ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ដោយសារ​កំណើន​នាវា និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​បាន​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​កាន់តែ​ច្រើន​ឡើង​ៗ រហូត​ស្ទើរ​គ្មាន​លទ្ធភាព​សម្រាប់​ស្តុក​ទំនិញ​នាំ​ចេញ និង​នាំ​ចូល និង​ស្ទើរតែ​គ្មាន​គ្រឿងចក្រ​សម្រាប់​លើកដាក់​ទំនិញ​នោះ ពេល​នេះ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន ទាំង​ទំហំ​ផ្ទៃដី​កំពង់​ផែ ការ​នាំ​ចូល​ឧបករណ៍​លើកដាក់​ទំនិញ​បន្ថែម និង​សាងសង់​ផែ​បន្ថែម​ទៀត ។

លោក លូ គឹ​ម​ឈុ​ន អគ្គនាយក​គ្រប់គ្រង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា​៖ « លទ្ធផល​ប្រចាំឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ការងារ​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មានដំណើរ​ការ​ល្អ និង​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ ។ បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ​មាន​កំណើន​ប្រមាណ​១៧,៨៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ​។ សម្រាប់​នាវា​វិញ​មាន​កំណើន​ប្រមាណ​១៥% ហើយ​នាវា​ទេសចរណ៍​ឆ្លងកាត់​មាន​ប្រមាណ​១៧% ផង​ដែរ ។ ជា​ទូទៅ លទ្ធផល​អាជីវកម្ម​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឆ្នាំ​២០១៥ ធៀប​នឹង​ឆ្នាំ​២០១៤ យើង​ទទួល​បាន​កំណើន​មួយ​ខ្ពស់ ដែល​ជា​មោទនភាព​មួយ​របស់​កម្ពុជា​យើង ។ ជាក់ស្ដែង កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ មាន​កំណើន​ប្រមាណ​៧៣% » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « បើ​តាម​សមត្ថភាព​របស់​កំពង់​ផែ​សព្វ​ថ្ងៃនេះ អាច​លើកដាក់​បាន​តែ​៣៥០​ពាន់​កុងតឺន័រ​ទេ​ក្នុង​មួយ​ឆ្នាំ តែ​សម្រាប់​ឆ្នាំ​២០១៥​កន្លង​មកនេះ កំណើន​កុងតឺន័រ​បាន​កើនឡើង​ជិត​៤០០​ពាន់​កុងតឺន័រ​ទៅ​ហើយ គឺ​វា​លើស​ពី​សមត្ថភាព​របស់​កំពង់​ផែ ដែល​ត្រូវការ​ពង្រីក​វិសាលភាព​ជា​បន្តបន្ទាប់​ទៀត ។ ដោយ​មើល​ឃើញ​ពី​កំណើន​ខ្ពស់​បែប​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អនុញ្ញាត​ឱ្យ​កំពង់​ផែ​ទិញ​គ្រឿងចក្រ​ពីរ​បន្ថែម​ទៀត​សម្រាប់​លើកដាក់​ទំនិញ ដែល​មួយ​គ្រឿង​ឬ​មួយ​សម្រាប់ ត្រូវ​ចំណាយ​លុយ​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​មក​ដល់​កំពង់​ផែ​នៅ​ចុងឆ្នាំ​២០១៦​នេះ ហើយ​មួយ​គ្រឿង​ឬ​មួយ​សម្រាប់​ទៀត នឹង​មួយ​ដល់​នៅ​ដើមឆ្នាំ​២០១៧ ខាង​មុខ​នេះ » ។

