Bayern រំពឹងខ្ពស់ក្នុងការទទួល​លទ្ធផល​វិជ្ជ​មាន​ពេល​ជួប Juventus

ក្រុម Bayern Munich នឹង​​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Turin ដើម្បី​ជួប​ជា​មួយនឹង​ក្រុម​ជើង​ឯក​រង​កាល​ពី​រដូវ​កាល​មុន Juventus ដោយ​​​រំពឹង​ទុក​ថា នឹង​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន​ត្រឡប់​ទៅផ្ទះ​វិញ ​ក្រោយ​ពី​​ក្រុម​យក្ស​អាល្លឺ​ម៉ង់​មួយ​នេះ​​បាន​គេ​ច​ផុត​ពី​បញ្ហា​ដោយ​សារ​តែ​ខ្សែ​ប្រយុទ្ធ Thomas Mueller ជួយ​ឲ្យ​ពួក​គេ​​ធ្វើ​ការ​វាយ​បក​ដើម្បី​ផ្តួល​ក្រុម Darmstadt ៣-១ កាល​ពី​ចុង​សប្តាហ៍​មុន​។

bayern-vs-juventusMueller បាន​ព្រមាន​ថា Bayern មិន​អាច​រំពឹង​ទុក​ថា នឹង​មាន​ឱកាស​គ្រប់​គ្រង​បាល់​៨១​ភាគ​រយ​ដូច​គ្នា​ក្នុង​ទីក្រុង Turin ដែល​បាន​អនុ​ញ្ញាត​ឲ្យ​ពួក​គេ​មាន​ឱកាស​ស៊ុត​បាល់​​៣៦​លើក​ទៅ​លើ​ទីរបស់​ក្រុម Darmstadt ឡើយ​។ Mueller បាន​ឲ្យ​ដឹង​ថា៖ «​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ មិន​មាន​លក្ខណៈ​ដូច​គ្នា​ជា​មួយ Juventus ឡើយ ខណៈ​ដែល​​យើង​​ពិត​ជា​​រីក​រាយ​ក្នុង​ការ​​ដណ្តើម​បាន​ជ័យ​ជម្នះ និង​ទទួល​បាន​បី​ពិន្ទុ​។ យើង​ត្រូវ​តែ​​លេង​ឲ្យ​បាន​រឹង​មាំ​ទៀត​ក្នុង​ទីក្រុង Turin ហើយ​​យើង​មិន​អាច​អនុ​ញ្ញាត​ឲ្យ​មាន​ឱកាស​ច្រើន​ឡើយ​»​។

Juventus ​កំពុង​មាន​កំណត់​ត្រា​​មិន​ស្គាល់​ចាញ់​​សោះ​ចំនួន​១៦​ជាប់​ៗ​គ្នា​ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្នុង​យុទ្ធ​នា​ការ​​នៅ​អឺ​រ៉ុប ខណៈ​ដែល​ការ​បរា​ជ័យ​លើក​ចុង​ក្រោយ​របស់​ពួក​គេ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ក្រោម​ស្នា​ដៃ​ក្រុម Bayern​។ ខ្សែ​ប្រយុទ្ធ Mario Mandzukic របស់ Juventus អាច​នឹង​ចូល​លេង​ក្រោយ​ពី​​ការ​អវត្ត​មាន​៣​​សប្តាហ៍​ដោយ​សារ​តែ​របួស ដើម្បី​​ជួប​ជា​មួយ​នឹង​អតីត​ក្រុម​របស់​គេ​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ីលី Arturo Vidal ក៏នឹង​ត្រូវ​ប៉ះ​ជា​មួយ​នឹង​ប៉ះ​អតីត​ក្លិប​របស់​គេ ផង​ដែរ ក្នុងពេល​ដែល​រូប​គេ​លេង​ឲ្យក្រុម Bayern​។ Vidal បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏ពិសេសមួយ ពីព្រោះ​ខ្ញុំ​មាន​ចំណង​ជាមួយនឹង Juventus ហើយ​ខ្ញុំ​ពិត​ជា​ដឹង​គុណ​ដល់​ពួក​គេ​។ ខ្ញុំ​មាន​រយៈ​ពេល​បួន​ឆ្នាំ​ដ៏​អស្ចារ្យ​នៅ​ទី​នោះ​។ ខ្ញុំ​​មាន​អារម្មណ៍​ដូច​ជា​នៅ​ផ្ទះ​មួយ​អ៊ី​ចឹង​។ អ្នក​គាំទ្រ និងក្លិប​នេះ​តែង​តែ​គាំ​ទ្រ​ដល់​ខ្ញុំ​»​​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បីលើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

11.04.13 Juventus 0-2 Bayern Munich
03.04.13 Bayern Munich 2-0 Juventus
09.12.09 Juventus 1-4 Bayern Munich