ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ប៉ៃលិន ៖ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដែល​ត្រូវ​គេ​យក​ទៅ​កប់​ថ្មី​ៗ​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង និង​មានការ​សង្ស័យ​ថា​ជា​សព​អ្នកជំនួញ​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​កាលពី​ជាង​១​អាទិត្យ​មក​ហើយ ខណៈ​ជន​រង​គ្រោះ​ជួបជុំ​មិត្តភក្តិ​ប្រុស​ស្រី​មាន​ខ្មែរ មាន​ថៃ​នៅ​ក្បែរ​កាស៊ីណូ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួច​ក៏​ឡើង​ជិះ​រថយន្ត​មួយ​គ្រឿង​ទៅ​បាត់​រហូត​មក ។

សព​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ នៅ​ចម្ការ​ដំឡូង​មី​របស់​អ្នក​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ហើយ​គេ​សង្ស័យ​ថា​ជា​សព​បុរស​ជនជាតិ​ថៃ​ឈ្មោះ សំនឹក ហៅ​សៀ​ទុំ អាយុ​ប្រហែល​៤៥​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​ឈ្មោះ សំនឹក បាន​បាត់​ខ្លួន​នៅ​ភូមិ​ផ្សារ​ព្រំ​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ ដោយ​ក្រុម​គ្រួសារ​តាម​ស្វែងរក​យ៉ាងណា​ក៏​មិនឃើញ ។ ការ​បាត់​ខ្លួន​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា គឺ​ដោយ​មិត្ត​ភ​កិ្ត​បបួល​ឱ្យ​ផឹកស្រា​រួច​សម្លាប់ តែ​ការ​សម្លាប់​នេះ​ជា​ការ​បំបិទមាត់​ឬ​ដោយ​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​បុរស​នេះ​ក៏​ជា​អ្នកជំនួញ​ម្នាក់​ដែរ​ក្រៅពី​ជា​បុគ្គលិក​កាស៊ីណូ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នោះ ខណៈ​ពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បាន​ទៅ​មើល​ចម្ការ ស្រាប់តែ​ឃើញ​សព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​គេ​យក​ទៅ​កប់​នៅ​ក្នុង​ដីចម្ការ​នោះ តែ​ការ​កប់​នោះ​គឺ​កប់​រាក់​ទេ លិច​តែ​ក្បាល​បែរ​ចូល​ទៅ​ក្នុង​ព្រៃ រីឯ​ជើង​លៀន​ចេញ​មក​ក្រៅ​រណ្តៅ ហើយ​ធុំក្លិន​ស្អុយ​យ៉ាង​ខ្លាំង ទើប​អ្នក​ប្រទះ​ឃើញ​នេះរ​ត់ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​ទៅ​ក្បែរ​កន្លែង​ប្រទះ​ឃើញ​សព​នោះ​ឡើយ ដោយ​រង់ចាំ​ស្ថានទូត​ថៃ និង​បងប្អូន​សាច់ញាតិ​មក​ជួបជុំ​គ្នា និង​រង់ចាំ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ទើប​អាច​គាស់​ពិនិត្យ​មើល​បាន ។

សូម​បញ្ជាក់​ថា បុរស​ជនជាតិ​ថៃ​ឈ្មោះ សំនឹក ហៅ សៀ​ទុំ បាន​បាត់​ខ្លួន​បន្ទាប់​ពី​ជួបជុំ​មិត្តភក្តិ​ជា​ជនជាតិ​ខ្មែរ​និង​ថៃ​ចំនួន​៤​ទៅ​៥​នាក់ ដោយ​ផឹកស៊ី​អស់​ស្រា​ប្រហែល​៤​ទៅ​៥​កំប៉ុង រួច​ក៏​ឡើង​ជិះ​លើ​រថយន្ត​មួយ​គ្រឿង​ចេញ​ទៅ​ទិស​ខាងជើង ហើយ​ក៏​បាត់​ស្រមោល​តាំងពី​ពេល​នោះ​មក ។

គេ​សង្ស័យ​ថា នេះ​ជា​ករណី​ឃាតកម្ម​កើតឡើង​ចំពោះ​ជន​រង​គ្រោះ ហើយ​ក្រុម​គ្រួ​សារបាន​យក​រូបថត​ដើរ​ស្វែងរក​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ខេត្ត​ប៉ៃលិន តែ​មិន​មាន​នរណា​ប្រទះ​ឃើញ​ទេ​។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ពេល​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​សព ទើប​មានការ​សង្ស័យ​ថា ជា​សព​បុរស​ថៃ​ដែល​បាត់​ខ្លួន​នេះ​។

តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា សាកសព​ត្រូវ​បាន​គាស់​មក​ពិនិត្យ និង​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ពិតជា​សព​លោក​សំ នឹក ពិតមែន​គឺជា​ឃាតកម្ម​គិត​ទុកជា​មុន ៕