ផលិតករ​ឡាំប៉ា ខណៈ​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” បែក​ធ្លាយ​ឈុត​ខ្លះ​សប្ដាហ៍​មុន

ផលិតករ​ឡាំប៉ា ខណៈ​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” បែក​ធ្លាយ​ឈុត​ខ្លះ​សប្ដាហ៍​មុន

ផលិតករ សុខ វិសាល បាន​បង្ហាញ​ចេតនា​ចង់​ប្ដឹង​ផ្ដល់​​ទារ​សំណង​ជំងឺ​ចិត្ត បន្ទាប់​ឈុត​ខ្លះ​នៃ​ភាពយន្ត​របស់​លោក គឺ​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ត្រូវ​បាន​បែក​ធ្លាយ​ឈុត​ឆាក​ខ្លះ​ៗ​កាល​ពី​សប្ដាហ៍​មុន។

 

ឈុត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដែល​បង្ហាញ​ពី​តារា​សម្ដែង អ៊ុន សិទ្ធា សម្ដែង​ជា​តួអង្គ​មាន​ចរិត​ច្រឡឺម ឈ្លើយ​កម្រ​ឃើញ​នោះ ត្រូវ​បាន​បញ្ចេញ​ដោយ​ទំព័រ​មួយ​នៃ​បណ្ដាញ​សង្គម “ភូមិ​យើង​សប្បាយ” ដោយ​មិន​មាន​ការ​បញ្ជាក់​ថា​ជា​ឈុត​ក្នុង​រឿង​អ្វី​ឡើយ ប៉ុន្តែ​មាន​មនុស្ស​រាប់​ពាន់​ម៉ឺន​នាក់​បាន​ឃើញ និង​ចែក​ចាយ​បន្ត​ឲ្យ​គ្នា។

 

ផលិតករ​ឡាំប៉ា ខណៈ​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” បែក​ធ្លាយ​ឈុត​ខ្លះ​សប្ដាហ៍​មុន

 

ឈុត​​នៃ​រឿង “ប៉ុបពី” ទៅ​ហូលីវូដ ដែល​លេច​ធ្លាយ

 

ប្រការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ លោក អ៊ុន សិទ្ធា ដែល​ជា​តួ​សម្ដែង​ក្នុង​ឃ្លិប​វីដេអូ​ដែល​លេច​ធ្លាយ​នោះ ក៏​បាន Share ជាមួយ​ការ​បញ្ជាក់​ថា ជា​ឈុត​របស់​លោក​ក្នុង​រឿង “ប៉ុបពី​ទៅ​ហូលីវូដ” ទៀត​ផង។ បើ​ទោះ​មាន ប្រិយមិត្ត​ភាគ​ច្រើន​សរសើរ​ថា​គួរ​អោយ​ចាប់​អារម្មណ៍ ប៉ុន្តែ​ផលិតករ​លោក សុខ វិសាល អះអាង​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពយន្ត​ទាំង​មូល​របស់​លោក។

 

សាទរ​នឹង​ប្រតិកម្ម​របស់​លោក សុខ វិសាល ប្រិយមិត្ត​មួយ​ចំនួន​ក៏​បាន​បន្ទោស​ទៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នោះ​ដែរ ដូច​ប្រិយមិត្ត​ម្នាក់ បាន​សរសេរ​ថា “រឿង​របស់​គេ​ថត​រាប់​ម៉ឺន​ដុល្លារ មិន​ទាន់​ចេញTrailerផង ចេះ​តែ​ធ្លាយ​យក​មក​បង្ហោះ​ផ្ដេសផ្ដាស។ ប្រយ័ត្ន​អ្នក​បង្ហោះ និង​អ្នក​កាន់​ឯកសារ​វីដេអូ នាំ​រឿង​ដាក់​ខ្លួន​ហើយ”។

 

ផលិតករ​រឿង “គ្រាប់​ពេជ្រ” ថ្លែង​ថា “រឿង​សរសើរ​ជា​រឿង​របស់​ប្រិយមិត្ត ប៉ុន្តែ​គាត់(ម្ចាស់​ផេក) ដែល​ជា​អ្នក​បញ្ចេញ​វីដេអូ​នោះ ត្រូវ​តែ​មាន​ទោស។ យើង​កំពុង​ត្រៀម​ចេញ​វីដេអូ Trailer ឆាប់​ៗ​នេះ ដល់​គាត់​ធ្វើ​អីចឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផែន​ការ​របស់​យើង អីចឹង​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ”។

 

លោក​បន្ត​ថា លោក​មិន​ទាន់​ដឹង ថា​ឈុត​មួយ​នៃ​រឿង​របស់​លោក​នេះ ត្រូវ​បែក​ធ្លាយ​តាម​រយៈ​ណា​ទេ ប៉ុន្តែ​លោក​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ ក្នុង​នោះ​មួយ​ផ្នែក គឺ​ពិនិត្យ​លើ​ផ្ទៃ​ក្នុង​របស់​លោក និង​មួយ​ផ្នែក​ទៀត កំពុង​ធ្វើ​ការ​ជាមួយ​ទំព័រ​នៃ​បណ្ដាញ​សង្គម​ខាង​លើ។ “យើង​បាន​ព្យាយាម​ជា​ច្រើន​ដង​ទាក់​ទង​ទៅ​គាត់ តែ​គាត់​មិន​ឆ្លើយ…បើ​គាត់​នៅ​តែ​មិន​ឆ្លើយ។ គាត់​អាច​រើស​យក​ជម្រើស​នេះ តែ​យើង​នឹង Report ទៅ Facebook ហើយ Page គាត់​អាច​ប្រឈម​នឹង​ការ​បិទ”។ លោក សុខ វិសាល បញ្ជាក់។

 

រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ តាម​លោក សុខ វិសាល រឿង “ប៉ុបពី​ទៅ​ហូលីវូដ” របស់​លោក គ្រោង​បញ្ចេញ Trailer ក្នុង​សប្ដាហ៍​នេះ នឹង​គ្រោង​ដាក់​បញ្ចាំង​ទស្សនា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

 

អត្ថបទ៖ ទារិកា