ប្រជាពលរដ្ឋ ប្រទះឃើញ សាកសព ក្មេងស្រីម្នាក់ អណ្តែតទឹកស្ទឹង

ភ្នំពេញ៖ សាកសពក្មេងស្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញអណ្តែតទឹកស្ទឹង នៅចំណុចត្រង់ដើមស្តី ស្ថិតក្នុងភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់កាល ពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

យោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ប្រជាពលរដ្ឋម្នាក់នៅ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ពួកគាត់បានដើរទៅងូតទឹកស្ទឹង លុះទៅដល់ចំណុច ខាងលើ ស្រាប់តែប្រទះឃើញសាកសព ក្មេងស្រីម្នាក់អណ្តែតទឹក ហើយក៏នាំគ្នាភ្ញាក់ផ្អើលជួយចុះស្រង់ សាកសពក្មេងស្រីនោះ យកមកដាក់លើគោក រួចក៏ផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្យា អំពីហេតុការណ៏នេះ ។

លោកនាយប៉ុស្តិ៍នគរបាលស្យា បានប្រាប់ឱ្យដឹងដែរថា ដោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ភ្លាមៗនោះ សមត្ថកិច្ចបានស្រាវជ្រាវរក អាណាព្យាបាលជាបន្ទាន់ ដើម្បីជូនដំណឹងអំពីរឿងហេតុខាងលើ។ លោក នី ត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានរៀបរាបប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុក្មេងរងគ្រោះឈ្មោះ សោម បញ្ញា ភេទស្រី អាយុ៦ឆ្នាំ បានជិះកង់បាត់ពីផ្ទះអស់រយៈពេល ពេញមួយថ្ងៃ គឺថ្ងៃទី២១កុម្ភៈ គាត់និងប្រពន្ធ ឈ្មោះ ចន្ថា បានដើររកកូនរបស់គាត់ដែរ តែរកមិនឃើញ ហើយនិយាយប្រាប់ អ្នកជិតខាងថា កូនរបស់គាត់មានភិនភាគខ្មៅស្រអែម កំពស់១,២ម៉ែត្រ ពាក់អាវស ស្លៀកខោពណ៌ផ្កាឈូក ជិះកង់ពណ៌ក្រហម ប្រសិនបើឃើញភិនភាគ ដូចដែរគាត់បានរៀបរាប់នេះ សូមផ្តល់ដំណឹងឱ្យពួកគាត់ផង ។

លុះថ្ងៃទី២២សមត្ថកិច្ចបាន ផ្តល់ដំណឹងអំពីការស្លាប់ របស់ក្មេងរងគ្រោះ ឈ្មោះ សោម បញ្ញា បុរសជាឪពុក និងម្តាយ បាននាំគ្នាទៅមើលឃើញកូន របស់ស្លាប់ដូចដែល សមត្ថកិច្ចប្រាប់មែន។ បើតាមការ សន្និដ្ឋានរបស់សមត្ថកិច្ចក្មេង រងគ្រោះជិះកង់ធ្លាក់ទឹកហើយ មិនចេះហែល ទើបបណ្តាល ឱ្យស្លាប់បែបនេះ៕

ប្រជាពលរដ្ឋ ប្រទះឃើញ សាកសព ក្មេងស្រីម្នាក់ អណ្តែតទឹកស្ទឹង