មេ​ឈ្មួញ ឡុង ម៉េង ម៉ៅការ​ដឹកជញ្ជូន​ទំនិញ​ពី​ផែ​ថៅកែ​ស្រី​នៅ​ស្រុក​ស្ទឹងហាវ យ៉ាង​ពេញបន្ទុក​

លោក ឡុង ម៉េង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ផង​នោះ ត្រូវបាន​គេ​ដឹងថា​ជា​ឈ្មួញ​ម៉ៅការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​ពី​កំពង់ផែ​ថៅកែ​ស្រី​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ចូលមក​រាជធានី​ភ្នំពេញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​នាំចូល​តាម​កំពង់ផែ​ថៅកែ​ស្រី​នៅ​ស្រុក​ស្ទឹងហាវ​នោះ គឺជា​ទំនិញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​បង់ពន្ធ និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​បង់ពន្ធ​មិន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។ បញ្ហា​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ពិនិត្យ​ទង្វើ​មិន​ប្រក្រតី​របស់ លោក ឡុង ម៉េង ផងដែរ​ព្រោះ​មេ​ឈ្មួញ​រូបនេះ​ល្បី​ខាង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យូរ​មកហើយ​។ លើស​នេះ​ទៅទៀត លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ចាត់វិធានការ​ពិនិត្យមើល​សកម្មភាព​ដឹកទំនិញ​គេចពន្ធ​របស់​មេ​ឈ្មួញ ឡុង ម៉េង ជាបន្ទាន់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​នាំចូល​តាម​កំពង់ផែ​ម្ចាស់​ស្រី​មានដូចជា ស្រា​ថ្លៃៗ ស្រា​បៀរ​សិង្ហ ស្រា​បៀរ​លី​អូ គ្រឿងសំណង់ ព្រមទាំង​ទំនិញ​ចាប់ហួយ និង​គ្រឿងបន្លាស់​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ប្រភេទ​ទៀត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនិញ​នាំចូល​តាម​កំពង់ផែ​ថៅកែ​ស្រី ហើយ​ម៉ៅការ​ដឹកជញ្ជូន​ដោយ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ឡុង ម៉េង បង់ពន្ធ​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ឈ្មួញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។ នៅពេល​លើក​ទំនិញ​ចេញពី​កប៉ាល់​ឬ​ទូក​ធំៗ ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ឡុង ម៉េង ជា​អ្នក​ដឹកជញ្ជូន​តាម​រថយន្ត​តូចធំ​ពី​កំពង់ផែ​ចូលមក​រាជធានី​ភ្នំពេញ​យ៉ាង​រលូន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ប៉ះពាល់​ឡើយ​។

​ប្រភពពី​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ ឡុង ម៉េង បាន​ឲ្យ​ដឹងថា លោក ឡុង ម៉េង មាន​កប៉ាល់​ធំៗ​ជាច្រើន​គ្រឿង​សម្រាប់​ដឹកទំនិញ​ពី​ប្រទេស​សៀម​តាម​សមុទ្រ​ចូលមក​កំពង់ផែ​ថៅកែ​ស្រី​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ស្រែអំបិល ខេត្តកោះកុង​។ តាមរយៈ​ម៉ៅការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ធ្វើ​ឲ្យ​មេ​ឈ្មួញ ឡុង ម៉េង ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ល្បីល្បាញ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ សមត្ថកិច្ច​មួយចំនួន​នៅ​កំពង់ផែ​ថៅកែ​ស្រី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ក៏ដូចជា​សមត្ថកិច្ច​នៅ​កំពង់ផែ​ស្រែអំបិល ត្រូវគេ​ដឹងថា​មាន​ចំណែក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ ឡុង ម៉េង នាំចូល​ទំនិញគេចពន្ធ​និង​ម៉ៅការ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​រលូន​ច្រើន​ឆ្នាំ​មកហើយ​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មេ​ឈ្មួញ ឡុង ម៉េង បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

04-m-11 dfdwrgere