ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង និង​ចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោក​ព្រហ្ម ម៉ា​ញ បើករថយន្ត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​គេ​ចត​ចោល​នៅ​លើ​ផ្លូវ​សាធារណៈ​មិន​មាន​ដាក់​ចំណាំងផ្លាត​រុញ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ជ្រុល​ទៅ​បុក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត ដែល​អង្គុយ​ហូប​បាយ​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ កុម្ភៈ តាម​បណ្តោយ​ផ្លូវ​បេតុង​ចូល​ទៅ​ទួល​ពង្រ មុខ​ផ្ទះ​លេខ​២៧៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ ។

លោក​ព្រហ្ម ម៉ា​ញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​លោក​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​អូ​ឌី ពណ៌​ខ្មៅ  ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-5192  ទើប​ត្រឡប់​មក​ពី​ទារ​លុយ​គេ​នៅ​ទួល​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​ទារ​លុយ​អត់​បាន​ទេ ក៏​បើករថយន្ត​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ពី​ត្បូង​ទៅ​ជើង ពេល​មក​ដល់​ចំណុច​កើតហេតុ​ផ្ទះ​លេខ​១៧៤ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​គេ​ចត​ចោល​លើ​ផ្លូវ ដោយ​មិន​មាន​ដាក់​ចំណាំងផ្លាត ឬ​ភ្លើង​បំភ្លឺ​ជា​សម្គាល់​ឱ្យ​បានដឹង បូក​រួម​ទាំង​ផ្លូវ​នោះ​មាន​សភាព​ងងឹត​ផង ។

ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​វិញ​បានឱ្យ​ដឹង​ថា គាត់​ចត​រ៉ឺ​ម៉ក​អែប​ចិញ្ចើម​ផ្លូវ​ទៅ​ហើយ នៅ​តែ​មក​បុក​ទៀត ហើយ​បន្ត​ទៅ​បុក​ម្តាយ​គាត់​ដែល​អង្គុយ​ហូប​បាយ​នៅ​ក្បែរ​នោះ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទៀត​ផង ។

បើ​តាម​ប្រភព​ជុំវិញ​កន្លែង​កើតហេតុ​វិញ​ឱ្យ​ដឹង​ថា រថយន្ត​របស់​លោក​ព្រហ្ម​ម៉ា​ញ គឺ​បើក​ត្រូវ​ស្រប​តាម​ទិស​ដៅ​ចរ​ចរណ៍ ប៉ុន្តែ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ ដែល​ចត​បំពាន​ផ្លូវ ហើយ​ថែម​ទាំង​មិន​មាន​ដាក់​ចំណាំងផ្លាត ឬ​ភ្លើង​បំភ្លឺ​ទៀត មិន​ត្រឹមតែ​ចត​លើ​ផ្លូវ​ទេ ថែម​ទាំង​ចត​លយ​មក​លើ​ផ្លូវ​ថែម​ទៀត​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គ្រប់​គ្នា ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន ។ ចំណែក​លោក​ព្រហ្ម​ម៉ា​ញ​បាន​ព្យាយាម​និយាយ​សំរួល​ជាមួយ​ខាង​រ៉ឺ​ម៉ក​ម៉ូតូ ដោយ​សុំ​ស្មើគ្នា ព្រោះ​ខាង​លោក​ក៏​ខូច​រថយន្ត​ខ្លាំង​ដែរ ម្យ៉ាង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ តែ​ខាង​រ៉ឺ​ម៉ក​មិន​ព្រម​ទេ ហើយ​បានឱ្យ​ខាង​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