តាមពិត​ខ្ញុំ​គិតតែ​ម្នាក់ឯង

តាមពិត​ខ្ញុំ​គិតតែ​ម្នាក់ឯង

វា​ជា​រឿងរ៉ាវ​ស្នេហា​តែ​ម្ខាង​មួយ​ដែល​បាន​កើតឡើង​នៅ​ពេល​ដែល​ខ្ញុំ​រៀន​គួរ​វ៉ា​កង​ធំ​ត្រៀម​ចូល​ថ្នាក់​ទី១២នៅ​សាលា​ជ័យ​ថា​វី។ ខ្ញុំ​និង​ម្នាក់​នោះ​រៀន​នៅ​សាលា​ផ្សេងគ្នា​ប៉ុន្តែ​យើង​បាន​ជួបជុំគ្នា​នៅ​ទីនេះ។ ថ្ងៃមួយ​ដោយសារតែ​មេឃ​ភ្លៀង​ហើយ​មិន​អាច​ដើរ​ទៅ​យក​ម៉ូតូ​ដែល​ផ្ញើ​នៅ​ខាងក្រៅ​សាលា​បាន​ខ្ញុំ​និង​មិត្ត​របស់ខ្ញុំ​រួម​ទាំង​សិស្ស​ដ៏​ទៃ​បាន​នាំគ្នា​ឈរ​ចាំ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ខាងក្នុង។

 

នេះ​ជា​ពេល​ដែល​ខ្ញុំ​បាន​ចាប់អារម្មណ៍​ថា​មាន​បុរស​ម្នាក់​កំពុងតែ​សម្លឹង​មក​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​គិត​អ្វី​ច្រើន​ព្រោះ​គ្រាន់តែ​សម្លឹង។ ចៃដន្យ​អី​ខ្ញុំ​ក៏បាន​ឃើញ​គេ​នៅ​ក្នុង​ថ្នាក់រៀន​ម្ដង​ទៀត។ តាមពិត​ពួក​យើង​​រៀន​ថ្នាក់​ជាមួយគ្នា​គ្រប់មុខ​វិជ្ជា​ទាំងអស់។

 

ថ្ងៃ​មួយ​ខ្ញុំ​និង​មិត្តភ័ក្ដិ​​​ចាប់​តុ​ បាន​អង្គុយ​នៅ​ខាង​មុខ​ ពេល​ម៉ោង​ចូលរៀន​មុខវិជ្ជា​ទី២ ខ្ញុំ​ក៏​ឃើញ​មនុស្ស​ម្នាក់​នោះ​ម្ដង​ទៀត។ ម្ដង​នេះ​ពួក​យើង​បាន​សម្លឹង​មើល​គ្នា​យ៉ាង​ច្បាស់។ ពេលនោះ​ខ្ញុំ​ក៏​គិត​ម្ដង​ទៀត​ថា​ ហេតុ​អី​ក៏​ម្នាក់​ហ្នឹង​សម្លឹង​ខ្ញុំ​ទៀតហើយ មិន​គិត​អ្វី​ច្រើន​ក៏​អង្គុយ​រំលឹក​មេរៀន​ព្រោះ​ជិត​ដល់​ម៉ោង​ចូលរៀន។

 

មនុស្ស​ម្នាក់​នោះ និង​មិត្តភ័ក្ដិ​របស់​គេ​អង្គុយ​តុ ​នៅ​ខាងក្រោយ ​ខ្ញុំ​ជា​រៀងរាល់ថ្ងៃ​រហូតដល់​ចប់​វ៉ា​កង។ ខ្ញុំ​ចាប់​ផ្ដើម ​ចាប់អារម្មណ៍​កាយវិការ​របស់​ម្នាក់​នោះ​កាន់​តែ​ខ្លាំង រាល់ពេល​ដែល​គេ​ឡើង​មក​រៀន​គីមី គឺ​យើង​តែងតែ​ប្រទះឃើញ​គ្នា និង​មើល​គ្នា​ជា​ញឹកញាប់ ពេលខ្លះ​ខ្ញុំ​គិត​ថា​គេ​ដូចជា​ចង់​ញញឹម។
 

