ព្រៃ​លិច​ទឹក​នៅ​ភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កំពុង​ត្រូវ​ឈ្មោះ ញ៉ា​ញ ស៊ីថន បំផ្លាញ​

ប្រជាពលរដ្ឋ​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ព្រៃកោងកាង និង​ប្រភេទ​ដើមឈើ​ក្នុងព្រៃ​លិច​ទឹកជា​ច្រើន​ប្រភេទ​ទៀត កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ហិនហោច​ដោយសារតែ​ឈ្មោះ ញ៉ា​ញ ស៊ីថន ប្រើប្រាស់​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង​ដឹក​ដី​ទៅ​ចាក់​លុប​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អភិបាលក្រុង​ព្រះសីហនុ និង​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ដោយហេតុថា បើតាម​ដឹង​ឈ្មោះ ញ៉ា​ញ ស៊ីថន ជា​អ្នកទទួលបាន​សិទ្ធិ​ក្នុង​ការស្ដារ​អូរ​ធម្មជាតិ​ដែល​កំពុង​គោក​រាក់​ដើម្បី​រំដោះ​ទឹក​ជន​លិច​ក្នុង​រដូវវស្សា ប៉ុន្តែ​ជាក់ស្តែង​ឈ្មោះ ញ៉ា​ញ ស៊ីថន បែរជា​ដឹក​ដី​ទៅ​ចាក់​លុប​ព្រៃកោងកាង​លិច​ទឹក​យ៉ាង​គឃ្លើន​ទៅវិញ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​លេខ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ឈ្មោះ ញ៉ា​ញ ស៊ីថន ហាក់ដូច​ជាមាន​ចេតនា​ឆ្លៀតឱកាស​អនុវត្តន៍​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត​ក្នុង​ការស្ដារ​អូរ​ធម្មជាតិ ដើម្បី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​។ នៅពេលដែល​ប្រជាពលរដ្ឋ​ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​បញ្ហា​នេះ លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ព្រះសីហនុ បាន​អះអាងថា សកម្មភាព​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​និង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើនេះ ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល​ចុះទៅ​ហាមឃាត់​រួចហើយ មិន​អនុញ្ញាត​ឲ្យ​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​តទៅទៀត​ទេ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមច្បាប់​ទៅលើ​ឈ្មោះ ញ៉ា​ញ ស៊ីថន ព្រោះ​សាលាខេត្ត​តម្រូវ​ឲ្យ​ស្ដារ​អូរ​ធម្មជាតិ មិនមែន​អនុញ្ញាត​ឲ្យ​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​និង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅក្នុង​ភូមិ​លេខ​៦​ឡើយ​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ លោក មុត សុធា​រិ​ទ្ធ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការស្ដារ​អូរ​ធម្មជាតិ​នាំ​ឲ្យ​កើតមាន​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​គេ​អាចមាន​វិធី​ផ្សេង​ក្នុងការ​ស្ដារ​អូរ​ដែល​មិន​បង្ក​ផលប៉ះពាល់​ព្រៃ​លិច​ទឹក​។ ដូច្នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់ ព្រោះ​ការចាក់ដី​លុប​ព្រៃ​លិច​ទឹក​និង​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​របស់​ឈ្មោះ ញ៉ា​ញ ស៊ីថន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​។ ម្យ៉ាងទៀត​នៅក្នុង​ទឹកដី​ភូមិ​ទី​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ តាំងពីដើម​មក​មិនដែល​មានការ​ស្ទះ​ចរន្តទឹក​ហូរ​នោះទេ ព្រោះ​ព្រៃ​លិច​ទឹក​មាន​ទំហំ​ធំ​អាច​ទទួល​លំហូរ​ទឹក​ពី​គ្រប់ទិសទី​ចាក់​ចូលទៅក្នុង​សមុទ្រ​។ សកម្មភាព​របស់​ឈ្មោះ ញ៉ា​ញ ស៊ីថន គឺជា​ចេតនា​អាក្រក់​ក្នុងការ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ ហេតុនេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕

KA-21-02-2016-06 KA-21-02-2016-08 KA-21-02-2016-09 KA-21-02-2016-05