បទល្មើស​ឧក្រិដ្ឋ​៖ លួច​មាន​ស្ថាន​ទម្ងន់​កើន ឃាតកម្ម​ថយ និង​រំលោភ​ផ្លូវភេទ​កើន​

​ក្រុមប្រឹក្សា​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» របស់​ក្រសួងមហាផ្ទៃ បានបង្ហាញ​របាយការណ៍​បូកសរុប​របស់ខ្លួន​ប្រចាំឆ្នាំ​២០១៥ ដោយ​គិតពី​ថ្ងៃទី​២០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា​។ ក្នុងចំណោម​របាយការណ៍​ដ៏​លំអិត​នោះ គេ​សង្កេតឃើញថា បទល្មើស​ឧក្រិដ្ឋ​បាន​កើតឡើង​ចំនួន​៧៥១​លើក ខណៈ​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៤ មាន​៧១៦​លើក (​កើន​៣៥​លើក​ស្មើនឹង​៥​ភាគរយ​)​។

​ស្ថិតិ​បទល្មើស​ឧក្រិដ្ឋ​ទូទាំងប្រទេស បានបង្ហាញ​ឲ្យ​ឃើញថា លួច​មាន​ស្ថាន​ទម្ងន់ ឃាតកម្ម រំលោភ​សេពសន្ថវៈ នៅតែ​ជា​ករណី​ដ៏​គួរ​ឲ្យ​ព្រឺក្បាល និង​ភ័យខ្លាច​បំផុត​នៅក្នុង​សង្គម​កម្ពុជា​។ ករណី​ទាំងបី​នេះ សុទ្ធតែ​បានកើត​ឡើង​ជាង​២០០​លើក​ក្នុង​មួយឆ្នាំៗ ។ នេះ​បើតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ក្រុមប្រឹក្សា​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ។​

​ករណី​លួច​មាន​ស្ថាន​ទម្ងន់ បានកើត​ឡើង​២៧៩​លើក​ក្នុង​ឆ្នាំ​២០១៥ ដោយ​កើន​២៨​លើក​ស្មើ​១១​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​របាយការណ៍​ឆ្នាំ​២០១៤ ។ ឃាតកម្ម​បានកើត​ឡើង​ចំនួន​២០០​លើក ដោយ​ទាប​ជាង​ឆ្នាំ​២០១៤ ចំនួន​១៣​ករណី (​ថយ​៦​ភាគរយ​)​។

​ករណី​រំលោភ​សេពសន្ថវៈ មានការ​កើនឡើង​ពី​២២៦ ទៅ​២៥៣​លើក ពោលគឺ​កើន​១២​ភាគរយ ខណៈ​រំលោភ​សម្លាប់​មាន​៤​លើក​ក្នុង​ឆ្នាំ​២០១៥ រីឯ​ឆ្នាំ​២០១៤ មាន​៦​លើក​។​

​គ្មាន​ករណី​ណាមួយ​ទាក់ទង​នឹង​ការ​បង្ខាំង​ជំរិត​យកប្រាក់​ឡើយ​ក្នុង​ឆ្នាំ​២០១៥ ខណៈ​កាលពី​ឆ្នាំ​២០១៤ មាន​៦​លើក​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ មាន​រហូតដល់​ទៅ​៨​លើ់ក​ក្នុង​ឆ្នាំ​២០១៤ ខណៈ​ឆ្នាំ​២០១៤ មានតែ​១​លើក​ប៉ុណ្ណោះ​។​

​បទល្មើស​ឧក្រិដ្ឋ​ផ្សេងទៀត​រួមមាន បោក និង​បង្កៃគ្រាប់ (១​លើក​ក្នុង​ឆ្នាំ​២០១៥ និង​៩​លើក​ក្នុង​ឆ្នាំ​២០១៤ ) ជះ​ទឹក​អាស៊ីត (៥​លើក​ក្នុង​ឆ្នាំ​២០១៥ និង​២​លើក​ក្នុង​ឆ្នាំ​២០១៤ ) ជួញដូរ​ប្រាក់​ដុល្លា​ក្លែងក្លាយ ១​លើក​ក្នុង​ឆ្នាំ​២០១៥ និង​២​លើក​ក្នុង​ឆ្នាំ​២០១៤ )​។​

​ទាក់ទង​នឹង​ការខូចខាត របាយការណ៍​បាន​បង្ហាញថា មាន​មនុស្ស​សរុប​២៤១​នាក់​ស្លាប់ ៧៩៤​នាក់​របួស ៣៤៤​នាក់​បាន​រងគ្រោះ បាត់​ម៉ូតូ​៤០២​គ្រឿង ខូចខាត​រថយន្ត​២១​គ្រឿង និង​ខាតបង់​សម្ភារ មាសប្រាក់​មួយចំនួនទៀត​៕

ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​