ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​

បទល្មើស​ផ្សេងៗ​ដូចជា គ្រឿងញៀន អំពើចោរកម្ម និង​ល្បែងស៊ីសង​ជាដើម កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្តក្រចេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​បទល្មើស​គ្រឿងញៀន​បន្ត​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​ព្រៃឈើ​មានការ​ថយចុះ ប៉ុន្តែ​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​អំពើចោរកម្ម ល្បែងស៊ីសង គឺ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​។

​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល បង្ក្រាបបាន​២​ករណី​ផ្សេងគ្នា​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ក្រុម​អ្នកប្រើប្រាស់​គ្រឿងញៀន​តែង​បង្កបញ្ហា​ផ្សេងៗ​ឥតឈប់ឈរ ជាពិសេស​អំពើចោរកម្ម​លួច​ឆក់​ប្លន់​។ ជាក់ស្តែង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ស្រុក និង​នគរបាល​ឃុំ បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ នៅ​ចំណុច​ស្ទឹង​ខៀវ ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ដកហូត​វត្ថុតាង​បាន​យ៉ាងច្រើន​។

នៅវេលា​ម៉ោង​១២​និង​១០​នាទី​រំលងអធ្រាត្រ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នោះដែរ កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្នួល បាន​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​ជួល​មួយកន្លែង​ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ឃាត់ខ្លួន​ជនល្មើស​២​នាក់​ថែមទៀត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ទើរតែ​អស់ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​រក្សាទុក​សន្តិសុខ​សង្គម ព្រោះ​បទល្មើស​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ ក៏ដូចជា​នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល​ជាដើម បាន​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ផងដែរ ព្រោះ​បច្ចុប្បន្ននេះ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​៕

លន់-សុផាតលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះd-snoul-500x375 d-snoul1-375x500