មិត្តភ័ក្ដិ​គេ​ជា​មនុស្ស​កំប្លែង ពួកគេ​តែងតែ​និយាយ​កំប្លែង​ដែល​ពេល​ខ្លះ​ធ្វើ​អោយ​ខ្ញុំ​និង​មិត្ត​របស់​ខ្ញុំ ​ទប់​សើច​មិន​ចង់បាន តែ​ពួក​ខ្ញុំ​មិនដែល​សើច​និង​សំដី​របស់​ពួកគេ​ទេ កម្រ​និង​សើច​អោយ​ពួកគេ​ដឹង​ណាស់​ព្រោះ​គេ​និយាយ​តែ​គេ យើង​អត់​ស្គាល់​គេ​ផង​សើច​ទៅ​ដូច​ខ្មាស​គេ។ ខុស​ពី​មិត្ត​របស់​គេ ខ្ញុំ​ដូចជា​កម្រ​លឺ​បុរស​ម្នាក់​នោះ​ និយាយ​លេងសើច​ប៉ប្លេចប៉ប្លូច​ណាស់​​​គេ​ណាស់​គ្រាន់តែ​សើច​និង​និយាយ​ត​ខ្លះ​ៗ​ប៉ុណ្ណោះ។​

 

ដោយ​សារ​តែ​យើង​ឃើញ​មុខ​គ្នា និង​មើល​មុខ​គ្នា​សឹងតែ​រាល់ថ្ងៃ កាយវិការ និង​ទឹកមុខ​របស់​គេ​ធ្វើ​អោយ​ខ្ញុំ​គិត​ថា​បុរស​ម្នាក់​នោះ​ចាប់អារម្មណ៍​នឹង​ខ្ញុំ។ ប៉ុន្តែ​ពេលវេលា​វ៉ា​កង​ក៏​បញ្ចប់។

 

អំឡុង​ពេល​រៀន​ថ្នាក់​ទី​ ១២​ ខ្ញុំ​មិនដែល​ទៅ​ជ័យ​ថា​វី​ម្ដង​ណា​ទៀត​ឡើយ ទើបតែ​ពេល​ចូល​ឆមាស​ទី២ទើប​ខ្ញុំ​ដូរ​ទៅ​រៀន​គួរ​ត្រៀម​នៅ​ជ័យ​ថា​វី​ម្ដង​ទៀត។ ចម្លែក​អី​! សិស្ស​រាប់​ពាន់​នាក់​ទៅ​រៀន​ទីនោះ ហេតុ​អី​ក៏​ខ្ញុំ​រៀន​ថ្នាក់​ជាមួយ​ម្នាក់​​នោះ​ទៀតហើយ សូម្បី​កន្លែង​អង្គុយ​ក៏​ជិត​គ្នា​ដដែល នេះ​ប្រហែលជា​ព្រហ្ម​លិខិត​កម្រិត​អោយ​យើង​ជួប​គ្នា​ម្ដង​ទៀត​ហើយ​មើល​ទៅ​។

 

 

តាមពិត​ខ្ញុំ​គិតតែ​ម្នាក់ឯង

(រូបតំណាង)

មេរៀន​ស្នេហ៍​ ក្នុង​ការ​ចងចាំ​

 

អារម្មណ៍​របស់ខ្ញុំ​ក៏​ចាប់​ផ្ដើម​គិត​រវើរវាយ​ជាថ្មី។ ទម្លាប់​នៅ​ពេល​ជួប​គ្នា​របស់​ពួក​យើង​គឺ​នៅតែ​ដដែល​គឺ​គ្រាន់តែ​សម្លឹង​មើល​គ្នា​ទៅវិញទៅមក។ ពេលវេលា​ក៏​កាន់តែ​ទៅមុខ​បេះដូង​របស់ខ្ញុំ​ក៏​ចាប់​ផ្តើម​ចាប់អារម្មណ៍​គេ​ដោយ​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ថា​គេ​ក៏​ចាប់អារម្មណ៍​ខ្ញុំ​ដូចគ្នា ប៉ុន្តែ​ពួក​យើង​មិន​ដែល​ញញឹម​ដាក់គ្នា​អោយ​ចំ រឺក៏​សារភាព​នោះ​ទេ។
 
