ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៥ បាន​កើតឡើង​ចំនួន​៥៩០​លើក​សម្លាប់​មនុស្ស​៣៥​នាក់ របួស​២៨​នាក់ ឆេះ​ផ្ទះ​៥៩៥​ខ្នង ឆេះ​តូប​ក្នុង​ផ្សារ​៤២១​តូប ឃ្លាំង​ស្តុក​សម្ភារ​ចំនួន​២ យានដ្ឋាន​២ ក្លិប​កម្សាន្ត​១ឆេះ​រថយន្ត​១៨​គ្រឿង គោ​យន្ត​១០​គ្រឿង និង​ខូចខាត​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

នេះ​បើ​យោង​តាម​របាយការណ៍​ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ឯក សួ​ស អង្គា​រ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១៦ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​ក្រោម​អធិបតី​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

តា​មរបាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​អគ្គិភ័យ​ឆ្នាំ​២០១៥​កើតឡើង​ចំនួន​៥៩០​លើក​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​មានការ​កើនឡើង​៧៦​លើក​ស្មើ​១៤,៧៨%​ក្នុង​នោះ​បណ្តាល​មក​ពី កត្តា​ឆ្លង​ចរន្ត​អគ្គិភ័យ​មាន​ចំនួន​៤៧,៦២% កត្តា​ធ្វេសប្រហែស​ចំនួន​២៧,៩៦% ក្រៅពី​នេះ​ដោយសារ​កត្តា​ផ្សេង​ៗ​ទៀត​ប្រមាណ​ជា​២៤% ។

ដោយឡែក​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កើត​មាន​ករណី​គ្រោះ​អគ្គិភ័យ​ចំនួន​១៣៣​លើក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​មានការ​កើនឡើង​៤៧​លើក​ស្មើ​៥៤% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១១​នាក់ និង​របួស​១៦​នាក់​។ ឆេះ​ផ្ទះ​១១៦​ខ្នង បន្ទប់​ស្នាក់​នៅ បន្ទប់ធ្វើការ និង​បន្ទប់ពិសោធន៍​ចំនួន​២០​បន្ទប់ ក្លិប​កម្សាន្ត​១ តូប​ចំនួន​១១​តូប ឃ្លាំង​-​រោង​សិប្បកម្ម​ចំនួន​២១​កន្លែង ព្រមទាំង​ឆេះ​រថយន្ត ម៉ូ​តូ បរិក្ខារ​អេ​ឡិច​ត្រូ​និ​ច សម្ភារៈ​ប្រើប្រាស់ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជា​ច្រើន​ទៀត ។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​រួម​មាន បញ្ហា​ការ​ឆ្លង​ចរន្តអគ្គិសនី ការ​ដុត​សំរាម ដុត​ស្មៅ ការ​ស្តុក ការ​បញ្ចូល​និង​ការ​ទុកដាក់់​ប្រេងឥន្ធនៈ​-​ហ្គា​ស​ខុស​បច្ចេកទេស គ្រោះថ្នាក់​ចរាចរណ៍ ករណី​ការ​ផ្សារ​ដែក ភ្លើង​ធូប ភ្លើងទៀន និង​ភ្លើងចង្ក្រាន ព្រមទាំង​កត្តា​ធ្វេសប្រហែស​មួយ​ចំនួន​ទៀត​ក្នុង​នោះ​ដើមហេតុ​ចម្បង​បំផុត​គឺ បញ្ហា​ឆ្លង​ចរន្តអគ្គិសនី​ដែល​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ចំនួន​៤៥​លើក​ក្នុង​ចំណោម​គ្រោះថ្នាក់​សរុប​ចំនួន​១៣៣​ករណី ។

គ្រោះ​អគ្គិភ័យ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​ធំមួយ​របស់​រាជធានី​ភ្នំពេញ ពីព្រោះ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហានិភ័យ​កាន់តែ​ខ្ពស់ និង​មាន​វិសាលភាព​កាន់តែ​ធំធេង ៕