ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ចាប់តំាងគណៈកម្មការជាតិដើម្បីទប់ស្កាត់និង​បង្រ្កាបបទល្មើសព្រៃឈើចុះត្រួតពិនិត្យ​និងអង្កេតករណី​បទល្មើសព្រៃឈើ​នៅភាគខាងជើងនិង​ឦសាន​ប្រទេសកម្ពុជា​នោះរួចមក ​គណៈកម្មការនេះ បានរកឃើញឈើខុសច្បាប់​ចំនួន២៨៦៧,៤៨៤ម៉ែត្រគូប ។

នេះបើយោងតាមរបាយការណ៍​បូកសរុបរបស់គណៈកម្មការជាតិ​ដើម្បីទប់ស្កាត់និង​បង្រ្កាបបទល្មើសព្រៃឈើដែលបានបង្ហាញឡើង​នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបស់​គណៈកម្មការនេះ​កាលពីថ្ងៃទី២២ កុម្ភៈ ២០១៦ ។

ឈើខុសច្បាប់ដែល​បានរកឃើញខាងលើរួមមាន៖ ក្នុងខេត្តរតនគិរី​ ក្រុមហ៊ុនដូនពេញ ​ឈើចំនួន៨៨៣៣កំណាត់ស្មើនឹង១៨៥ម៉ែត្រគូប​ ក្រុមហ៊ុនទ្រី ភាព មានឈើ​៨២៥៧កំណាត់ស្មើនឹង២៧៥,៤៦០ម៉ែត្រគូប​ ក្រុមហ៊ុនចែងប៉ូលីន ឈើ១៣១២,៩១៥ម៉ែត្រគូប ។ ​ខេត្តស្ទឹងត្រែង ​ប្រមូលឈើល្មើសច្បាប់ ៣២៨៣ដុំស្មើនឹង​២៥០,១៩៤ម៉ែត្រ​គូប​ គោយន្តកន្រ្តៃយ៍ចំនួន០៤គ្រឿង ​រណាយន្ត៤គ្រឿង និង ​បានកសាងសំណុំរឿងបញ្ជូនទៅ​អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង​១៩ករណី ។ ខេត្តមណ្ឌលគិរី ​ចាប់រថយន្តបាន០៨គ្រឿង ​ទោចក្រយានយន្ត០២គ្រឿង ​ម៉ាស៊ីនអាឈើ០១គ្រឿង ​ម៉ាស៊ីជ្រៀកឈើ០១គ្រឿង ​រណាយន្ត០២គ្រឿង ​ម៉ាស៊ីនគោយន្ត​០១គ្រឿង ឃាត់ខ្លួនអ្នកដឹកជញ្ជូន​ឈើ០៧នាក់​ ​និងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអម​សាលាដំបូងខេត្តស្ទឹងត្រែង០២ករណី ។​ ខេត្តរតនគិរី ​ចាប់ឈើបាន​៥៦៥ដុំ ស្មើនឹង១៧៦,៤០៩ម៉ែត្រគូប ​។ ខេត្តក្រចេះ ចាប់ឈើបានចំនួន៣០៩៤​កំណាត់ស្មើនឹង៦៦៧,៥០៦ម៉ែត្រគូប​ ជន្លង់ម្រេច ២៤៦ រណាយន្ត០១គ្រឿង និងបាន​​កសាងសំណុំរឿងបញ្ជូន​ទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ​ចំនួន០៥ករណី ​(ក្រុមហ៊ុនចំនួន០៤ករណី ​និងឯកត្តជន០១ករណី)។

យ៉ាងណាក៍ដោយបើ​តាមរបាយការណ៍ដដែល ​គិតត្រឹមថ្ងៃទី១៥ កុម្ភៈ ២០១៦ ​តុលាការមិនទាន់ចេញដីកាកោះ​ ឬដីកាបង្គាប់ឲ្យចាប់ខ្លួននរណា​ម្នាក់នៅឡើយទេ ។