លោក អេង ឆៃអ៊ាង ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល​ចាប់ពី​ថ្ងៃទី ២២​ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា ចុះទៅពិនិត្យ អង្កេត ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ហើយ​ជួប​ជាមួយ​គណៈ​អភិបាលខេត្ត​ទាំងពីរ​ផងដែរ​។ ការចុះ​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​នៅ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ភាពយុត្តិធម៌ គឺធ្វើឡើង​ស្របពេល​ដែល​ទំនាស់​ដីធ្លី​នៅ​បន្ត​អូសបន្លាយ​នៅឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក អេង ឆៃអ៊ាង ដែលជា​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ង្គ្រោះ​ជាតិ​ដែរ​នោះបាន​ពន្យល់ថា នៅ​ខេត្តបាត់ដំបង មានទំនាស់​ដីធ្លី ៣​ករណី ដែល​បាន​ប្តឹង​មក​រដ្ឋសភា និង​នៅ​ខេត្ត​បន្ទាយ​ជ័យ មានទំនាស់​ដីធ្លី ៦​ករណី ដែល​បាន​ប្តឹង​មក​រដ្ឋសភា​ផងដែរ ។ ទំនាស់​ដីធ្លី ទាំង ៩ ករណី នេះ រដ្ឋសភា​បាន​បញ្ជូនទៅ​ឲ្យ​អាជ្ញាធរខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ដោះស្រាយ​ជា​យូរ​ខែ​ហើយ តែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ ។​

កាលពីពេល​ថ្មីៗ​នេះ គណៈកម្មការ​សិទ្ធិមនុស្ស ទទួលបន្ទុក​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ ចំនួន​១៦​គ្រួសារ រស់នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី នៅ​នៅ​វិមាន​រដ្ឋសភា​។​

​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​ខាងលើនេះ លោក អេង ឆៃអ៊ាង ក្នុងនាម​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​បាន​បញ្ជាក់ថា ប្រសិនបើ​ការដោះស្រាយ​ដោយមាន​ខាង​រដ្ឋសភា​ជា​អ្នកសម្របសម្រួល​មិន​ទទួលបាន​ជោគជ័យ​ទេនោះ រដ្ឋសភា​នឹង​បញ្ជូន​សំណុំ​ឯកសារ​ទាំងអស់នេះ ទៅខាង​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បន្ត​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​។​

គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​តំណាងរាស្ត្រ​របស់ខ្លួន​ត្រូវគេ​សង្កេតឃើញថា​បាន​ខិតខំ​ប្រឹងប្រែង​តាម​គ្រប់​មធ្យោបាយ​ស្របច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជាតិ ពិសេស​ទាំង​ក្របខ័ណ្ឌ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្របខ័ណ្ឌ​គណៈកម្មការ​ជំនាញ​នៅក្នុង​រដ្ឋសភា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថាបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដោះស្រាយ​បញ្ហា​នៅក្នុង​សង្គម​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​ពេលបច្ចុប្បន្ន​៕

12743721_1039371452794269_6441701062711508258_n 11666102_1039371442794270_7234191031991752873_n