រៀន​ត្រៀម​បាក់​ឌុប​ក៏បាន​បញ្ចប់ ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ទទួល​ការ​សារភាព​ពី​គេ​ទេ ហេតុផល​នេះ​ធ្វើ​អោយ​ខ្ញុំ​គិត​សារ​ជាថ្មី រួច​ក៏​ប្រាប់​ខ្លួន​ឯង​ថា​ខ្ញុំ​គិតតែ​ម្នាក់ឯង។ ប្រលង​ទី១២ក៏បាន​បញ្ចប់ ចាប់​ពី​ពេល​នោះ​ទៅ​យើង​ក៏​លែង​បាន​ជួប​គ្នា។

 

តែ​ព្រហ្ម​លិខិត​នៅតែ​លែង​សើច​នឹង​ខ្ញុំ ខ្ញុំ​បាន​ដាក់​ពាក្យ​ប្រលង​ចូលរៀន​នៅ​សាកលវិទ្យាល័យ​UCខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា​គេ​ក៏​ដាក់ពាក្យ​រៀន​នៅ​សាលា​នោះ​ដែរ ចម្លែក​អី​ថ្ងៃ​ទៅ​ប្រលង​នៅ​សាលា​បាក់​ទូក សិស្ស​រាប់​ពាន់​នាក់​ដើរ​អោយ​ពេញ​តែ​សាលា ភ្នែក​ខ្ញុំ​ក៏​ក្រឡេក​ឃើញ​គេ​ តែ​ពេល​នោះ​គេ​ទំនងជា​ឈរ​ចាំ​មិត្តភ័ក្ដិ​មុន​ពេល​ចូល​ប្រលង។
 
អារម្មណ៍​របស់ខ្ញុំ​ជ្រួល​ច្របល់ បេះដូង​ក៏​លោត​ញាប់​ហើយ​មាន​អារម្មណ៍​ថា​ភ័យ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​គេ​ម្ដង​នេះ។ ពេលនេះ​ហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​ដឹង​ថា​តាមពិត​គេ​គឺជា​សិស្សសាលា ​ព្រះស៊ីសុវត្ថិ​ដោយសារតែ​ឯកសណ្ឋាន​របស់​គេ។ ខ្ញុំ​មិន​គិត​អ្វី​ច្រើន​ក៏​សម្រួល​អារម្មណ៍​ហើយ​ប្រាប់​ខ្លួនឯង​ថា​គេ​មិន​ចាប់អារម្មណ៍​ឯង​ទេ​កុំ​គិត​ច្រើនពេក​កុំ​ឆ្កួត​តែ​ម្នាក់​ឯង រួច​ក៏​ដើរ​យ៉ាង​លឿន​សំដៅ​ទៅ​អគារ​ប្រលង។
 
ងាក​ក៏​មិន​ហ៊ាន​ងាក​ព្រោះ​ខ្លាច​ថាបើ​គេ​ចាប់​បាន​ថា​ខ្ញុំ​ចាប់អារម្មណ៍​គេ​ប្រាកដជា​ខ្មាស​គេ​ណាស់។ តែ​ទោះ​មុខ​មិន​ហ៊ាន​ងាក​តែ​ខ្ញុំ​បាន​លួច​មើល​គេ​តាម​កន្ទុយភ្នែក ក៏​ឃើញ​ថា​គេ​ក៏ដូចជា​ឃើញ​ខ្ញុំ ហើយ​សម្លឹង​មក​ខ្ញុំ​ដែរ។ ខ្លួន​ចង់​ងាក​ទៅ​មើល​គេ​ដែរ​តែ​គិត​ថា​កុំ​អី ប្រាប់​ខ្លួនឯង​ថា​គេ​គ្រាន់តែ​សម្លឹង ​អ្នកណា​ផ្សេង​ប៉ុណ្ណោះ ព្រោះ​បើ​គេ​ចាប់អារម្មណ៍​នឹង​ខ្លួន​មែន​គេ​សារភាព​យូរហើយ។ ខ្ញុំ​ក៏​លេង​គិត​អី​ក៏​សំដៅ​ទៅ​បន្ទប់​ប្រលង​ទៅ។

