កើន​ផល​ សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្ដន៍​​របស់​ប្រជា​ជនភៀសសឹក ​មក​ពី​តាម​ព្រំដែន​កម្ពុជា​-​​ថៃ ​។

សម្តេច​បាន​សរសេរ​បន្ត​ថា ​ទន្ទឹម​និង​នោះ គឺ​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើស្រែ​ចំការ រៀបចំ​ភូមិដ្ឋាន ផ្លូវថ្នល់​សាលារៀន វត្ដ​អារាម​ ដើម្បី​ជីវិត​រស់នៅ​ដ៏​សុខសាន្ដ​របស់​ប្រជាជន និង​ដើម្បី​រដ្ឋាភិបាល​មានឱកាស​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​សារវន្ដ​នានា​របស់​ជាតិ​ ។ សម្តេច​បាន​សរសេរ​បញ្ជាក់​ថា​ ចាប់តាំងពី​ឆ្នាំ១៩៩៥ មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ទិវា​យល់​ដឹង​អំពី​មីន​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​អោយ​យល់​ដឹង​ពី​គ្រោះថ្នាក់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ព្រមទាំង​វិធានការ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​សារ​​មីន ​។សូម​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នេះ​ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក ​(Facebook) ​ថា ​សូម​គ្រប់​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែនដី ត្រូវ​តែ​យកចិត្ដទុកដាក់​ពិនិត្យ​តាមដាន​សកម្មភាព និង​គ្រប់​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទឹកដី​ភូមិសាស្ដ្រ​របស់​ខ្លួន ដែល​បាន​បង្ក​គ្រោះថ្នាក់​មក​លើ​ប្រជាពលរដ្ឋ​ដោយសារ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ។

សម្តេច​តេ​ជោ​បាន​សរសេរ​ដោយ​ផ្ទល់​ជា​យុទ្ធសាស្ត្រ​ថា​ «ត្រូវធ្វើ​សកម្មភាព​អប់រំ​ប្រជាពលរដ្ឋ​​ឱ្យ​យល់​ដឹង​ចេះ​ការពារ​ខ្លួន ​និង​ដោះស្រាយ​ជា​បន្ទាន់​នូវ​សំ​ណូ​ម​ពរ​របស់​ប្រជាពលរដ្ឋ​ ។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋយុវជន និង​សិស្សានុសិស្ស សូម​ប្រយ័ត្ន​ និង​កុំ​ប៉ះពាល់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​អាច​បណ្តាល​​ឱ្យ​មាន​គ្រោះថ្នាក់​» ។