ក្នុង​បឹង​ទន្លេសាប​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល​

ប្រជា​នេសាទ​ក្នុងភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ បទល្មើស​នេសាទ​ប្រើ​អួន​កែច្នៃ​និង​បទល្មើស​ប្រើ​ឧបករណ៍​ឆក់ កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ប្រជា​នេសាទ​បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កណ្ដៀង ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ជនល្មើស​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ភូមិ​កោះ​ក្អែក បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​តែម្តង ហើយ​អ្នកប្រព្រឹត្ត​ភាគច្រើន​ជា​ជនជាតិ​យួន​ដែល​ប្រើ​អួន​កែច្នៃ​ភ្ជាប់​ជាមួយ​ឧបករណ៍​ឆក់​ដើម្បី​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនជាតិ​យួន​បាន​ប្រើ​អួន​កែច្នៃ​៤​វង់​ភ្ជាប់​ជាមួយ​ឧបករណ៍​ឆក់​ធ្វើ​សកម្មភាព​នៅត្រង់ចំណុច​មុខ​ជ្រោយ​ផាត់​សណ្ដោង​ខាងលិច​ដងគោម​ទី​៤ នៃ​ឡូត៍​នេសាទ​លេខ​៦​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​។ នៅពេល​ឃើញ​ហេតុ​ការ​នេះ​ប្រជា​នេសាទ​បាន​រាយការណ៍​ទៅ​លោក ភុ​ន វណ្ណា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កណ្ដៀង ប៉ុន្តែ​លោក ភុ​ន វណ្ណា និង​មន្ត្រ​ក្រោម​ឱវាទ​មិនអាច​ចាត់វិធានការ​បង្ក្រាប​ជនជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បានឡើយ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​រដូវ​បើក​នេសាទ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៥ រហូតមកដល់​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ករណី​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​នេសាទ​ត្រី​បានកើត​ឡើងជា​បន្តបន្ទាប់​។ នៅពេល​ឃើញ​ជនជាតិ​យួន​ប្រព្រឹត្ត​បទល្មើស ប្រជា​នេសាទ​ខ្មែរ​តែងតែ​រាយការណ៍​ទៅ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ ជាពិសេស​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ប្រការ​នេះហើយ​ទើប​ប្រជា​នេសាទ​ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កណ្ដៀង ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​ជនល្មើស​ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​៕

ឯឧ.ម៉ៅ-ធនិនលោក ម៉ៅ​ ធនិន អភិបាលខេត្តពោធិ៍សាត់ sabc-4