 

ពេល​ចេញពី​ប្រលង ដើរ​ចុះ​ជណ្ដើរ​ខ្ញុំ​ក៏​លួច​មើល​តាម​ជាន់​ដែរ​ថា​តើ​មាន​ឃើញ​គេ​ដែរ​ឬ​អត់ ស្រាប់តែ​ឃើញ​គេ​មែន យើង​ប្រលង​នៅ​អគារ​ជាមួយគ្នា​ទៀត។ ពេល​ខ្ញុំ​ចុះ​មក​ឃើញ​គេ​កំពុងតែ​និយាយ​លេង​ជាមួយ​នារី​ម្នាក់ទៀត​សើច​សប្បាយ​តែ​ក៏ដូចជា​កំពុង​សម្លឹង​ទៅ​ជណ្ដើរ​ដូចជា​ ចាំ​មើល​នរណា​ម្នាក់ តែ​ដោយ​ឃើញ​គេ​និយាយ​ជាមួយ​នារី​ដ៏​ទៃ។ ​ខ្ញុំ​ក៏​មិន​ហ៊ាន​មើល​យូរ​គ្រាន់តែ​ក្រឡេក​បន្តិច​ក៏​ងាក​មកវិញ។
 
ដូច្នេះ​ហើយ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ពី​ការពិត​ថា​តើ​ហេតុ​អី​ក៏​គេ​ឈរ​ទី​នោះ​ដែរ។ អារម្មណ៍​ខ្ញុំ​ចាប់​ផ្តើម​រញ៉េរញ៉ៃ​ជាថ្មី​និយាយ​តែ​ម្នាក់​ឯង​ថា ​តិច​គេ​ឈរ​ចាំ​ខ្ញុំ​ទេ​ដឹង តែ​មិន​អាច​ទេ​គេ​ប្រហែល​ឈរ​ចាំ​មិត្តភ័ក្ដិ​គេ​ទេ តែ​ចុះ​ហេតុ​គេ​សម្លឹង​មក​ខ្ញុំ​ដូចជា​ខំ​រកមើល​ចឹង? គិត​តែង​ឯង​ទៀតហើយ​មើល​ទៅ! រួច​ក៏​ប្រាប់​ខ្លួនឯង​ទៀត​ថា​ ​គេ​ឈរ​និយាយ​ជាមួយ​សង្សារ​គេ​ទេ​ល្មម​ភ្ញាក់ខ្លួន​ហើយ បើ​គេ​ចាប់អារម្មណ៍​យើង​មែន​គេ​សារភាព​យូរហើយ ហើយ​បើ​នារី​ម្នាក់​នោះ​មិន​មែន​ជា​សង្សារ​គេ​ទេ​ គេ​ប្រាកដជា​តាម​មក​ហើយ។
 
ប៉ុន្តែ​គេ​មិនបាន​តាម​មក​ទេ ថ្ងៃ​នោះ​ហើយ​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់ខ្លួន​ថា​តាមពិត​ខ្ញុំ​គិតតែ​ម្នាក់ឯង។ ខ្ញុំ​ក៏​ព្យាយាម​បំភ្លេច​គេ ហើយ​ខ្ញុំ​ក៏​អាច​ធ្វើ​វា​បាន ព្រោះថា​ពួក​យើង​មិន​មែន​ជា​អ្វី​នឹង​គ្នា​ទេ ​គ្រាន់តែ​ជា​ crush ដូច្នេះ​វា​ងាយស្រួល​បំភ្លេច​ហើយក៏​ប្រើ​ពេល​លឿន​ដែរ។

