នគរបាលចាប់ខ្លួន បុរសម្នាក់ខណៈ យកពូថៅទៅដេញ កាប់គូទំនាស់ បង្កភាពភ្ញាក់ផ្អើល

កំពង់ឆ្នាំង៖ នៅទល់មុខហាងលក់ កាហ្វេមួយកន្លែង នៅផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បុរសម្នាក់ត្រូវបាន សមត្ថកិច្ចព័ទ្ធចាប់ខ្លួន ក្រោយពេលកាន់ពូថៅ ដេញកាប់គូទំនាស់ មិនបានសម្រេច កាលពីវេលាម៉ោង ៨និង១៥នាទី ព្រឹកថ្ងែទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

នគរបាលព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនល្មើសរូបនោះមានឈ្មោះ ហង្ស ខន អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ តាមចម្លើយ ជនល្មើសខាងលើ បានសារភាពថា ជារៀងរាល់ថ្ងៃរូបគេ តែងតែមកផឹកកាហ្វេ នៅហាងខាងលើនេះ ហើយតែងតែត្រូវឈ្មោះ គាំ បានវ៉ៃក្បាល ២-៣ដៃ លេង និងពេលខ្លះយកកែវ មកវ៉ៃក្បាលលេងទៀតផង ធ្វើអោយរូបគេឈឺក្បាល ឈឺចាប់ក្នុងចិត្ត និងខ្មាស់គេទៀតផង។ ទើបនៅព្រឹកកើតហេតុ រូបគេដឹងថាឈ្មោះ គាំ ពិតជាមកផឹកកាហ្វេ នៅហាងនេះជាពុំខាន ទើបសម្រេចចិត្ត យកពូថៅចេញពីផ្ទះ សំដៅទៅហាងកាហ្វេនេះ បំណងទៅកាប់ ឈ្មោះ គាំ អោយស្លាប់តែម្តង តែចៃដន្យឈ្មោះគាំ បានដឹងខ្លួន ក៏រត់ចេញពីហាង កាហ្វេឡើងជិះម៉ូតូ គេចខ្លួនបាត់។

នគរបាល បានបញ្ជាក់ទៀតថា បន្ទាប់ពីឈ្មោះ គាំ បានរត់ចេញទៅ ជនល្មើសខាងលើ បានស្រែកឡូឡា យកពូថៅគម្រាមគេឯងថា អាណាហ៊ានចូលអញកាប់ តែអញរកតែមុខអាគាំ ទេមកជម្រះបញ្ជីគ្នាម្តង។ ពេលនោះ សមត្ថកិច្ចបានទៅដល់ ហើយបម្រុងចូលទៅ លួមលោមយកពូថៅ តែត្រូវជនល្មើស យាពូថៅកាប់មក លើសមត្ថកិច្ច ឃើញដូច្នេះសមត្ថកិច្ច ព្រួតគ្នាសម្រុកចូល ចាប់ដកហូតពូថៅ ទាំងប្រថុយ ទើបចាប់ខ្លួនបានតែម្តង ។

ជនល្មើសរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធី៕

នគរបាលចាប់ខ្លួន បុរសម្នាក់ខណៈ យកពូថៅទៅដេញ កាប់គូទំនាស់ បង្កភាពភ្ញាក់ផ្អើល

នគរបាលចាប់ខ្លួន បុរសម្នាក់ខណៈ យកពូថៅទៅដេញ កាប់គូទំនាស់ បង្កភាពភ្ញាក់ផ្អើល