លោក​បន្ថែម​ថា ៖ « យើង​សង្ឃឹមថា បន្ទាប់​ពី​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ពីរ​សម្រាប់​នោះ​មក​ដល់​កម្ពុជា បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ នឹង​មាន​កំណើន​ឡើងជា​បន្តបន្ទាប់​ទៀត ហើយនឹង​ធ្វើ​ឱ្យ​កំពង់​ផែ​របស់​យើង អាច​ជា​កំពង់​ផែ​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ។ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​មាន​ទិស​ដៅ​ពង្រីក​ផែ​បន្ត​ទៅ​ទៀត ។ បន្ទាប់​ពី​គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ពីរ​បន្ថែម​ទៀត​មក​ដល់​នៅ​ឆ្នាំ​២០១៩ ឬ​២០២០ យើង​សង្ឃឹមថា បរិមាណ​កុងតឺន័រ​នឹង​កើនឡើង​លើស​ពី​៧០០​ពាន់​កុងតឺន័រ​ក្នុង​មួយ​ឆ្នាំ ។ យើង​ក៏​ត្រូវ​គិតគូរ​ធ្វើ​ផែ​ប្រវែង​៣៥០​ម៉ែត្រ​បន្ត​ទៅ​ទៀត និង​មាន​ជម្រៅ​ទឹក​១៣​ម៉ែត្រ ដើម្បី​ទប់ទល់​នឹង​កំណើន​កុងតឺន័រ និង​អនុញ្ញាត​ឱ្យ​នាវា​នៅ​លើ​ពិភពលោក​អាច​ចូល​ចត​កំពង់​ផែ​របស់​យើង​បាន យ៉ាង​ហោច​ណាស់ ក៏​នាវា​៨៣% នៃ​នាវា​ពិភពលោក​អាច​ចូល​ចត​បាន​ដែរ » ។

លោក​បញ្ជាក់​ថា ៖ « ពេល​នេះ ក្រុមការងារ​កំពុង​សិក្សា និង​គូរ​ប្លង់​ដើម្បី​សាងសង់​ព​ង្រី​ផែ​ដែល​ត្រូវ​ចំណាយ​លុយ​ប្រមាណ​៨៣​លាន​ដុល្លារ​អា​មេ​រិ​ក  ហើយ​បន្ទាប់​ពី​ពង្រីក​ផែ​ថ្មី​រួច​ហើយ​នោះ ក៏​ត្រូវការ​គ្រឿងចក្រ​បន្ថែម​ទៀត ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ ដូចនេះ ត្រូវការ​ថវិកា​ធំធេង​ណាស់​សម្រាប់​ពង្រីក​ផែ​ថ្មី » ។

លោក​បញ្ជាក់​ទៀត​ថា ៖ « វា​ជា​ការ​រីករាយ​ណាស់​នៅ​ដើមឆ្នាំ​២០១៦​នេះ ដោយ​មាន​នាវា​ទេសចរណ៍​មក​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ​ជា​បន្តបន្ទាប់ ដែល​ថ្ងៃ​ខ្លះ​១​គ្រឿង ហើយ​ថ្ងៃ​ខ្លះ​ទៀត​មាន​រហូត​ដល់​២​គ្រឿង ។ កាលពី​ឆ្នាំ​២០១៤ កំពង់​ផែ​ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​២៤​គ្រឿង​, ឆ្នាំ​២០១៥ ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​៣៦​គ្រឿង ហើយ​សម្រាប់​ឆ្នាំ​២០១៦​នេះ គ្រាន់តែ​រយៈពេល​មិន​ដល់​ពីរ​ខែ​ផង យើង​ទទួល​បាន​នាវា​ទេសចរណ៍​ចំនួន​១៧​គ្រឿង ។ កាលពីមុន នាវា​ទេសចរណ៍​ចេញពី​ថៃ​ទៅ​វៀតណាម គេ​រំលង​ផែ​យើង ជួនកាល​ចេញពី​វៀតណាម​ទៅ​ថៃ ក៏​រំលង​ផែ​យើង​ដែរ តែ​ឥឡូវនេះ​ឃើញ​ថា ស្ទើរតែ​អត់​មាន​រំលង​ទេ » ។

គួរ​បញ្ជាក់​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ធំ​ជាងគេ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ឆមាស​ទី​១​ឆ្នាំ​២០១៦​នេះ ៕