 

ភាព​ចៃដន្យ​បាន​កើត​ឡើងជា​ថ្មី​នៅ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​មាន​គណនី​ Instagramពីរ ហើយក៏​មិនបាន​ដឹង​ថា​ខ្ញុំ​នឹង​ម្នាក់​នោះ​បាន​follow គ្នា​នៅ​ក្នុង​គណនី​ ដែល​មិនបាន​ប្រើ​ឈ្មោះ​ពិត​របស់ខ្ញុំ​តាំងពី​ពេលណា​ដែរ។
 
ខ្ញុំ followគេ​តាំងពី​ឆ្នាំមុន​ប៉ុន្តែ​ខ្ញុំ​ទើបតែ​ដឹង​នៅ​ពេល​នេះ បើ​គិត​ទៅ១ឆ្នាំ​កន្លង​ហើយ ទើប​ខ្ញុំ​បាន​ដឹង ដោយសារតែ​ខ្ញុំ​ចង់​ដឹង​ថា​មាន​ណា​គេ​followខ្ញុំ​ខ្លះ រួច​ក៏​ប្រទះ​គណនី​មួយ​ដែល​មាន​ឈ្មោះ​ស្រដៀង​នឹង​ម្នាក់​នោះ ខ្ញុំ​ក៏​ចូល​មើល​ហើយក៏​ដឹង​ថា​គឺ​គេ​មែន ​ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​followមុន ដោយ​មើល​តាម​history។
 
៥ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិនដែល​គិត​ពី​គេ ហើយក៏​មិនដែល​ចង់​ជួប​សូម្បី​នៅ​តាម​ផ្លូវ ឬ​កន្លែង​ណា តែ​ម៉េច​ក៏​មក​ជួប​នៅ​ក្នុង​ Instagramទាំង​ដែល​ខ្ញុំ​មិនដែល​នឹង​ស្វែងរក។ មិន​ថា​តែ​ Instagramរឺ ក៏​ Facebook ខ្ញុំ​មិនដែល​ចង់​ស្វែងរក​គណនី​របស់ គេ​នោះ ទេ​បើ​ទោះ​បី​ខ្ញុំ​ចាំ​តែ​ឈ្មោះ​មួយ​ម៉ាត់​ចុងក្រោយ​របស់​គេ​ដែល​ធ្លាប់​តែ​លឺ​មិត្តភ័ក្ដិ​គេ​ហៅ​ក៏ដោយ។ អ្វីៗ​ទាំងអស់​នេះ​ធ្វើ​អោយ​ខ្ញុំ​គិត​ថា​វា​ពិតជា​ព្រហ្ម​លិខិត​ពិតមែន។
 
ខ្ញុំ​ក៏​ចាប់​ផ្ដើម​គិត​ពី​គេ​ម្ដង​ទៀត រួច​ក៏​រក​គណនី​ Facebookរបស់​គេ​តាម​ឈ្មោះ​ក្នុង​ Instagram របស់ គេ​ក៏បាន​ឃើញ​គេ​ហើយក៏​ដឹង​ថា​គេ​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​បរិញ្ញាបត្រ​នៅ​ចិន។ គេ​ពិតជា​សិស្ស​ពូកែ​ម្នាក់ ហើយក៏​រួសរាយ​ដែរ។
 
ក្រោយ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ Add friend ទៅ​​គេ​ប៉ុន្តែ​គេ​មិនបាន ​Confirmនោះ​ទេ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​profileរបស់​គេ​ក៏​ចាប់​ផ្ដើម​ដាក់ ​private ខ្ញុំ​ក៏​លែង​ឃើញ​postថ្មី​ៗ​របស់​គេ​ទៀត​ដែរ។ ដោយ​រង់ចាំ​ជាច្រើន​សប្ដាហ៍​មិន​ឃើញ​confirmខ្ញុំ​ក៏​សម្រេច​ចិត្ត cancel request។
 
មូលហេតុ​ជាច្រើន​ដែល​ខ្ញុំ​គិត​ថា​គេ​មិន​confirm ព្រោះ​ប្រហែលជា​គេ​មិន​ស្គាល់​ខ្ញុំ​ទេ ប៉ុន្តែ​ហេតុ​អី​អ្វី​ៗ​ទើប​តែ​មក​ក្លាយ​ជា​privateនៅ​ពេល​ខ្ញុំ​addគេ​ក្នុង​ Facebook ទៅ​វិញ? សូម្បីតែ​ក្នុង​ Instagramក៏​ទើបតែ​privateដែរ។ នេះ​ធ្វើ​អោយ​ខ្ញុំ​គិត​ថា​ប្រហែលជា​គេ​ចំណាំ​មុខ​ខ្ញុំ​ប៉ុន្តែ​មិន​ចង់​អោយ​ខ្ញុំ​ឃើញ​ពី​រឿងរ៉ាវ​របស់​គេ។ ប៉ុន្តែ​ក៏​អាច​ថា​គេ​មិន​ស្គាល់​ខ្ញុំ​តែ​ម្ដង ហើយ​profileគេ​ដាក់​private វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ភាព​ឯកជន​របស់​មនុស្ស​ម្នាក់ៗ ព្រោះ​សូម្បីតែ​ខ្ញុំ​ក៏​ដាក់​privateដែរ។

 

ក្រោយ​ជួប​រឿងរ៉ាវ​ជាច្រើន និង​ភាព​ចៃដន្យ​ជាច្រើន​ឥលូវ​នេះ​ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា​ គេ​មិនបាន​ចាប់អារម្មណ៍​ខ្ញុំ​ទេ គឺ​គ្រប់​ពេល​ខ្ញុំ​គិត​តែ​ម្នាក់ឯង។ តែ​ក៏​ចង់​និយាយ​ថា​ហេតុ​អី​ពេលនោះ​កាយវិការ​របស់​អ្នក​ធ្វើ​អោយ​ខ្ញុំ​ច្រឡំ​យ៉ាង​នេះ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​ឆាប់​វាយ​តម្លៃ​ទៅលើ​រឿង​នេះ​ដោយ​គ្រាន់តែ​ទឹកមុខ​ ឬ​​កាយវិការ​នោះ​ទេ តែ​ទឹកមុខ​របស់​អ្នក​ដូចជា​ ដូច​ពេក​ហើយ។
 
ហើយក៏​ចង់​សូមទោស​ដល់​ម្នាក់​នោះ​ផង​ដែរ ករណី​បើសិនជា​គេ​ចំណាំ​មុខ​ខ្ញុំ​ហើយ​មិន​ចង់​អោយ​ខ្ញុំ​ឃើញ ឬ​ក៏​គិត​ថា​ការ ​Addរបស់ខ្ញុំ​រំខាន ក៏​សូមទោស​ហើយក៏​ពុំ​ចាំបាច់​ព្រួយបារម្ភ​ពី​រឿង​ហ្នឹង​អី ព្រោះ​ខ្ញុំ​នឹង មិន​រំខាន​អ្នក​ទេ។ ជូនពរ​អ្នក​ជោគជ័យ​ពេល​រៀន​អនុបណ្ឌិត​ចប់​ត្រលប់​មក​ខ្មែរ​វិញ៕

 

សូមទស្សនាវីដេអូសង្ខេប៖

 

 

អត្ថបទ៖ រតនា

ចុចអានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់

 

មានរឿងរ៉ាវ ចង់ចែក​រំលែក សូម​ផ្ញើមកកាន់​ e-mail: [email protected]
 
ព័ត៌មានបន្ថែមសូមទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